អន្តរជាតិ
សិង្ហបុរី ស៊ើបអង្កេតទៅលើការកើនឡើងករណីជំងឺគ្រុនពោះវៀន រូបភាព AFP
×
ដោយ៖ ឈួន ឈីវអ៊ីង
អាជា្ញធរសិង្ហបុរី កំពុងស៊ើបបអង្កេតពីមូលហេតុដែលបង្កឲ្យមានការផ្ទុះឡើងនៃជំងឺគ្រុនពោះវៀន នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
គិតត្រឹមថ្ងៃទី ១៦ សីហា ក្រសួងសុខាភិបាលសិង្ហបុរីបានកត់សម្គាល់ពីករណីជំងឺគ្រុនពោះវៀនចំនួន១៨ករណី ក្រោយការវិនិច្ឆ័យរោគសញ្ញាតាំងពីថ្ងៃ ១៣ កក្កដា រហូតដល់ថ្ងៃទី ០៤ សីហា។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល និងភ្នាក់ងារចំណីអាហារសិង្ហបុរី ដែលផ្សាយដោយទូរទស្សន៍ Channel NewAsia ។
អ្នកជំងឺទាំង ១៨នាក់នោះត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយ ១៤នាក់មានអាការៈធូរស្បើយឡើងវិញហើយ។ ក្នុងការស៊ើបអង្កេតនេះ ជនរងគ្រោះផ្ទាល់ត្រូវបានសាកសួរពីទីកន្លែងបរិភោគចំណីអាហារ ក្នុងគោលបំណងតាមដានរកប្រភពអាហារ និងប្រមូលយកទៅធ្វើពិសោធន៍។ ចំណែកឯ សមាជិកនៅក្នុងផ្ទះអ្នកជំងឺ ត្រូវធ្វើតេស្តនិងទទួលយកការព្យាបាល ប្រសិនបើពួកគេមានរោគសញ្ញានៃជំងឺគ្រុនពោះវៀននេះ។
ជំងឺគ្រុនពោះវៀន គឺបង្កឡើងដោយបាក់តេរី ម្យ៉ាងឈ្មោះ Salmonella Typhi និងឆ្លងតាមរយៈការបរិភោគអាហារ ឬទឹកកខ្វក់ រួមចាន និងកែវជាមួយអ្នកជំងឺ។ ចំណីអាហារដែលអាចចាត់ទុកថាជា ចំណីអាហារមានបាក់តេរី មានដូចជា អាហារឆៅ មាន ទឹកដោះគោ គ្រឿងសមុទ្រ បន្លែ ផ្លែឈើ និងម្ហូបដែលឆ្អិនស្រាប់ៗ។ អ្នកដែលមានជំងឺគ្រុនពោះវៀនជាធម្មតា មានអាការៈក្តៅខ្លួនរយៈពេលយូរ និងអាចមានរោគសញ្ញាផ្សេងទៀតដូចជា ឈឺក្បាល ឈឺខ្លួន ក្អួតចង្អោរ និងអាចរាគ ឬទល់លាមក។
សម្រាប់ការព្យាបាលវិញ អ្នកជំងឺគ្រុនពោះវៀន ត្រូវបានព្យាបាលដោយប្រើថ្នាំផ្សះ (អង់ទីប៊ីយ៉ូទិក) ហើយអ្ន្នកដែលមានអាការៈក្តៅខ្លួន គួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល និងភ្នាក់ងារចំណីអាហារសិង្ហបុរី បានបន្ថែមទៀតថា វិធីបង្ការ គឺត្រូវលាងដៃឲ្យបានស្អាត និងចម្អិនម្ហូបអាហារប្រកបដោយអនាម័យ។
លើសពីនោះ វិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺគ្រុនពោះវៀនមានច្រើនទៀតដូចជា ការលាងនិងចិតសំបកផ្លែឈើ់ ឬបន្លែឲ្យបានស្អាតមុនទទួលទាន, ចម្អិនអាហារឲ្យបានឆ្អិនល្អ និងការចៀសវាងអាហារឆៅ ដូចជា ទឹកដោះគោឆៅ ឬអាហារដែលធ្វើពីទឹកដោះគោឆៅជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com