អន្តរជាតិ
លោក ប្រាយុទ្ធ អំពាវនាវប្រជាជនថៃឲ្យចូលរួមការប្រយុទ្ធប្រឆាំងថង់ប្លាស្ទិក នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា កាន់តុក្កតាសត្វជ្រូកទឹក។ រូបភាព The Nation
×
ដោយ៖ ឈួន ឈីវអ៊ីង (
នៅថ្ងៃទី២០ ខែសីហា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានអំពាវនាវដល់ប្រជាជនថៃទាំងអស់ឲ្យចូលរួមជួយរាជរដ្ឋាភិបាលដើម្បីសម្រេចបានគោលដៅនៃការថែរក្សាសមុទ្រឲ្យស្អាតដោយគ្មានថង់ប្លាស្ទិក។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកូនសត្វជ្រូកទឹក (dugong) កម្រមួយក្បាលដែលទើបតែមានអាយុ ៨ខែ បានងាប់ដោយសារស៊ីថង់ប្លាស្ទិកចូលពោះ។
ការងាប់របស់កូនជ្រូកទឹកមួយក្បាលឈ្មោះ Mariam ដែលបណ្ដាលមកពីថង់ប្លាស្ទិក ធ្វើឲ្យមានការសោកស្ដាយយ៉ាងខ្លាំង។ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានស្នើឲ្យប្រជាជនថៃចូលរួមយុទ្ធនាការសមុទ្រគ្នាថង់ប្លាស្ទិកដើម្បីការពារធនធានសមុទ្រ។
សំដៅទៅដល់កូនជ្រូកទឹកមួយផ្សេងទៀតឈ្មោះ Yameel ដែលស្ថិតក្រោមការមើលថែរបស់ក្រុមអាជ្ញាធរ លោក ប្រាយុទ្ធបាននិយាយថា Yameel មិនអាចងាប់បានទេ។ លោកបានជំរុញមន្ត្រីនិងក្រុមអ្នកស្ម័គ្រចិត្តឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារវា។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Nation ។
លោកបានបន្ថែមទៀតថា លោក សោកស្តាយណាស់ដែលមិនបានទៅមើល Mariam ហើយវាពិតជាគួរឲ្យអាណិតដែលក្នុងក្រពះរបស់សត្វមួយនេះមានប្លាស្ទិកដែលជាប្រភេទកាកសំណល់ត្រូវការពេល ៤៥០ឆ្នាំដើម្បីរលាយ។
លោកនាយករដ្ឋមន្ត្រីបានអំពាវនាវដូចនេះ នៅពេលទទួលជួបរដ្ឋមន្ត្រីធនធានធម្មជាតិ លោក Warawuth Silpa-archa និង អគ្គនាយកនៃនាយកដ្ឋានធនធានសមុទ្រនិងឆ្នេរ លោកJatuporn Burutpat ដែលដឹកនាំក្រុមមន្ត្រីទៅវិមានរដ្ឋាភិបាលដើម្បីជួបលោក និងផ្តល់ពត៌មានអំពីយុទ្ធនាការ កាត់បន្ថយ ទប់ស្កាត់ និងបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីការពារជីវិតក្នុងសមុទ្រ។
ជាមួយនេះ មន្ត្រីមួយក្រុមនៃគណៈកម្មាធិការធនធានសមុទ្រជាតិ ក៏បានរៀបចំសំណើមួយដើម្បីឲ្យគណៈរដ្ឋមន្ត្រីដើម្បីពិចារណាអំពីការកាត់បន្ថយអាត្រាការស្លាប់របស់សត្វជ្រូកទឹក ពី២០ ទៅ ៤៥ ភាគរយ និងការបង្កើនចំនួនសត្វនេះយ៉ាងតិច ៥០ភាគរយនៅដប់ឆ្នាំក្រោយ។ បច្ចុប្បន្ននេះ មានសត្វជ្រូកទឹកត្រឹមតែ ២៥០ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងប្រទេសថៃ៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
ជ្រូកទឹក
© រក្សាសិទ្ធិដោយ thmeythmey.com