អន្តរជាតិ
ចិន បញ្ជាក់ថា​បាន​ឃុំខ្លួន​បុគ្គលិក​ស្ថាន​កុងស៊ុល​អង់គ្លេស​នៅ​ហុងកុង​
21, Aug 2019 , 9:39 pm        
រូបភាព
បុគ្គលិកជនជាតិចិនម្នាក់ ឈ្មោះថា Simon Cheng ដែលបម្រើការនៅស្ថានកុងស៊ុលចក្រភពអង់គ្លេសប្រចាំទីក្រុង ហុងកុង
បុគ្គលិកជនជាតិចិនម្នាក់ ឈ្មោះថា Simon Cheng ដែលបម្រើការនៅស្ថានកុងស៊ុលចក្រភពអង់គ្លេសប្រចាំទីក្រុង ហុងកុង
ដោយ:
​បុគ្គលិក​ជនជាតិ​ចិន​ម្នាក់ ឈ្មោះថា Simon Cheng ដែល​បម្រើការ​នៅ​ស្ថាន​កុងស៊ុល​ចក្រភព​អង់គ្លេស​ប្រចាំ​ទីក្រុង ហុងកុង ត្រូវបាន​ឃុំខ្លួន​ក្នុង​ទីក្រុង Shenzhen ព្រំដែន​ចិនដីគោក​ក្នុងករណី​ល្មើសច្បាប់​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​ពុធ​ទី ២១ សីហា ។​

 
​ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន នា​រដ្ឋធានី ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Geng Shuang បាន​និយាយថា លោក Cheng ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​១៥​ថ្ងៃ​មកហើយ ដោយ​កម្លាំង​ប៉ូលិស​ទីក្រុង Shenzhen ក្រោយពី​បំពាន​ច្បាប់​គ្រប់គ្រង​សន្តិសុខ​សាធារណៈ ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Geng សង្កត់ធ្ងន់ថា លោក Cheng ជា​ជន​ជាតិចិន​ម្នាក់ ហេតុដូច្នេះ រឿងនេះជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ទាំងស្រុង​។ 
 
​ចក្រភព​អង់គ្លេស បានបញ្ជាក់​ឲ្យ​ដឹងថា ខ្លួន​មាន​កង្វល់​ជាខ្លាំង​ជុំវិញ​របាយការណ៍ ដែល​បាន​ចុះផ្សាយ​ថា បុគ្គលិក​ម្នាក់​ដែល​បម្រើការ​នៅ​ស្ថាន​កុងស៊ុល​ខ្លួន​ប្រចាំ​ទីក្រុង​ហុងកុង ត្រូវបាន​ឃុំខ្លួន​។ ទាក់ទង​នឹង​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​ក្រុង​ឡុង​ដ៍​បែបនេះ ក្រសួងការបរទេស​ចិន តាមរយៈ​លោក Geng បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិន​ពេញចិត្ត​ចំពោះ​សម្តី និង​ទង្វើ​របស់​អង់គ្លេស​លើ​រឿង​ហុងកុង​ឡើយ​។ ទន្ទឹមនឹងនេះ ចិនក៏​ស្នើសុំឲ្យអង់គ្លេស បញ្ឈប់​ការលើកឡើង​ដោយ​ខ្វះ​ទំនួល​ខុសត្រូវ​ដូចនេះ​បន្តទៀត ហើយក៏​ឈប់​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង និង​ចិន​តទៅទៀត​ផងដែរ​​។ 
 
​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​មិត្តស្រី និង​គ្រួសារ​លោក ដែល​បាន​ចុះផ្សាយ​លើ​វេ​ប​សាយ​ហុងកុង HK01 លោក Simon Cheng ពុំ​ឃើញ​ត្រឡប់​ទៅធ្វើ​ការចាប់​តាំងពី​ថ្ងៃទី ៩ ខែសីហា ក្រោយពី​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Shenzhen ។ គ្រួសារ​របស់លោក Cheng បានបញ្ជាក់​ពី​ការបាត់​ខ្លួន​របស់លោក​លើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក កាលពី​យប់​ថ្ងៃ​អង្គារ ទី ២០ ខែសីហា ដោយ​និយាយថា លោក​បានធ្វើ​ដំណើរ​ពី​ហុងកុង​ទៅកាន់​ទីក្រុង Shenzhen កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃទី ៨ ខែសីហា សម្រាប់​ទស្សនកិច្ច​ធុរកិច្ច​មួយ​៕

Tag:
 ចិន​
  ហុងកុង​
  ចក្រភព​អង់គ្លេស​
  ស្ថាន​កុងស៊ុល​
© រក្សាសិទ្ធិដោយ thmeythmey.com