ជាតិ
បាក់ឌុប
សង្គមជាតិ
រដ្ឋមន្ត្រី​៖ មូលហេតុ​សម្រេច​ឱ្យ​បេ​ក្ខ​នារី​នៅ​សៀមរាប​ធ្លាក់​ស្វ័យប្រវត្តិ ព្រោះ​មិន​ចង់ឱ្យ​ខូច​ប្រព័ន្ធ​អប់រំ​
20, Aug 2019 , 7:22 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន
​ភ្នំពេញ​៖ បេ​ក្ខ​នារី​ម្នា​ក់នៅ​ខេត្តសៀមរាប ត្រូវបាន​មន្ត្រី​ក្រសួង​អប់រំ​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ឡើយ ដោយសារតែ​នាង​ទៅ​យឺត​កន្លះ​ម៉ោង (​ក្រោយ​សំឡេង​ជួង​លើក​ទី​២) ពោលគឺ​ការប្រឡង ចាប់ផ្តើម​នៅ​ម៉ោង​៧​កន្លះ​ព្រឹក នា​ថ្ងៃទី​១៩​សីហា​នេះ តែ​នាង បាន​ទៅដល់​នៅ​ម៉ោង​៨​។ មតិ​សាធារណជន​ខ្លះ គាំទ្រ​ចំណាត់ការ​តឹងរឹង​របស់​ក្រសួង​អប់រំ​នេះ ។​ប៉ុន្តែ​មតិ​ខ្លះ​រិះគន់ថា ការអនុវត្ត​វិធានការ​របស់​ក្រសួង​បែបនេះ ហាក់ដូចជា​បំផ្លាញ​អនាគត​បេ​ក្ខ​នារី​ប្រឡង​រូបនោះ​។ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួន ណា​រ៉ុ​ន បកស្រាយ​តាមរយៈ​សារព័ត៌មាន​ថ្មីៗ ពី​មូល​ហេតុដែល​ក្រសួង​សម្រេចចិត្ត មិន​ផ្ដល់ឱកាស​ឱ្យ​បេ​ក្ខ​នារី ចូល​ប្រឡង ហើយ​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​នេះ​។​

 
​លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ហេតុផល​ដែល​ក្រសួង​មិន​អនុញ្ញាតឱ្យ​បេ​ក្ខ​នារី​រូបនោះ ចូល​ប្រឡង ដោយសារតែ​មិន​ចង់ឱ្យ​ខូច​ប្រព័ន្ធ​កំណែទម្រង់​នៃ​ការប្រឡង ជាពិសេស​ការពារ​ករ​ណី​បែកធ្លាយ​វិញ្ញាសាប្រឡង​។ ក្នុងន័យនេះ​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​និយាយថា បើសិនជា​ទុកឱ្យ​បេ​ក្ខ​នារី​នោះ​ចូល​ប្រឡង ទំនង​នាង​អាច​ដឹង​ប្រធាន​វិញ្ញាសាមុន ដោយសារតែ​នាង​មក​ក្រោយ​បេក្ខជន​ដទៃទៀត រយៈពេល​៣០​នាទី ហើយ​អាចឱ្យ​នាង​ងាយស្រួល​ក្នុង​ការយក​ពិន្ទុ​ប្រឡង​ជាដើម​។ ម្យ៉ាងវិញទៀត​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យល់ឃើញថា ការផ្ដល់​ឱកាស​ឱ្យ​បេក្ខជន​ដែល​មក​យឺត វា​នឹង​ផ្ដល់​ផល​អវិជ្ជមាន​ទៅ​ថ្ងៃ​អនាគត ពោលគឺ​វា​នឹង​ធ្វើឱ្យ​បេក្ខជន​ដទៃ​លែង​គោរព​ពេលវេលា និង​វិន័យ​ក្នុងការ​ប្រឡង ដែល​ក្រសួង​ប្រឹង​ប្រែង​រឹតបន្តឹង​រយៈពេល​៥​ឆ្នាំ​មកនេះ​។ 

ជាបន្តសូមលោកអ្នកនាង ស្ដាប់ការបកស្រាយរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលផ្ដល់កិច្ចសម្ភាសផ្ដាច់មុខដល់សារព័ត៌មានថ្មីៗ ដូចតទៅ៖

 
​និយាយ​បែបនេះ មិនមែន​មានន័យថា ក្រសួង​អប់រំ ដាក់ចេញ​វិធានការ​រឹតបន្តឹង ដាច់អហង្ការ​នោះទេ ។ បើតាម​រដ្ឋមន្ត្រី​អប់រំ បេក្ខជន​ដែល​មក​យឺត​ត្រឹម​១៥​នាទី ក្រោយ​ចែក​វិញ្ញាសារ​ប្រឡង គឺអាច​សុំ​ការអនុញ្ញាត​ប្រឡង តាមរយៈ​ការចចារ និង​ប្រាប់​មូលហេតុ​ទៅ​មន្ត្រី​អប្បមាទ ឬ​អនុរក្ស ប៉ុន្តែ​មិនឱ្យ​ចូល​ប្រឡង​យឺត​លើសពី​១៥​នាទី​នោះទេ​។​
 
​បកស្រាយ​ពី​បញ្ហា​បេ​ក្ខ​នារី​ខេត្តសៀមរាប​នេះហើយ លោក ហង់ ជួន ណា​រ៉ុ​ន ក៏បាន​បញ្ជាក់​ពី​ករណី​ចាប់​សំណៅ​ឯកសារ និង​ទូរ​សព្ទ នៅក្នុង​ថ្ងៃ​ប្រឡង ដែល​កំណត់ឱ្យ​បេក្ខជន​ពីររូប ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ផងដែរ​។ 

Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  បាក់​ឌុប ២០១៩
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com