​ជំនួយការ​អប្បមាទ​បាក់​ឌុប​ម្នា​ក់នៅ​ស្វាយរៀង​ទទួលមរណភាព
ជាតិ
សង្គមជាតិ
​ជំនួយការ​អប្បមាទ​បាក់​ឌុប​ម្នា​ក់នៅ​ស្វាយរៀង​ទទួលមរណភាព
21, Aug 2019 , 2:48 pm        
រូបភាព
រូបលោក គង់ និវឌ្ឍ ដែលជំហានដំបូង​ត្រូវបានសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គរ
រូបលោក គង់ និវឌ្ឍ ដែលជំហានដំបូង​ត្រូវបានសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គរ
​ភ្នំពេញ​៖ លោក គង់ និ​វ​ឌ្ឍ ដែល​ចូលរួម​បំពេញភារកិច្ច​ជា​ជំនួយការ​អប្បមាទ ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កន្លងទៅនេះ បានទទួល​មរណភាព កាលពី​យប់​ថ្ងៃទី​២០ ខែសីហា ពោល​ក្រោយ​បញ្ចប់​ដំណើរការ​ប្រឡង​រយៈពេល​២​ថ្ងៃ​។ បើតាម​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា  មរណភាព​របស់លោក គង់ និ​វ​ឌ្ឍ ត្រូវបាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា បណ្តាលមកពី​ខ្យល់គរ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ជាមុនសិន ។ 

 
​លោក គង់ និ​វ​ឌ្ឍ ជា​គរុ​សិស្ស​រៀន​ឆ្នាំ​ទី​១ នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តស្វាយរៀង បានទទួល​មរណភាព​កាលពី​យប់​ថ្ងៃទី​២០ ខែសីហា ក្រោយពេល​លោក​បំពេញភារកិច្ច​ជា​មន្ត្រី​អប្បមាទ​រួច​។ នាកិច្ច​ប្រជុំ​បូកសរុប​ដំណើរ​ការសំណេរ លោក ហង់​ជួន ណា​រ៉ុ​ន ក៏បាន​ដឹកនាំ​ពិធីស្មិងស្មាធ៍ ​​គោរព​វិញ្ញាណ​ក្ឋ​ន្ធ លោក គង់ និ​វ​ឌ្ឍ ផងដែរ។ 
 
ជាមួយ​គ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​ផ្ញើលិខិត​រំលែក​ទុក្ខ​ជូន​ដល់​គ្រួសារ​សព​ផងដែរ​។ លោក​បាន​សរសេរ​ក្នុង​លិខិត​រំលែក​ទុក្ខ​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​បួងសួង​ជូន​ដល់​វិញ្ញាណក្ខន្ធ​គរុ​សិស្ស គង់ និ​វ​ឌ្ឍ បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព ជានិច្ច​និរន្ត​ន៍ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សូម​ក្រុមគ្រួសារ ញាតិសន្តាន និង​មិត្តភក្តិ​ទាំងអស់​នៃ​សព ទទួល​នូវ​ការ​រាប់អាន​ដ៏​ស្មោះ​ពី​ខ្ញុំ​»។

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ និង​លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បាន​ដឹកនាំ​ប្រតិភូក្រសួងទៅគោរពវិញ្ញាណក្ខន្ធសព​ផ្ទាល់ផងដែរ៕
 
 

Tag:
 អប្បមាទ​
 ​បាក់​ឌុប​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com