ជាតិ
នយោបាយជាតិ
ប៉េកាំងគាំទ្រចំណាត់ការសម្តេច ហ៊ុន សែន លើការឈប់ផ្តល់អាជ្ញាបណ្ណហ្គេមអនឡាញ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន នាសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២០ ខែសីហា។ រូបថត ក្រសួងការបរទេសចិន
× អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានថ្លែងប្រាប់អ្នកសារព័ត៌មាននាសន្និសីទកាសែត កាលពីថ្ងៃទី២០ ខែសីហា ថា រដ្ឋាភិបាលលោកគាំទ្រចំណាត់ការសមភាគីកម្ពុជា លើការបញ្ឈប់ការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនល្បែងតាមអនឡាញគ្រប់ប្រភេទ។
«យើងដឹងហើយថា ហ្គេមអនឡាញជាប្រភពដ៏គ្រោះថ្នាក់មួយក្នុងសង្គមទំនើប ហើយមនុស្សជុំវិញពិភពលោកមិនចូលចិត្ត […]។ ចិនអបអរចំណាត់ការកម្ពុជាចំពោះការហាមប្រាមអាជីវកម្មហ្គេមអនឡាញ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យការបរទេសចិន។
ជាមួយគ្នានេះ លោក Geng Shuang រំពឹងថា ចំណាត់ការរបស់កម្ពុជា នឹងការពារផលប្រយោជន៍ទាំងពលរដ្ឋកម្ពុជា និងចិន ហើយក៏ជាផ្នែកមួយដែលបង្ហាញពីកិច្ចសហប្រតិបត្តិការនៃការពង្រឹងការអនុវត្តច្បាប់ និងទំនាក់ទំនងជាមិត្តភាពផងដែរ។
លោក Geng ក៏មានមតិយោបល់ដូចគ្នាផងដែរទាក់ទងនឹងចំណាត់ការរបស់រដ្ឋាភិបាលហ្វីលីពីន ស្តីពីការព្យួរអាជ្ញាបណ្ណហ្គេមអនឡាញ។ លោកបានគូសបញ្ជាក់ថា ករណីនេះ នឹងបង្កើតនូវបរិយាកាសល្អសម្រាប់ទំនាក់ទំនងទ្វេរភាគី សន្តិភាព និងស្ថេរភាពក្នុងតំបន់។
កាលពីថ្ងៃទី១៨ ខែសីហា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំ ដែលក្នុងនោះសម្តេចបានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមអ៊ីនធឺណិត ដែលគ្មានអាជ្ញាប័ណ្ណ និងហាមចេញអាជ្ញាបណ្ណថ្មី ឬបន្តអាជ្ញាបណ្ណ ដល់ក្រុមហ៊ុនល្បែងតាមអនឡាញគ្រប់ប្រភេទ។
សារាចរណែនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរដូច្នេះថា៖ «ពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះ ទាំងក្នុងនិង ក្រៅប្រទេស ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម»។
ក្រសួងពាក់ព័ន្ធដែលត្រូវដោះស្រាយ និងទប់ស្កាត់បញ្ហាខាងលើនេះ រួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង , រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន , រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន ,មេបញ្ជាការកងរាជអាវុធហត្ថ ,មេនគរបាលជាតិ និងអភិបាលខេត្តទាំងអស់។
បច្ចុប្បន្នកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងកាស៊ីណូនោះឡើយ។ ប៉ុន្តែកម្ពុជាបានផ្ដល់អាជ្ញាប័ណ្ណឲ្យបើកកាស៊ីណូចំនួន ១៦៣កន្លែង នៅទូទាំងប្រទេស និងកាស៊ីណូដែលទទួលបានអាជ្ញាប័ណ្ណ និងកំពុងដំណើរការអាជីវកម្មល្បែងភ្នាល់នៅទូទាំងប្រទេស មានចំនួន ៥៣កន្លែង។ នេះបើតាមរបាយការណ៍របស់អគ្គនាយដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ជនជាតិចិន១៨០នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត Voice Over Internet Protocol (VOIP)។ បើគិតចាប់តាំងពីឆ្នាំ ២០១៤ មកដល់ខែកក្កដា ឆ្នាំ២០១៩ នេះ អាជ្ញាធរកម្ពុជា បានបណ្ដេញជនល្មើសជនជាតិចិនប្រមាណ ២, ៧០០នាក់ហើយ ចេញពីកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com