សង្គមអន្តរជាតិ
អន្តរជាតិ
ក្នុងវ័យ៩៤ឆ្នាំ នាយករដ្ឋមន្ត្រី មហាធៀ នៅអាចធាក់កង់បានចម្ងាយ១១គីឡូម៉ែត្រ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់
× ទោះស្ថិតក្នុងវ័យ៩០ប្លាយ លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ អាចជិះកង់បានរហូតដល់ ១១គីឡូម៉ែត្រឯណោះ។ ទង្វើរបស់មេដឹកនាំចាស់វស្សារូបនេះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនភ្ញាក់ផ្អើលជាខ្លាំង និងថែមទាំងលាន់មាត់សរសើរពីសុខភាពលោកផងដែរ។
បង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី១៧ ខែសីហា លោក មហាធៀ បញ្ជាក់ថា៖«ព្រឹកនេះ យើងមានឱកាសធាក់កង់ចម្ងាយជិត ១១គីឡូម៉ែត្រ។ អរគុណព្រះជាម្ចាស់ វាមានអារម្មណ៍ស្រស់ស្រាយ និងពោរពេញដោយថាមពល»។
សំណេររបស់មេដឹកនាំវ័យ ៩៤ឆ្នាំរូបនេះ ក៏មានអមដោយវីដេអូរយៈពេល ២៣វិនាទីមួយផងដែរ។ ក្នុងវីដេអូនេះ បង្ហាញពីទិដ្ឋភាពរបស់លោកនាយករដ្ឋមន្ត្រីធ្វើសកម្មភាពធាក់កង់នៅជុំវិញឧទ្យានក្នុងទីក្រុង Putrajaya ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានី កូឡាឡាំពួ និងក្រុងឧទ្យានបែបវិទ្យាសាស្ត្រឈ្មោះថា Cyberjaya ។
តាមរយៈវីដេអូនោះ ជាមួយអាវយឺតដៃខ្លីពណ៌ទឹកប៊ិចចាស់ និងខោជើងវែងពណ៌ខ្មៅ លោក មហាធៀ ជិះកង់ពណ៌ក្រហម ខណៈពាក់មួកសុវត្ថិភាពពណ៌ក្រហមឈ្នូតពណ៌ស។ អំឡុងពេលធ្វើដំណើរនេះ លោកនាយករដ្ឋមន្ត្រី មហាធៀ មានមនុស្សហែហមប្រមាណ ១០នាក់។
ប៉ុន្មានម៉ោងក្រោយវីដេអូនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គម វាមានអ្នកចុច Like ជិត១ម៉ឺនដងឯណោះ ទាំងក្នុង Facebook និង Twitter។ អ្នកប្រើប្រាស់ Facebook ជនជាតិម៉ាឡេស៊ីម្នាក់ បានបញ្ចេញមតិលើវីដេអូនោះថា លោកនាយករដ្ឋមន្ត្រី មហាធៀ ជាបុគ្គលជាទីស្រឡាញ់បំផុតសម្រាប់ប្រជាជនម៉ាឡេស៊ីគ្រប់រូប។ លោក មានសុខភាពល្អមាំមួន បើទោះជាមានអាយុច្រើនក៏ដោយក្តី។
ម្យ៉ាងវិញទៀត កាលពីថ្ងៃទី ៩ ខែសីហា លោកនាយករដ្ឋមន្ត្រី មហាធៀ បានបើកឡានជូនប្រធានាធិបតិីឥណ្ឌូណេស៊ិ ចូកូ វីដូដូ ពីកន្លែងដែលប្រជុំទៅកាន់កន្លែងទទួលទានអាហារពេលល្ងាចនៅក្នុងក្រុង Putrajaya ទៀតផង ។
សូមបញ្ជាក់ថា លោក មហាធៀ មហាម៉ាត់ កើតនៅថ្ងៃទី១០ កក្កដា ឆ្នាំ១៩២៥ ក្នុងរដ្ឋភាគពាយព្យ នៃប្រទេសម៉ាឡេស៊ី ដែលមានព្រំដែនជាប់នឹងប្រទេសថៃ។ លោក ជាកូនពៅក្នុងចំណោមបងប្អូនទាំង៩នាក់។
ក្នុងវិស័យនយោបាយ លោក មហាធៀ បានក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីលើកដំបូង ក្នុងឆ្នាំ១៩៨១ នៅវ័យ ៥៦ឆ្នាំ ហើយជានាយករដ្ឋមន្ត្រីទី៤ របស់ម៉ាឡេស៊ី។ លោកបានលាលែងពីតំណែងក្នុងឆ្នាំ២០០៣ ក្រោយពីកាប់អំណាច ២២ឆ្នាំ។ ក្រោយមក លោក មហាធៀ បានសម្រេចចូលប្រឡូកក្នុងនយោបាយជាថ្មី និងបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី៧ កាលពីឆ្នាំ២០១៨កន្លងទៅ៕
Tag:
ម៉ាឡេស៊ី
មហាធៀ
កង់
© រក្សាសិទ្ធិដោយ thmeythmey.com