អន្តរជាតិ
លោក ត្រាំ ទទូច​ឱ្យ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​កាត់បន្ថយ​ភាព​តានតឹង​លើ​បញ្ហា​កា​ស្មៀ​រ​
21, Aug 2019 , 8:29 am        
រូបភាព
​ដោយ៖ ងួន សុ​ភាវ​ត្តី
 
​នៅ​ថ្ងៃទី​២០ សីហា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ពី​កិច្ចពិភាក្សា​អំពី​ទស្សនវិស័យ​សម្រាប់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។ លោក ត្រាំ ក៏​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅ​តំបន់​កា​ស្មៀ​រ​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​នេះ​។​


 
​នៅក្នុង​បណ្តាញ​សង្គម Twitter លោក ដូ​ណា​ល់ ត្រាំ និយាយថា លោក​បាន​ជជែក​តាម​ជាមួយ​មិត្ត​ល្អ​របស់លោក​ទាំងពីរ គឺ​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី នៃ​ឥណ្ឌា និង​នាយករដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន ខាន់ នៃ​ប៉ា​គី​ស្ថាន ទាក់ទង​នឹង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។ កាន់តែ​សំខាន់បំផុត លោក​ក៏បាន​ស្នើ​ឲ្យ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ធ្វើការ​រួមគ្នា​ដើម្បី​ឆ្ពោះទៅរក​ការកាត់បន្ថយ​ភាព​តានតឹង​នៅ​កា​ស្មៀ​រ​ដែលជា​ស្ថាន​ភាពលំបាក​។ លោក ត្រាំ អះអាងថា ការជជែក​តាម​ទូរ​សព្ទ​នេះ ជា​កិច្ចសន្ទនា​ដ៏​ល្អ​មួយ​។​
 
​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដោយឡែក​មួយ​ថា នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ប្រា​ប់លោក Trump ពី​ក្ដីសង្ឃឹម​ដែល​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌា​និង​តំណាង​ពាណិជ្ជកម្ម​អាមេរិក​នឹង​ជួបគ្នា​ម្តងទៀត​ដើម្បី​ពិភាក្សា​ពាណិជ្ជកម្ម​ទ្វេភាគី​។ ឯ​សេត​វិមាន​វិញ​និយាយថា មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​បន្ថែមទៀត​ពី​ការបន្ត​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​តាមរយៈ​ការបង្កើន​ពាណិជ្ជកម្ម ហើយ​ទន្ទឹងរង់ចាំ​ជួបគ្នា​ម្តងទៀត​ឆាប់ៗ​នេះ​។ 
 
​សេត​វិមាន​ក៏បាន​បន្តថា លោក ត្រាំ ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ក្នុងអំឡុងពេល​កិច្ចពិភាក្សា​នោះ ដោយ​អំពាវនាវ​ឱ្យ​កាត់បន្ថយ​ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។​
​ក្រុមមន្ត្រី​អាមេរិក បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​ថា អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​និង​ឥណ្ឌា​បានបញ្ចប់​ការចរចា​នៅក្នុង​ខែកក្កដា ប៉ុន្តែ​មិនបាន​ដោះស្រាយ​បញ្ហា​ជម្លោះ​ជាច្រើន​ទាក់ទង​នឹង​ពន្ធ​និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។ ភាគី​ទាំងពីរ​បានចាប់ផ្តើម​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ឡើងវិញ​បន្ទាប់ពី​លោក ត្រាំ ជួប​លោក ម៉ូ​ឌី នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 កាលពី​ខែមិថុនា ហើយ​បាន​យល់ព្រម​ស្វែងរក​ការធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល សេត​វិមាន ក៏បាន​បញ្ចេញ​ព័ត៌មាន​ពី​ការជជែក​តាម​ទូរ​សព្ទ​រវាង​លោក ត្រាំ និង​លោក ខាន់ ផងដែរ ដោយ​ផ្ដោត​សំខាន់​លើ​កិច្ចពិភាក្សា​ពី​ភាពចាំបាច់​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ជាមួយ​ឥណ្ឌា​ជុំវិញ​ស្ថានភាព​នៅ​កា​ស្មៀ​រ​។ ប្រធានាធិបតី​អាមេរិក​បានបញ្ជាក់​ជាថ្មី​ពី​ភាពចាំបាច់​ដើម្បី​ចៀសវាង​ការកើនឡើង​នូវ​ភាព​តានតឹង និង​ជំរុញឱ្យមាន​ការអត់ធ្មត់​ទាំងសងខាង​។ 
 
​គួរ​រំលឹក​ឡើងវិញ​ថា ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​កើនឡើង​បន្ត​ពី​ការមិន​ត្រូវរ៉ូវ​អំពី​បញ្ហា​តំបន់​កា​ស្មៀ​រ​។ កម្ដៅ​បាន​កើនឡើង ក្រោយ​ឥណ្ឌា​ដក​ឋានៈ​ពិសេស​របស់​ទឹក​ដីកា​ស្មៀ​រដែ​ល​ខ្លួន​កាន់កាប់ ដែល​រឿងនេះ​ធ្វើ​ឲ្យ​ប៉ា​គី​ស្ថាន​ខឹងសម្បារ​យ៉ាងខ្លាំង និង​បាន​យក​រឿងនេះ​ទៅកាន់​វេទិកា​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ទៀតផង​។ ប៉ុន្តែ​ក្រុមប្រឹក្សាសន្តិសុខ​មិនអាច​រក​ច្រកចេញ​បានទេ​៕ 

Tag:
 អាមេរិក​
  ឥណ្ឌា​
  ប៉ា​គី​ស្ថាន​
  កា​ស្មៀ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com