អន្តរជាតិ
Facebook និង Twitter ចោទចិនថា ធ្វើយុទ្ធនាការអនឡាញដើម្បីបង្ខូចបាតុកម្មហុងកុង បាតុករហុងកុង។ រូបភាព AFP
× នៅថ្ងៃទី១៩ ខែសីហា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Facebook និង Twitter បានចោទចិនចំៗថា នៅពីក្រោយយុទ្ធនាការតាមប្រព័ន្ធអនឡាញដើម្បីបង្កាច់បង្ខូចបាតុកម្មនៅទីក្រុងហុងកុង។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរ បានលុបចោលគណនី ទំព័រ និងក្រុមជាច្រើនដែលមានប្រភពពីទឹកដីចិន ហើយត្រូវបានប្រើប្រាស់ក្នុងគោលដៅមិនល្អ សាបព្រោះការបែកបាក់ក្នុងសង្គម ហើយមានទំនាក់ទំនងជាមួយរដ្ឋាភិបាលប៉េកាំងដោយផ្ទាល់។
ទន្ទឹមនឹងការសម្ញែងសាច់ដុំយោធាដើម្បីគំរាមបាតុករហុងកុង ទីក្រុងប៉េកាំងក៏ធ្វើយុទ្ធនាការតាមប្រព័ន្ធអនឡាញដើម្បីប្រឆាំងបាតុកម្មផងនេះ។ នេះបើតាមការរកឃើញរបស់ក្រុមហ៊ុន Facebook និង Twitter ដែលអះអាងថា កម្មវិធីរបស់ខ្លួន ត្រូវបានប្រើប្រាស់ដោយយុទ្ធនាការមួយគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំងក្នុងការបង្កាច់បង្ខូចបាតុកម្មហុងកុង។
ក្នុងសេចក្ដីប្រកាសរបស់ខ្លួននៅថ្ងៃទី១៩ ខែសីហា បណ្ដាញសង្គម Facebook ប្រកាសពីការលុបចោលគណនីចំនួនជិតមួយពាន់ដែលមានទំនាក់ទំនងជាមួយយុទ្ធនាការរបស់ចិន ខណៈ Twitter ក៏បានបិទចោលគណនីចំនួនជាងពីរសែនផងដែរ មុននឹងគណនីទាំងនេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្រុមហ៊ុន Twitter អះអាងថា គណនីដែលបានបិទចោលនេះ មានបំណងសាបព្រោះនយោបាយបង្កការបែកបាក់នៅហុងកុង រាប់ទាំងការធ្វើឲ្យអន្តរាយដល់ភាពស្របច្បាប់នៃបាតុកម្មទៀតផង។
ចំណែកក្រុមហ៊ុន Facebook ក៏ចេញមុខពន្យល់ទៀតថា គណនីដែលបានបិទចោល បានប្រដូចបាតុករហុងកុងទៅនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម ជាសត្វកន្លាត និងចោទថាបាតុករប្រុងសម្លាប់មនុស្សដោយប្រើជំពាមទៀតផង។ គួរឲ្យចាប់អារម្មណ៍នោះ គណនីខ្លះបានចោទបាតុករថា ជាអ្នកធ្វើឲ្យបាតុករម្នាក់រងរបួសភ្នែក មិនមែនទង្វើប៉ូលិសឡើយ។
តាមពិតទៅ នៅចិន គេមិនអាចប្រើប្រាស់ Facebook និង Twitter បានឡើយ ដោយរដ្ឋាភិបាលចិនបានបិទដំណើរការកម្មវិធី និងបណ្ដាញសង្គមលោកខាងលិចអស់ហើយ។ ប៉ុន្តែ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកទាំងពីរនេះ រកឃើញថា គណនីដែលមានប្រភពពីទឹកដីចិនទាំងនោះ បានប្រើប្រាស់កម្មវិធីvirtual private networks ឬ VPN ដើម្បីគេចពីការបិទដំណើរការ។ កម្មវិធី VPN នេះ ក៏អាចបន្លំទីតាំងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតផងដែរ។
«ទោះជាមនុស្សនៅពីក្រោយសកម្មភាពទាំងនោះប៉ុនប៉ងលាក់បាំងអត្តសញ្ញាណរបស់ពួកគេក្ដី ការស៊ើបអង្កេតរបស់យើងរកឃើញពីទំនាក់ទំនងរវាងពួកគេជាមួយរដ្ឋាភិបាលចិន។» នេះជាការបញ្ជាក់របស់ Facebook ។ ឯរឿងថា រដ្ឋាភិបាលចិនពាក់ព័ន្ធដែរនោះ ក្រុមហ៊ុន Twitter អះអាងថា បើតាមលទ្ធផលស៊ើបអង្កេត គណនីមួយចំនួនអាចប្រើប្រាស់ Twitter ដោយមិនបានប្រើកម្មវិធី VPN ឡើយ ដែលនេះអាចមានការបើកដៃដោយអាជ្ញាធរចិន៕
Tag:
ចិន
ហុងកុង
Facebook
Twitter
© រក្សាសិទ្ធិដោយ thmeythmey.com