ជាតិ
លោក ថោង ខុន​៖ ទេសចរណ៍​ម្ហូបអាហារ សំដៅលើ​ការធ្វើដំណើរ ទៅ​តំបន់​ណាមួយ ដើម្បី​ភ្លក់​អាហារ
21, Aug 2019 , 9:19 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងសន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា នាព្រឹកថ្ងៃទី២១សីហា នៅសណ្ឋាគារសុខាភ្នំពេញ( រូបភាព ផ្តល់ដោយ លោក អាន  សុគន្ឌធារ៉ា)​
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងសន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា នាព្រឹកថ្ងៃទី២១សីហា នៅសណ្ឋាគារសុខាភ្នំពេញ( រូបភាព ផ្តល់ដោយ លោក អាន សុគន្ឌធារ៉ា)​
​ភ្នំពេញ​៖ «​ទេសចរណ៍​ម្ហូបអាហារ​» សំដៅលើ​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក​និង​ភ្ញៀវ​ទេចរ​អន្តរជាតិ (Gastronomy Traveler)  ទៅ​តំបន់​ណាមួយ ដើម្បី​ភ្លក់​រសជាតិ​ម្ហូបអាហារ​នៅ​តំបន់​នោះ​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន រដ្ឋ​ម​ន្រី្ត​ក្រសួងទេសចរណ៍ ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្ដីពី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២១​សីហា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

 
​បើតាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​រូបនេះ «​ទេសចរណ៍​ម្ហូបអាហារ​» មិន​ត្រឹមតែ​ចូលរួម​ទាក់ទាញ​ទេសចរ​ជាតិ​-​អន្តរជាតិ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​លើកតម្កើង​ប្រពៃណី បេតិកភណ្ឌ​ជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​បង្កើត​ការងារ​បន្ថែម ជំរុញ​សហគ្រិនភាព ការបង្កើត​ថ្មី និង​ភាព​ច្នៃប្រឌិត ផងដែរ​។ វិស័យ​ទេសចរណ៍​បែបនេះ នឹងចូលរួម​ទាក់ទាញ​ទេសចរ​ជាតិ​ឲ្យ​ទៅ​ទស្សនា​តំបន់​គោលដៅ​ម្ហូបអាហារ​ទាំងនោះ ហើយក៏​ដូចជា​ការចូល​រួម​ទាក់ទាញ​ទេសចរ ពី​តំបន់​ប្រមូលផ្ដុំ​មក​ទស្សនា​គោលដៅ​ទេសចរណ៍​ម្ហូបអាហារ​ផងដែរ​។ លោក ថោង ខុន បញ្ជាក់​ដូច្នេះ​ថា​៖«​ទេសចរណ៍​ម្ហូបអាហារ គឺជា​ចំណែក​ទីផ្សារ (Market Segment) ដែល​កំពុង​ទទួលបាន​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​»​។ 
 
​លោក ថោង ខុន បាន​បន្ថែមថា វិជ្ជាជីវៈ​ផ្នែក​ម្ហូបអាហារ គឺ​ទាមទារ​ទាំង​ឆន្ទៈ ចំណេះដឹង ជំនាញ ឥរិយាបថ​ខ្ពស់ សិល្បៈ និង​គំនិត​ច្នៃប្រឌិត ដែល​មិនអាច​ខ្វះ​បាន​។ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ម្ហូបអាហារ ពិតជា​នាំមក​នូវ​ការរីកចម្រើន​ផ្នែក​អាជីព ក្នុង​វិស័យ​ទេសចរណ៍ ជាពិសេស​ចូលរួម​ទប់ស្កាត់​ចំណាកស្រុក និង​បង្កើន​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ​។​
 
​សូមជម្រាបថា ក្រសួងទេសចរណ៍​រៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​១  ស្តីពី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) នេះ​ឡើង​គឺ ដើម្បី​លើកកម្ពស់​គុណ​តម្លៃ​ប្រពៃណី និង​បេតិកភណ្ឌ​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។ លើសពីនេះ គឺ​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ម្ហូបអាហារ និង​ផលិតផល​ខ្មែរ ឲ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​៕

Tag:
 ទេសចរណ៍​
  ម្ហូបអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com