ជាតិ
សង្គមជាតិ
ទីតាំងបញ្ចូលហ្កាស៣កន្លែងនៅសៀមរាប ត្រូវបានផ្អាក ក្រោយផ្ទុះបង្កឲ្យមានអ្នករបួស រូបភាពពីក្រសួងរ៉ែនិងថាមពល
× ក្រោយពីហេតុការណ៍ផ្ទុះឆេះទីតាំងបញ្ចូលហ្កាសនៅកណ្តាលក្រុងសៀមរាប ដែលធ្វើឲ្យមានអ្នករបួសមួយចំនួនកន្លងមក មន្ទីររ៉ែ និង ថាមពលខេត្ត បានចុះទៅពិនិត្យ នៅថ្ងៃទី២០ សីហា ឆ្នាំ២០១៩ ហើយក៏តម្រូវឲ្យផ្អាកដំណើរការ រួមទាំងផ្អាកការស្តុកទុកហ្កាសផងដែរ។ មន្ត្រីជំនាញ រកឃើញថា ទីតាំងបញ្ចូលហ្កាស៣កន្លែងនោះ គ្មានលិខិតអនុញ្ញាតឡើយ។
ទីតាំងប្រកបអាជីវកម្ម និងបញ្ចូលហ្កាសកំប៉ុងទាំង៣ទីតាំងនោះ ស្ថិតក្នុងភូមិមណ្ឌល១ ភូមិស្ទឹងថ្មី និង ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែខេត្តសៀមរាប បានឲ្យដឹងថា ក្រោយផ្អាករួចហើយ មន្ត្រីជំនាញ បានតម្រូវឲ្យរើឧបករណ៍ផ្ទេរហ្កាសចេញពីទីតាំងទាំងនោះ។ លោក បន្តថា កម្លាំងជំនាញបានតម្រូវឲ្យម្ចាស់ទីតាំងអាជីវកម្ម ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និង ត្រូវគោរពទៅតាមលក្ខខណ្ឌ និង បទដ្ឋានបច្ចេកទេស អនុលោមតាមច្បាប់ជាធរមាន។
លោក មាស ជូរ៉ានី បញ្ជាក់ថា នាពេលកន្លងមក មន្ទីរជំនាញ តែងចុះអប់រំប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មបញ្ចូលហ្កាស និងស្តុបហ្កាស ឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសក្នុងការបង្ការជៀសវាងកុំឲ្យកើតហានិភ័យណាមួយ។ ក្នុងហេតុការណ៍ផ្ទុះហ្កាសក្នុងក្រុងសៀមរាបកន្លងមកនេះ គឺបណ្តាលមកពីការធ្វេសប្រហែសរបស់ម្ចាស់អាជីវកម្ម និង មិនគោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញ ព្រមទាំងទីតាំងមួយចំនួនបានលួចលាក់ដោយពុំបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com