កីឡាករកីឡាការិនីតេក្វាន់ដូ ITF កម្ពុជាកំពុងហ្វឹកហាត់យ៉ាងសកម្ម នៅទីលានក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា នៅពហុកីឡដ្ឋានជាតិ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសសម្រាប់ត្រៀមប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារី នាចុងខែសីហានេះ។ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាសង្កេតឃើញថា សមត្ថភាពអត្តពលិកមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងការចូលរួមលើកមុន ហើយលោករំពឹងថា កម្ពុជានឹងអាចបំបែកកំណត់ត្រាចាស់របស់ខ្លួនសម្រាប់ការចូលរួមលើកនេះ។ កម្ពុជានឹងបញ្ជូនអត្តពលិក១៧រូបឲ្យចូលរួម ដោយពួកគេលេងគ្រប់វិញ្ញាសា។
អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាលោក បួនហ៊ីង សុធីយ៉ា ហាក់មានជំនឿចិត្តខ្ពស់លើសមត្ថភាពអត្តពលិកក្នុងការកសាងកំណត់ត្រាថ្មីជូនកម្ពុជាតាមរយៈការឈ្នះមេដាយមាសក្នុងការប្រកួតជើងឯកពិភពលោក ដែលរៀបចំនៅប្រទេសប៊ុលហ្គារី ចន្លោះពីថ្ងៃទី២៤-៣០ ខែសីហា ឆ្នាំ២០១៩។ កត្តា ដែលធ្វើឲ្យ លោករំពឹងបែបនេះ បន្ទាប់ពីលោកសង្កេតឃើញថា សមត្ថភាពអត្តពលិកមានការរីកចម្រើនខ្លាំង បើធៀបនឹងការចូលរួមកន្លងមក។
ពេលសួរពីសមត្ថភាពរបស់អត្តពលិកលោក បួនហ៊ីង សុធីយ៉ា បានរៀបរាប់ដូច្នេះថា៖«ចំពោះសមត្ថភាពកីឡាករកីឡាការិនី គឺពី១ឆ្នាំទៅ១ឆ្នាំយើងឃើញថា កម្រិតកើនឡើងជាងមុន ព្រោះចាប់តាំងពីឆ្នាំ២០១៧ដល់បច្ចុប្បន្នកម្រិតរបស់គាត់ខ្ពស់ជាងមុន មានន័យថា ពីមុនគេមិនស្គាល់កម្ពុជានោះទេ តែឥឡូវគេស្គាល់កម្ពុជាថា ជាប្រទេសមួយដែលពិបាកក្នុងការយកឈ្នះ»។
កម្ពុជាធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះបាន៦លើករួចមកហើយ តែមិនធ្លាប់ដណ្តើមបានមេដាយមាសនោះទេ ពោលគឺបានត្រឹមតែមេដាយប្រាក់និងសំរឹទ្ធតែប៉ុណ្ណោះ។ ជាមួយការអះអាងត្រៀមខ្លួនបានល្អ១០០ភាគយ អគ្គលេខាធិការរូបនេះបានបង្ហាញក្តីរំពឹងយ៉ាងដូច្នេះថា៖«តាមរយៈការខិតខំហ្វឹកហាត់របស់កីឡាករ និងចំណុចពិសេសមួយចំនួន យើងរំពឹងថា យើងប្រហែលជាអាចបំបែកកំណត់ត្រាយកមេដាយមាស តែយើងអត់ទាន់ហ៊ានធានាថាអាចធ្វើបាននោះទេ។ ប៉ុន្តែអ្វី ដែលយើងចង់បានបំផុត គឺក្នុងចំណោមមេដាមមាស ប្រាក់ សំរឹទ្ធ មួយណាក៏បាន។ តែមហិច្ឆតាយើង គឺចង់បំបែកឯកទត្តកម្មចាស់ ព្រោះយើងធ្លាប់ទទួលបានមេដាយប្រាក់ ដូច្នេះយើងនឹងប្រឹងប្រែងធ្វើយ៉ាងណាឲ្យបានមេដាយមាស»។
កត្តាធ្វើដំណើរ ចំណីអាហារ និងអាកាសធាតុ ត្រូវបានលោក បួនហ៊ីង សុធីយ៉ា ចាត់ទុកជាបញ្ហាប្រឈមរបស់អត្តពលិកកម្ពុជាសម្រាប់ការប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារីនេះ។ យ៉ាងហោច កម្ពុជា ត្រូវចំណាយពេល២ថ្ងៃ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសប៊ុលហ្គារី។ បើអត្តពលិកកម្ពុជាមិនអាចជម្នះបញ្ហានេះបានទេ វានឹងធ្វើឲ្យសមត្ថភាពនិងបច្ចេកទេសរបស់ពួកគេធ្លាក់ចុះ។
អគ្គលេខាធិការខាងលើបានបន្ថែមថា៖«ក្នុងនាមខ្ញុំជាអគ្គលេខាធិការផងនិងជាគ្រូបង្វឹកផង ខ្ញុំបានត្រៀមរួចហើយ ទី១.យើងមានគោលការណ៍ធ្វើឲ្យគាត់ស៊ាំជាមួយអាកាសធាតុត្រជាក់ ហើយទី២.ប្រហែលជាយើងផ្តល់យោបល់ឲ្យកីឡាករកីឡាការិនីយើងនាំយកម្ហូបអាហារមួយចំនួនទៅតាមខ្លួន ដើម្បីជួយបង្កើនរសជាតិនៃអាហារ ព្រោះរសជាតិអាហាររបស់កីឡាករកម្ពុជាយើង ខុសពីអាហារនៅអឺរ៉ុប»។
សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជានឹងបញ្ជូនអត្តពលិកចំនួន១៧រូប(ស្រី២រូប)ឲ្យចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារីលើកនេះ ដោយអត្តពលិកកម្ពុជានឹងប្រកួតគ្រប់វិញ្ញាសា។ ក្នុងចំណោមវិញ្ញាសាទាំងអស់លោក បួនហ៊ីង សុធីយ៉ា រំពឹងខ្ពស់លើវិញ្ញាសាបំបែកក្តា(Power Breaking) ការបង្ហាញស្នៀតពិសេស(Special Technical) និងសម្តែងមេគុណ។
ការចូលរួមនេះ ដោយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស (Khmer Beverages) ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)៕