ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​កម្ពុជា​ថា វៀតណាម​នៅ​កម្ពុជា អាច​សុំ​សញ្ជាតិ​ខ្មែរ​បាន ដោយ​ធ្វើទៅ​តាមផ្លូវ​ច្បាប់​
20, Aug 2019 , 9:19 pm        
រូបភាព
​មន្ត្រី​កម្ពុជា  បាន​ប្រាប់​មន្ត្រី​វៀតណាម​ថា ពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា អាចដាក់​ពាក្យស្នើសុំ​សញ្ជាតិ​ខ្មែរ​បាន ប៉ុន្តែ​ពួកគេ​ត្រូវបំពេញ​ទៅតាម​ច្បាប់​ជា​ធរមាន​។ ការឆ្លើយ​បែបនេះ ក្រោយ​អាជ្ញាធរ​វៀតណាម បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​សញ្ជាតិ​ខ្មែរ ដល់​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។

 
​លោក ឈាង វុន តំណាង​សភា​កម្ពុជា បាន​ប្រាប់​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​៧ នៃ​គណៈកម្មការ​កិច្ចការបរទេស​សភាក​ម្ពុ​ជា ឡាវ និង វៀតណាម នៅ​ប្រទេស​វៀតណាម កាលពី​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ថា ក្នុង​កិច្ចប្រជុំ​ខាងលើ រដ្ឋាភិបាល​វៀតណាម បានលើកឡើង​ពី​ការមិន​ផ្តល់​សញ្ជាតិ​ខ្មែរ ដល់​ប្រជាពលរដ្ឋ​ខ្លួន​ដែល​រស់នៅ​លើក​ទឹកដី​កម្ពុជា ខណៈ​ពួកគេ​បានរស់នៅ​លើទឹក​ដី​កម្ពុជា​យូរណាស់​មកហើយ​។ បើតាម​លោក ឈាង វុន គណៈប្រតិភូ​កម្ពុជា​បាន​ប្រាប់​ទៅ​វៀតណាម​វិញ​ថា ពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់​ទាំងនោះ​ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​សញ្ជាតិ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​មានចែង​ក្នុង​ច្បាប់​របស់​កម្ពុជា​ជាមុនសិន​។ 
 
តំណាងរាស្ត្រ​រូបនេះ និយាយថា​៖«​ខ្ញុំ និង​គណៈប្រតិភូ​យើង​បាន​ឆ្លើយតប​ច្បាស់លាស់ ពី​រឿងនេះ​ថា យើង​មានច្បាប់​ទម្លាប់​របស់​យើង ហើយ​ច្បាប់​ជាច្រើន ក្នុង​ហ្នឹង​រួមទាំង​ច្បាប់​សញ្ជាតិ​ហ្នឹង​ផង ច្បាប់​អន្តោប្រវេសន៍​ផង​។ យើង​មិន​អាចឱ្យ​គាត់ ឱ្យ​គ្រប់​សញ្ជាតិ​ដោយ​ស្វ័យប្រវត្តិ ចំពោះ​បងប្អូន​វៀតណាម​របស់គាត់ ដែល​មក​រស់នៅ​ខុសច្បាប់​នៅក្នុង​ដែនដី​កម្ពុជា​កន្លងទៅ យើង​មិន​អាចឱ្យ​កើត​ទេ​។ ប៉ុន្តែ​គាត់​អាចដាក់​ពាក្យសុំ​សញ្ជាតិ ច្បាប់ទម្លាប់​របស់​យើង គឺ​វា​អ៊ីចឹង​»​។​
 
​គណៈកម្មការ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​បង្ហាញថា មាន​ជនអន្តោប្រវេសន៍​ជាង​១០​ម៉ឺន​នាក់ ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​។ ហើយ ជនអន្តោប្រវេសន៍ ដែល​បានដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍​មាន​ជាង​៣,២​ម៉ឺន​គ្រួសារ ដែលមាន​មនុស្ស​សរុប​ជាង​១០​ម៉ឺន​នាក់​។ ជនបរទេស​ទាំងនេះ មាន​១១​សញ្ជាតិ ដោយ​ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ច្រើនជាងគេ​៕ 

Tag:
 កម្ពុជា​
  វៀតណាម​
  សញ្ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com