សៀមរាប៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប ឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និង២០ សីហា។ សម្រាប់ឆ្នាំនេះ មានបេក្ខជនប្រឡងបាក់ឌុបសរុបចំនួនជាង ១១៩ពាន់នាក់ ក្នុងនោះមានមណ្ឌលប្រឡងចំនួន២០២។ ដូចឆ្នាំមុនៗដែរ ក្រសួងបានរិតបន្ដឹងការប្រឡង បើទោះជាឆ្នាំនេះគ្មានអ្នកសង្កេតការណ៍ពីខាងក្រៅក្ដី។ រាល់ការប្រឡងម្ដងៗ អាណាព្យាបាលសិស្សបានបង្ហាញវត្តមាននៅជិតមណ្ឌលប្រឡងជានិច្ច ដ្បិតមិនបានជួយអ្វីដល់កូនក៏ដោយ តែវាជាកម្លាំងចិត្តមួយដ៏ធំសម្រាប់កូនៗពួកគេផងដែរ។ អាណាព្យាបាលទាំងនោះ បានលះបង់ពេលវេលាធ្វើការរបស់ខ្លួន ដើម្បីកំដរនិងលើកទឹកចិត្តដល់កូនពេលមកប្រឡងបាក់ឌុប។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឆ្នាំ២០១៩នេះ កំពុងដំណើរទៅមុខ។ បេក្ខជនដែលមានឈ្មោះប្រឡងនៅឆ្នាំនេះ សរុបចំនួន ១១៩,២១៧ នាក់ និងមានមណ្ឌលប្រឡងចំនួន ២០២ ដោយក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ដ្រមានចំនួន ៧៥ និងថ្នាក់វិទ្យាសាស្ដ្រសង្គមចំនួន ១២៧មណ្ឌល។
ដូចរាល់ដង អាណាព្យាបាលសិស្សមកពីទីជិតឆ្ងាយ បានបង្ហាញវត្តមាននៅតាមមណ្ឌលប្រឡងនានា ដើម្បីចង់ដឹងសុខទុក្ខពេលកូនប្រឡង។ ពួកគាត់បានចោលការងារនិងរបររកស៊ីទទួលទានផ្សេងៗ ដើម្បីចង់ឃើញទឹកមុខកូនពេលចេញពីប្រឡង និងជាការផ្តល់កម្លាំងចិត្តដល់កូនខ្លួនដែរ។
នៅបរិវេណមុខវិទ្យាល័យ១០មករា ឆ្នាំ១៩៧៩ ខេត្តសៀមរាប ពេលជិតដល់ម៉ោងបញ្ចប់ការប្រឡងថ្ងៃទី១ អាណាព្យាបាលរបស់សិស្សជាច្រើនកំពុងរង់ចាំកូនចេញពីប្រឡងដោយភាពអន្ទះសា។ អន្ទះសាចង់ដឹងពីការរៀបរាប់របស់កូន លើកិច្ចការប្រឡង។
អ្នកស្រី ស៊ុន តឿន បានបង្ហាញកាយវិការអង្គុយផងឈរផង នៅអែបរបងនៃមន្ទីរពេទ្យកុមារអង្គរដែលនៅពីមុខមណ្ឌលប្រឡងដែលកូនអ្នកស្រីកំពុងប្រឡង។ អ្នកស្រី តឿន បានជូនកូនស្រីទី២របស់ខ្លួនមកប្រឡងតាំងពីព្រឹកមក ដោយមិនបានទៅលក់ដូរដូចសព្វដងទេ។ ស្ដ្រីវ័យជាង៤០ឆ្នាំរូបនេះមានរបរជាអ្នកលក់ភេសជ្ជៈតាមបេនឡាន និងបានផ្អាកការលក់រយៈពេល២ថ្ងៃ ដើម្បីជូនកូនមកប្រឡង។ អ្នកស្រីបន្ថែមថា៖« ត្រូវលះបង់ពេលនៅបេនឡាន២ថ្ងៃនេះ ត្រូវឈប់ជូនកូនមកសាលា លើកទឹកចិត្តកូន ដើម្បីបំពេញបំណងរបស់កូនដែលយើងបានជួយវាកន្លងមក។ កន្លងមក ប្រឹងលក់ដូរតាមបេនឡានដើម្បីយកលុយឱ្យកូនរៀន ពីថ្នាក់ទី១ដល់១២ មិនស្រួលទេ ត្រឹមកូនរៀនមិនមានអ្វីសល់ទេ...»។
ដ្បិតមិនទាន់ដឹងពីលទ្ធផលប្រឡងរបស់កូនក៏ពិតមែន តែអ្នកស្រី តឿន ប្រាប់ខ្លួនឯងរួចទៅហើយថា នឹងពុះពារឱ្យកូនរៀនបន្តរហូតទាល់តែចប់ ព្រោះអ្នកស្រីមិនចង់ឱ្យកូនលំបាកដូចខ្លួន គឺចង់ឱ្យគេមានអនាគតភ្លឺស្វាងនៅក្នុងសង្គម។
