ជាតិ
ក្រសួងទេសចរណ៍​រៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​១​ស្តីពី​ទេសចរណ៍​អាហារ​កម្ពុជា​
21, Aug 2019 , 7:59 am        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​ក្រសួងទេសចរណ៍ រៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្តីពី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) ដើម្បី​លើកកម្ពស់​គុណ​តម្លៃ​ប្រពៃណី និង​បេតិកភណ្ឌ​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។ លើសពីនេះ គឺ​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ម្ហូបអាហារ និង​ផលិតផល​ខ្មែរ ឲ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី​១៩​សីហា​។

 
​ការរៀប​ចំនេះ បាន​សហការ​ជាមួយ​អង្គការ​ទេសចរ​ណ៍​ពិភពលោក (UNWTO) ធ្វើឡើង​ក្នុង​ថ្ងៃទី​២១ សីហា ឆ្នាំ​២០១៩ នេះ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែលជា​ព្រឹត្តិការណ៍​ទេសចរណ៍​ម្ហូបអាហារ​អន្តរជាតិ​ដ៏​ធំ​លើកដំបូង​នៅ​កម្ពុជា​។ 
 
​ក្រសួងទេសចរណ៍​បានបញ្ជាក់​ឲ្យ​ដឹងថា សន្និសីទ​អន្តរជាតិ​លើក​ទី​១​នេះ នឹងចូលរួម​លើកកម្ពស់​ម្ហូបអាហារ និង​ផលិតផល​ខ្មែរ ដែល​បង្ហាញ​ពី​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ ទៅកាន់​ពិភពលោក​ឲ្យ​បាន​ទូលំទូលាយ ស្របតាម​បរិបទ​អាស៊ាន និង​ពិភពលោក ក៏ដូចជា​ស្របតាម​ការដាក់​ចុះ​យុទ្ធនាការ «​នំ​បញ្ចុក​សន្តិភាព​» ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។ 
 
​កម្មវិធី​នេះ នឹងមាន​ការចូលរួម​ពី​វាគ្មិន​ជាតិ​-​អន្តរជាតិ តំណាង​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ប្រទេស​សមាជិក​អាស៊ាន ព្រមទាំង​មានការ​ចូលរួម​ពី​ស្ថាប័នរដ្ឋ ឯកជន សិស្ស និស្សិត និង​មាន​ការតាំង​បង្ហាញ​ផលិតផល​ខ្មែរ​មកពី​បណ្តា​រាជធានី​-​ខេត្ត​នានា​៕ 

Tag:
 ទេសចរណ៍​ម្ហូបអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com