អន្តរជាតិ
Facebook និង Twitter ចោទ​ចិន​ថា ធ្វើ​យុទ្ធនាការ​អន​ឡាញ​ដើម្បី​បង្ខូច​បាតុកម្ម​ហុងកុង​
20, Aug 2019 , 4:10 pm        
រូបភាព
បាតុករហុងកុង។ រូបភាព AFP
បាតុករហុងកុង។ រូបភាព AFP
​នៅ​ថ្ងៃទី​១៩ ខែសីហា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Facebook និង Twitter បាន​ចោទ​ចិន​ចំៗ​ថា នៅ​ពីក្រោយ​យុទ្ធនាការ​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​បង្កាច់បង្ខូច​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំងពីរ បាន​លុបចោល​គណនី ទំព័រ និង​ក្រុម​ជាច្រើន​ដែលមាន​ប្រភពពី​ទឹកដី​ចិន ហើយ​ត្រូវបាន​ប្រើប្រាស់​ក្នុង​គោលដៅ​មិនល្អ សាបព្រោះ​ការបែកបាក់​ក្នុងសង្គម ហើយ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ប៉េកាំង​ដោយផ្ទាល់​។​

 
​ទន្ទឹមនឹង​ការ​សម្ញែង​សាច់ដុំ​យោធា​ដើម្បី​គំរាម​បាតុករ​ហុងកុង ទីក្រុង​ប៉េកាំង​ក៏​ធ្វើ​យុទ្ធនាការ​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ប្រឆាំង​បាតុកម្ម​ផង​នេះ​។ នេះ​បើតាម​ការរកឃើញ​រប​ស់​ក្រុមហ៊ុន Facebook និង Twitter ដែល​អះអាងថា កម្មវិធី​របស់ខ្លួន ត្រូវបាន​ប្រើប្រាស់​ដោយ​យុទ្ធនាការ​មួយ​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុងការ​បង្កាច់បង្ខូច​បា​តុ​កម្ម​ហុងកុង​។ 
 
​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែសីហា បណ្ដាញ​សង្គម Facebook ប្រកាស​ពី​ការលុបចោល​គណនី​ចំនួន​ជិត​មួយ​ពាន់​ដែលមាន​ទំនាក់ទំនង​ជាមួយ​យុទ្ធនាការ​របស់​ចិន ខណៈ Twitter ក៏បាន​បិទ​ចោល​គណនី​ចំនួន​ជាង​ពីរ​សែន​ផងដែរ មុននឹង​គណនី​ទាំងនេះ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុមហ៊ុន Twitter អះអាងថា គណនី​ដែល​បាន​បិទ​ចោល​នេះ មានបំណង​សាបព្រោះ​នយោបាយ​បង្ក​ការបែកបាក់​នៅ​ហុងកុង រាប់ទាំង​ការធ្វើ​ឲ្យ​អន្តរាយ​ដល់​ភាពស្របច្បាប់​នៃ​បាតុកម្ម​ទៀតផង​។​
 
​ចំណែក​ក្រុមហ៊ុន Facebook ក៏​ចេញមុខ​ពន្យល់​ទៀតថា គណនី​ដែល​បាន​បិទ​ចោល បាន​ប្រដូច​បាតុករ​ហុងកុង​ទៅនឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ជា​សត្វ​កន្លាត និង​ចោទថា​បាតុករ​ប្រុង​សម្លាប់​មនុស្ស​ដោយ​ប្រើ​ជំ​ពាម​ទៀតផង​។ គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គណនី​ខ្លះ​បាន​ចោទ​បាតុករ​ថា ជា​អ្នកធ្វើ​ឲ្យ​បាតុករ​ម្នាក់​រងរបួស​ភ្នែក មិនមែន​ទង្វើ​ប៉ូលិស​ឡើយ​។ 
 
​តាមពិតទៅ នៅ​ចិន គេ​មិនអាច​ប្រើប្រាស់ Facebook និង Twitter បានឡើយ ដោយ​រដ្ឋាភិបាល​ចិន​បាន​បិទ​ដំណើរការ​កម្មវិធី និង​បណ្ដាញ​សង្គម​លោកខាងលិច​អស់ហើយ​។ ប៉ុន្តែ ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ទាំងពីរ​នេះ រកឃើញថា គណនី​ដែលមាន​ប្រភពពី​ទឹកដី​ចិន​ទាំងនោះ បាន​ប្រើប្រាស់​កម្មវិធី​virtual private networks ឬ VPN ដើម្បី​គេច​ពី​ការបិទ​ដំណើរការ​។ កម្មវិធី VPN នេះ ក៏​អាច​បន្លំ​ទីតាំង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ​។​
 
«​ទោះជា​មនុស្ស​នៅ​ពីក្រោយ​សកម្មភាព​ទាំងនោះ​ប៉ុនប៉ង​លាក់បាំង​អត្តសញ្ញាណ​របស់​ពួកគេ​ក្ដី ការស៊ើបអង្កេត​របស់​យើង​រកឃើញ​ពី​ទំនាក់ទំនង​រវាង​ពួកគេ​ជាមួយ​រដ្ឋាភិបាល​ចិន​។​» នេះ​ជាការ​បញ្ជាក់​របស់ Facebook ។ ឯ​រឿង​ថា រដ្ឋាភិបាល​ចិន​ពាក់ព័ន្ធ​ដែរនោះ ក្រុមហ៊ុន Twitter អះអាងថា បើតាម​លទ្ធផល​ស៊ើបអង្កេត គណនី​មួយចំនួន​អាច​ប្រើប្រាស់ Twitter ដោយ​មិនបាន​ប្រើ​កម្មវិធី VPN ឡើយ ដែល​នេះ​អាចមាន​ការបើក​ដៃ​ដោយ​អាជ្ញាធរ​ចិន​៕ 

Tag:
 ចិន​
  ហុងកុង​
  Facebook
  Twitter
© រក្សាសិទ្ធិដោយ thmeythmey.com