អន្តរជាតិ
ក្រោយ​ដា​ណឺ​ម៉ាក​មិន​លក់​កោះ​ហ្គ្រោ​អង់​ឡង់​ឲ្យ លោក ត្រាំ លុប​ដំណើរ​ទស្សនកិច្ច​ចោល​
21, Aug 2019 , 7:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២០ ខែសីហា បានប្រកាស​លុបចោល​ដំណើរ​ទស្សនកិច្ច​នៅ​ដា​ណឺ​ម៉ាក ដែល​គ្រោង​ធ្វើ​នៅ​ខែកញ្ញា​ខាងមុខ​។ មូលហេតុ​នៃ​ការលុបចោល​នេះ ត្រូវបាន​លោក ត្រាំ និយាយ​ត្រង់ៗ​ថា មកពី​ដា​ណឺ​ម៉ាក​បដិសេធ​លក់​កោះ​ហ្គ្រោ​អង់​ឡង់ (Greenland) ឯ​រឿង​ទស្សនកិច្ច​នេះ ចាំ​គិត​តាម​ក្រោយ​ទៀត​។ ប្រមុខ​រដ្ឋាភិបាល​ដា​ណឺ​ម៉ាក បាន​ហៅ​គំនិត​របស់លោក ត្រាំ ដែល​ចង់​ទិញ​កោះ​ទឹកកក​មួយ​នេះ ជា​រឿង​ហួសហេតុ​។​

 
«​ដោយសារ​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក Mette Frederiksen មិន​ចង់​ជជែក​ពី​ការទិញ​លក់​កោះ​ហ្គ្រោ​អង់​ឡង់ ខ្ញុំ​នឹង​លើក​ពេល​ជំនួប​ទ្វេភាគី​ដែល​គ្រោង​ធ្វើ​នៅ​ពីរ​សប្ដាហ៍​ទៀត​ទៅ​ពេល​ក្រោយ​វិញ​។​» នេះ​ជាការ​ប្រកាស​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅលើ​គណនី Twitter របស់ខ្លួន​។ លោក ត្រាំ ទំនង​មិន​ពេញចិត្ត​នឹង​ការបដិសេធ​របស់​ដា​ណឺ​ម៉ាក តែ​ក្នុង​សារ​របស់ខ្លួន ក៏​និយាយ​សរសើរ​ប្រទេស​សម្ព័ន្ធមិត្ត​មួយ​នេះ ដែលមាន​មនុស្ស​អស្ចារ្យ​ផងដែរ​។ 
 
​កាលពី​សប្ដាហ៍​មុន លោក ត្រាំ និយាយ​ដោយ​មិន​លាក់លៀម​ពី​បំណង​ទិញ​កោះ​ហ្គ្រោ​អង់​ឡង់​ពី​ដា​ណឺ​ម៉ាក និង​ថា ការទិញ​កោះ​ដ៏​ធំ​មួយ​នេះ អាចជួយ​សម្រួល​បន្ទុក​របស់​រដ្ឋាភិបាល​ក្រុង​កូ​ប៉ិន​ហាក​ដែល​ចំណាយលុយ​យ៉ាងច្រើន​លើ​កោះ​ស្វយ័ត​មួយ​នេះ ខណៈ​សម្រាប់​អាមេរិក វា​ជា​ល្អ​ផ្នែក​យុទ្ធសាស្ត្រ​។ លោក ក៏បាន​ជជែក​ពី​បញ្ហា​នេះ​ជាមួយ​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់លោក​ពី​ទិដ្ឋភាព​នានា​ជុំវិញ​គម្រោង​ទឹកដី​បរទេស​នេះ​ផងដែរ​។ 
 
​ក្នុង​សំណេរ​លើ​បណ្ដាញ​សង្គម​ដដែល ដោយ​សំដៅ​លោកស្រី Frederiksen ប្រធានាធិបតី​អាមេរិក​រូប​បន្តថា នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក អាច​សន្សំ​លុយ​បាន​ច្រើន​ពី​កិច្ចព្រមព្រៀង​ទិញ​លក់​នេះ ហើយ​ទំនាក់ទំនង​អាមេរិក និង​ដា​ណឺ​ម៉ាក ក៏​ល្អប្រសើរ​ដែរ​។ លោក ត្រាំ ក៏​រំពឹងថា នឹង​បាន​ជួប​លោកស្រី​នាយករដ្ឋមន្ត្រី​នៅពេល​អនាគត​។  
 
​កាសែត​អាមេរិក The Wall Street Journal ជា​អ្នករាយការណ៍​មុនគេ​ពី​ចំណាប់អារម្មណ៍​របស់លោក ត្រាំ លើ​ការទិញ​កោះ​ទំហំ​ជា​ពីរលាន​ម៉ែត្រក្រឡា​នេះ​។ បើតាម​កាសែត​នេះ លោក ត្រាំ មាន​ចំណាប់អារម្មណ៍​លើ​ធនធាន​រ៉ែ​ដ៏​សម្បូរបែប​របស់​កោះ​នេះ ដែល​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ​ផងដែរ​។ កោះ​ហ្គ្រោ​អង់​ឡង់ ស្ថិតនៅ​ខាងជើង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ហើយ​ជាប់​តំបន់​អាក់​ទិ​ក​។ ភូមិសាស្ត្រ​កោះ​នេះ អំណោយផល​សម្រាប់​ការឃ្លាំមើល​សកម្មភាព​នានា​នៅ​ប៉ូល​ខាងជើង​របស់​ពិភពលោក​។​
 
​មិន​ត្រឹម​រដ្ឋាភិបាល​ដា​ណឺ​ម៉ាក​ទេ សូម្បីតែ​កោះ​ហ្គ្រោ​អង់​ឡង់​ផ្ទាល់​ក៏​មិន​សុខចិត្ត​លក់​ទឹកដី​ខ្លួន​ឲ្យ​អាមេរិក​ដែរ​។ ឆ្លើយតប​នឹង​ចំណាប់អារម្មណ៍​របស់​ប្រធានាធិបតី​អាមេរិក រដ្ឋាភិបាល​តំបន់​មួយ​នេះ អះអាងថា ហ្គ្រោ​អង់​ឡង់ មាន​ធនធាន​ជាច្រើន​ដូចជា​រ៉ែ ទឹកកក ទឹកបរិសុទ្ធ​ជាងគេ ត្រី គ្រឿង​សមុទ្រ ថាមពល​កើតឡើង​វិញ និង​ជា​តំបន់​ទេសចរណ៍​ថ្មី​មួយ​របស់​មនុស្សលោក ប៉ុន្តែ​កោះ​មិនមែន​សម្រាប់​លក់​ឡើយ អាច​ត្រឹម​រកស៊ី​ជាមួយ​ប៉ុណ្ណោះ​៕ 

Tag:
 ដា​ណឺ​ម៉ាក​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com