អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ឌូ​ទើ​តេ បញ្ជា​នាវា​បរទេស​ឲ្យ​សុំ​ការអនុញ្ញាត មុន​ចូល​ដែនទឹក​ហ្វីលីពីន​
21, Aug 2019 , 1:51 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (ប្រភពរូប៖ AFP)
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (ប្រភពរូប៖ AFP)
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានដាក់​ចេញ​បញ្ជា​យ៉ាង​ម៉ឹងម៉ាត់​ថា ចាប់​ពីថ្ងៃ​អង្គារ ទី​២០ សីហា​តទៅ រាល់​នាវា​បរទេស​ដែលមាន​បំណង​ធ្វើដំណើរ​ឆ្លងកាត់​ដែនទឹក​ហ្វីលីពីន ត្រូវ​ផ្តល់ដំណឹង​ដល់​អាជ្ញាធរ​ក្រុង​ម៉ានីល និង​ទទួល​ការអនុញ្ញាត​ជាមុនសិន ទើប​អាច​ឆ្លងកាត់​បាន​។ ការដាក់ចេញ​បញ្ជា​បែបនេះ ទំនងជា​តម្រង់​មុខព្រួញ​ទៅ​យោធា​ចិន ដែលមាន​សកម្មភាព​នៅ​ក្បែរ​ដែនសមុទ្រ​ហ្វីលីពីន​កាលពី​ថ្មីៗ​នេះ​។



​ជម្រើស​មាន​ពីរ​! «​មួយ​គឺថា ហ្វីលីពីន ទទួលបាន​ការស្នើសុំ​ក្នុង​អាកប្បកិរិយា​សមរម្យ ឬក៏​យើង ចាត់វិធានការ​ក្នុង​អាកប្បកិរិយា​មិន​ស្លូតបូត​» ។ នេះ​ជាការ​លើកឡើង​របស់លោក Salvador Panelo អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​។ សាកសួរ​ដោយ​អ្នកសារព័ត៌មាន​ថា «​អាកប្បកិរិយា​មិន​ស្លូតបូត​» សំដៅលើ​អ្វី​នោះ លោក ឆ្លើយតប​វិញ​ថា វា​មានន័យថា ហ្វីលីពីន ត្រូវ​បញ្ឈប់​នាវាចម្បាំង​បរទេស​ទាំងនោះ ហើយ​ប្រាប់​ឲ្យ​ពួកគេ​ដក​ចេញពី​ដែនទឹក​ហ្វីលីពីន​។

​តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post អ្នកនាំពាក្យ​រូបនេះ អះអាងថា រដ្ឋាភិបាល​ក្រុង​ម៉ានីល នឹងមិន​រុញ​រា​ក្នុង​ការប្រើ​កម្លាំងយោធា​ឡើយ ប្រសិនបើ​នាវា​បរទេស​ទាំងនោះ ឆ្លង​ហួស​ព្រំដែន​កំណត់​។ លោក​សង្កត់ធ្ងន់ថា​៖ «​បើ​កាលៈទេសៈ​បង្ខំ យើង​នឹងធ្វើ​វា​»​។

​លោក Panelo បញ្ជាក់ទៀតថា កន្លងទៅ អាជ្ញាធរ​ហ្វីលីពីន ទទួលដំណឹង​ពី​ការឆ្លងកាត់​ម្តង​ហើយ​ម្តងទៀត​ពី​សំណាក់​នាវា​បរទេស ជាពិសេស​នាវាចម្បាំង​ចិន តែ​ក្រុង​ម៉ានីល បានសម្រេច​រក្សា​ភាព​អត់ធ្មត់​។ យ៉ាងណាមិញ ពេលនេះ រដ្ឋាភិបាល​ក្រុង​ម៉ានីល នឹង​បញ្ជា​ពួកគេ​ឲ្យ​ចេញពី​ដែនទឹក​ហ្វីលីពីន​។   ម្យ៉ាងវិញទៀត បទបញ្ជា​ថ្មី​របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ ក៏​នឹង​បង្ការ​ការផ្ទុះ​ជម្លោះ​ជាយថាហេតុ​នាពេលខាងមុខ​ផងដែរ​។

​មែនទែនទៅ  ហ្វីលីពីន បាន​តវ៉ា​ផ្នែក​ការទូត​ជុំវិញ​សកម្មភាព​របស់​នាវា​ចិន ទាំង​យោធា និង​នេសាទ​ក្នុង​តំបន់​មួយចំនួន​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​គ្រប់គ្រង​ដោយ​ហ្វីលីពីន និង​ក្នុង​លំហ​សមុទ្រ​ខ្លួន​ផងដែរ​។  កាលពី​ថ្មីៗ​នេះ យោធា​ហ្វីលីពីន បាន​បញ្ចេញ​រូបភាព​ដែល​បង្ហាញ​ពី​នាវាចម្បាំង​ចិន​ធ្វើដំណើរ​ទៅ​ក្បែរ​កោះ Palawan និង Tawi-Tawi ចន្លោះ​ខែកុម្ភៈ និង​ដើមខែ​សីហា​។

​ទាក់ទិន​នឹង​ចលនា​របស់​នាវា​យោធា​ចិន​នេះ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana កាលពី​សប្តាហ៍​មុន បានចាត់ទុក​រឿងនេះ​ជា «​គួរ​ឲ្យ​ក្តៅក្រហាយ​»​។ ហើយ​កាលពី​ខែ កក្កដា​កន្លងទៅ លោក Lorenzana បាន​បង្ហើប​ទៀតថា នាវាចម្បាំង​ចិន បាន​បើក​ឆ្លងកាត់​តាម​ច្រក​សមុទ្រ Sibutu ដែល​ស្ថិតនៅ​ភាគ​នីរ​តី​ប្រជុំ​កោះ​ហ្វីលីពីន  ដោយ​ពុំបាន​ផ្តល់ដំណឹង​ដល់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​។

​សូមបញ្ជាក់ថា ការប្រកាស​ពី​ចំណាត់ការ​ថ្មី​នេះ ធ្វើឡើង​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ មុននឹង​លោក ឌូ​ទើ​តេ ទៅធ្វើ​ទស្សនកិច្ច​ជា​លើក​ទី​ប្រាំ​នៅ​ប្រទេស​ចិន ពោលគឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៨ ខែសីហា​ដល់​ថ្ងៃទី ៣ ខែកញ្ញា​៕


Tag:
 ហ្វីលីពីន​
  ចិន​
  ឌូ​ទើ​តេ​
© រក្សាសិទ្ធិដោយ thmeythmey.com