កំពុងអង្គុយលើម៉ូតូដែលចតនៅមួយកន្លែងមុខមណ្ឌលប្រឡង អ្នកស្រី ម៉ាប់ មកពីកំពង់ក្ដី ស្រុកជីក្រែង ព្រំប្រទល់ជាប់ស្រុកស្ទោង ខេត្តកំពង់ធំ បាននាំកូនស្រីច្បងអ្នកស្រីមកប្រឡងនៅទីរួមខេត្តសៀមរាប។ និយាយដោយទឹកមុខរីករាយ អ្នកស្រីថាពិតជារំភើបណាស់ដែលបានកូនប្រឡងបាក់ឌុបនឹងគេឆ្នាំនេះ។ ត្រឹមជាកសិករម្នាក់ អ្នកស្រីម៉ាប់ ប្រាប់ថា អ្នកស្រីមានមោទកភាពដែលខំប្រឹងប្រែងបានកូនរៀនថ្នាក់ខ្ពស់ហ្នឹងគេឯង ហើយតាមរយៈបទសម្ភាសជាមួយអ្នកសារព័ត៌មាន អ្នកស្រីក៏បានជូនពរកូនដែលកំពុងប្រឡងឱ្យប្រឡងជាប់ផងដែរ។ អ្នកស្រីសង្ឃឹមថា កូនអ្នកស្រីនឹងក្លាយជាក្មេងល្អម្នាក់ និងជាធនធានសង្គមម្នាក់នាពេលអនាគតតាមការប៉ងប្រាថ្នារបស់ខ្លួន។
ងាកទៅលោក ឃាន់ វិញដែលកំពុងអង្គុយលើម៉ូតូនិងមានមួកសុវត្ថិភាពជាស្រេចនៅនឹងកន្ដ្រក ចាំកូនពេលចេញពីមណ្ឌលប្រឡង ក៏បង្ហាញចិត្តសប្បាយរីករាយទៅនឹងកូនរបស់លោកដែលបានប្រឡងឆ្នាំនេះដែរ។ លោក ឃាន់ បានឃើញពីសមត្ថភាពកូនខ្លួនបានខ្លះៗហើយ ហើយលោកជឿថាកូនស្រីលោកនឹងប្រឡងជាប់។ ដ្បិតរវល់នឹងការងារស្រែចម្ការនារដូវនេះក៏ដោយ តែក្នុងនាមជាឪពុក លោក ឃាន់ បានឆ្លៀតពេលពីការភ្ជួរស្រែដើម្បីជូននិងមកទទួលកូនពីប្រឡងបាក់ឌុប។
លោកបានបង្ហាញអារម្មណ៍ផ្ទាល់យ៉ាងដូច្នេះថា៖ ជាឪពុកមួយរូប មានមោនកភាពដែលមានកូនប្រឡង ព្រោះខ្ញុំអត់បានរៀន ចេញពីសម័យ ប៉ុល ពតមក មានតែម្ដាយ... អត់បានរៀន តែពេលនេះប្រឹងឱ្យកូនរៀន កុំឱ្យអត់ដូចសម័យយើង ពេលអត់ចេះអ៊ីចឹងវាយ៉ាប់ ចង់ទៅណាក៏ពិបាក...តាមបំណងកូន គេចង់រៀនពេទ្យ តែខ្ញុំមិនទាន់ដឹងយ៉ាងណាទេ»។
លោក គឹម កប ចោលការងារនៅភូមិសសរស្ដម្ភ ស្រុកពួក ជូនកូនស្រីមកប្រឡងសញ្ញាបត្របាក់ឌុបនៅវិទ្យាល័យ ១០មករា។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន បុរសវ័យជាង៤០រូបនេះរៀបរាប់ថា លោកមានអារម្មណ៍ភ័យផងអរផងជំនួសកូនដែលកំពុងប្រឡង តែយ៉ាងណាលោកមានមោទកភាពជាខ្លាំង ពេលការតស៊ូរបស់លោកទទួលបានជោគជ័យជាបន្តបន្ទាប់។ ជោគជ័យរបស់បុរសម្នាក់នេះ គឺបានកូនប្រឡងបាក់ឌុបចំនួន២នាក់ ជំនួសអ្វីដែលលោកមិនធ្លាប់មានក្នុងជីវិត។ លោកពន្យល់ថា៖«ដោយសារគ្រួសារខ្ញុំអត់ចេះសោះរឿងអក្សរ...កើតក្នុងសម័យគេរៀនហើយ គឺឱ្យកូនរៀន ធ្វើម៉េចឱ្យវាចេះផ្តល់អនាគតឱ្យវា...ជាអាណាព្យាបាលចង់ឱ្យកូនបានរៀនខ្ពង់ខ្ពស់ទាំងអស់ តែក៏អាស្រ័យលើពួកគេដែរ តែសម្រាប់ខ្ញុំមិនដែលឱ្យកូនឈប់រៀនឡើយ...»៕