ជាតិ
បាក់ឌុប
បាក់​ឌុប​៖ បេក្ខជន​អវត្តមាន​១៨៣៨​នាក់ បញ្ហា​សុខភាព​១៥២​ករណី និង​ប្រព្រឹត្ត​ខុស​២​ករណី​
20, Aug 2019 , 6:34 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា (​បាក់​ឌុប​) បានបញ្ចប់​ទៅដោយ​រលូន រីឯ​ភាពមិនប្រក្រតី​ក៏​មិនមាន​ករណី​ធំដុំ​គួរ​ឲ្យ​កត់សម្គាល់​នោះដែរ​។ នេះ​បើតាម​ការអះអាង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ក្រោយ​បញ្ចប់​ដំណើរការ​ប្រឡង​រយៈពេល​២​ថ្ងៃ​ពេញ​។



​ក្នុងចំណោម​បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ប្រឡង​សរុប ១១៧ ០៤៣​នាក់ (​ស្រី ៦០ ៤២៧​នាក់​) នៅ​មណ្ឌល​ចំនួន​២០២​ទូទាំងប្រទេស មាន​បេក្ខជន ១៨៣៨​នាក់​អវត្តមាន ក្នុងនោះ​ស្រី ៦៩៦​នាក់​។ ចំនួន​អវត្តមាន​ត្រូវជា ១.៥៧​ភាគរយ​នៃ​ចំនួន​បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ប្រឡង​។​

​ដំណើរ​ក​ចំនួន​ពីរ​ថ្ងៃ​នៃ​ការ​ថ្ងៃ​ប្រឡង​នេះ មាន​បេក្ខជន​ជួប​បញ្ហា​សុខភាព​ចំនួន​១៥២​ករណី ដោយ​ភាគច្រើន​បន្តដំណើរ​ការ​ប្រឡង​បាន​ក្រោយ​ការសង្គ្រោះ​បឋម ដោយ​លើកលែង​១១​ករណី ដែល​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​មិនអាច​បន្ត​ការប្រឡង​បាន​។​

​ថ្វី​ដ្បិត​ការប្រឡង​ប្រព្រឹត្តទៅ​យ៉ាង​រលូន ដែល​មិនមាន​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ តែ​នៅតែមាន​ករណី​បេក្ខជន​យក​ទូរ​សព្ទ និង​យក​សំណៅ​ឯកសារ​ចូលក្នុង​បន្ទប់​ប្រឡង ដែល​នាំ​ឲ្យ​បេក្ខជន​២​រូប​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​។ រីឯ​បញ្ហា​អាកាសធាតុ ក៏​មិនបាន​រំខាន​ដល់​ដំណើរការ​ប្រឡង​នោះដែរ​។​

​ក្រសួង​បាន​រំលឹក​ផងដែរ​ថា ដំណើរការ​ប្រឡង​នេះ មានការ​ចូលរួម​ពី​មន្ត្រី​អប់រំ​ប្រមាណ​២​ម៉ឺន​នាក់ គរុ​សិស្ស​-​និស្សិត​ជិត​២៥០០​នាក់ ភាគី​ពាក់ព័ន្ធ​ជាង​២០០០​នាក់ និង​កម្លាំង​សមត្ថកិច្ច​ប្រមាណ​១០ ០០០​នាក់​។​

​សូមបញ្ជាក់ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រកាស​នៅ​ថ្ងៃទី​១០ ខែកញ្ញា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល សម្រាប់​បណ្តា​ខេត្ត​ឆ្ងាយៗ នឹង​ប្រកាស​នៅ​ថ្ងៃទី​១១ ខែកញ្ញា​៕



Tag:
 ប្រឡង​
 ​បាក់​ឌុប​
 ​បេក្ខជន​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com