អន្តរជាតិ
ជំងឺគ្រុនឈាម​រាលដាល​ខ្លាំង​នៅ​ហ្វីលីពីន ខណៈ​អ្នក​ស្លាប់មាន​ជាង​៨០០​នាក់​
21, Aug 2019 , 10:04 am        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​
 
​ករណី​ជំងឺគ្រុនឈាម​នៅ​ហ្វីលីពីន​រយៈពេល​ប្រាំបី​ខែ​កន្លងមក​ក្នុង​ឆ្នាំ​២០១៩ បាន​កើន​ឡើងដល់​ទៅ​ជាង ១៨៨,០០០ ករណី ដែល​ក្នុងនោះ​មាន​៨០៧​នាក់ ត្រូវបាន​បាត់បង់​ជីវិត​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​ហ្វីលីពីន​នៅ​ថ្ងៃទី​២០ ខែសីហា​។​


 
​ក្រសួងសុខាភិបាល​ហ្វីលីពីន បាន​បូកសរុប​ចំនួន​ករណី​ជំងឺគ្រុនឈាម​ក្នុងប្រទេស​ចាប់តាំងពី ថ្ងៃទី​១ មករា រហូតដល់​ថ្ងៃទី​៣ សីហា  ខណៈ​ជំងឺ​នេះ​កំពុងរ​វាយលុក​ខ្លាំង​។ យោងតាម​របាយការណ៍​អង្កេត​របស់ខ្លួន ត្រឹម​៨​ខែ​ប៉ុណ្ណោះ ករណី​ជំងឺគ្រុនឈាម​មាន​ដល់​ទៅ ១៨៨,៥៦២ ករណី​។ ទិន្នន័យ​នេះ​កើនឡើង​ពីរដង​នៃ​ទិន្នន័យ​កាលពី​ឆ្នាំ​២០១៨ ដែល​ស្មើនឹង ៩៣,១៤៩ ក្នុង​រយៈពេល​ដូចគ្នា​។ 
 
​ទិន្នន័យ​បានបង្ហាញ​ថា អ្នក​ជម្ងឺគ្រុនឈាម​ភាគច្រើន​ជា​កុមារ​មាន​អាយុ​ចាប់ពី ៥​ទៅ​៩​ឆ្នាំ ដែលមាន​ចំនួន​៤៣,០៤៧​នាក់​។ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​លោក Eric Domingo បាន​និយាយថា ករណី​គ្រុនឈាម​នៅតែ​បន្ត​កើនឡើង ហើយ​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាជន​ហ្វីលីពីន​ឲ្យ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បោសសម្អាត និង​បំផ្លាញ​ជម្រក​សត្វ​មូស​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​
 
​ក្រសួងសុខាភិបាល​ហ្វីលីពីន​ក៏​ព្រមាន​ដែរ​ថា ជំងឺ​នេះ​នឹង​បន្ត​កើតឡើង​រហូតដល់ ខែតុលា ដោយសារតែ​ជា​រដូវភ្លៀង​។ គ្រុនឈាម គឺ​ឆ្លង​តាមរយៈ​មូស​ខ្លា​ញី​ខាំ ដែល​រកឃើញ​នៅក្នុង​ប្រទេស​នៃ​តំបន់​ត្រូពិច​។ វា​អាចធ្វើ​ឲ្យ​មាន​អាកា​រៈ ឈឺសន្លាក់​, ក្អួតចង្អោរ​,​មាន​កន្ទួល​លើ​ស្បែក ហើយ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវដង្ហើម និង​ធ្វើ​ឲ្យ​សរីរាង្គ​ចុះខ្សោយ​ក្នុងករណី​ធ្ងន់ធ្ងរ​។​
 
​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹងថា ជំងឺគ្រុនឈាម​កើនឡើង​យ៉ាងខ្លាំង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ គឺ​កើនឡើង​៣០​ដង ក្នុង​រយៈពេល​៥០​ឆ្នាំ​។ ជំងឺគ្រុនឈាម​នៅ​មិនទាន់មាន​វិធី​ព្យាបាល​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​ការដឹង​ភ្លាមៗ​ហើយ​ទទួលបាន​ការថែទាំ​អាចជួយ​កាត់បន្ថយ​អាត្រា​មរណភាព​ឲ្យ​ឋិត​នៅក្រោម​មួយ​ភាគរយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com