អន្តរជាតិ
ស៊ូដង់៖ យោធា និងស៊ីវិលដឹកនាំប្រទេសរួមគ្នា មុនរៀបចំការបោះឆ្នោត រូបភាព AFP
× ក្រោយស្ថិតក្រោមការដឹកនាំរបស់យោធាអស់ពេលជាងបួនខែរួចមក ស៊ូដង់មានក្បាលម៉ាស៊ីនដឹកនាំប្រទេសថ្មី ដែលបន្តដឹកនាំប្រទេសពីយោធា។ យោធាស៊ូដង់កំពុងកាន់អំណាច និងចលនាប្រឆាំង បានឈានដល់ការបង្កើតក្រុមប្រឹក្សាអធិបតេយ្យមួយមានសមាជិក១១នាក់ដើម្បីដឹកនាំប្រទេសក្នុងរយៈពេលអន្តរកាល៣៩ខែ មុនការបោះឆ្នោតមួយរៀបចំឡើង។ វិបត្តិសេដ្ឋកិច្ច គឺជាបញ្ហាធំសម្រាប់រដ្ឋាភិបាលស៊ូដង់ថ្មី។
ស្ថិតក្រោមរបបដឹកនាំផ្ដាច់ការ អូម៉ា អាល់-បាសៀ ជាង៣០ឆ្នាំ រួចត្រូវយោធាដែលទម្លាក់លោក អាល់-បាសៀ ពីអំណាច គ្រប់គ្រងចំនួនបួនខែទៀត ពេលនេះស្ថានការណ៍នយោបាយស៊ូដង់បានឈានដល់ដំណាក់ថ្មីមួយទៀត។ យោធាស៊ូដង់ និងមេដឹកនាំបាតុកម្ម នៅថ្ងៃទី២០ ខែសីហា បានប្រកាសពីការបង្កើតក្រុមប្រឹក្សាអធិបតេយ្យមួយ ដែលមានសមាសភាពចម្រុះស៊ីវិល និងយោធាដើម្បីដឹកនាំប្រទេសយ៉ាងតិចណាស់៣ឆ្នាំខាងមុខ។
ក្រុមប្រឹក្សអធិបតេយ្យនេះ មានសមាជិកយោធាចំនួន៥រូប និងស៊ីវិល៦រូប។ ការបង្កើតក្រុមប្រឹក្សាដែលមានសមាសភាពស៊ីវិលភាគច្រើន ក៏ជាការបញ្ចប់ការដឹកនាំរបស់ក្រុមប្រឹក្សាយោធាដែលគ្រប់គ្រងស៊ូដង់ប៉ុន្មានខែមកនេះ។ ក្រុមប្រឹក្សានេះ ជាលទ្ធផលនៃការចរចាយ៉ាងតឹងតែងរវាងយោធា និងក្រុមបាតុករ ក្រោមការសម្របសម្រួលរបស់អេត្យូពី និងសហភាពអាហ្វ្រិក។ មនុស្សជាងពីររយនាក់បានស្លាប់ មុនសម្រេចបានកិច្ចព្រមព្រៀងដែលឈានដល់ការបង្កើតក្រុមប្រឹក្សាថ្មីនេះ។
ក្រោមកិច្ចព្រមព្រៀង ប្រមុខក្រុមប្រឹក្សាយោធា ឧត្តមសេនីយ៍ Abdel Fattah al-Burhan នឹងដឹកនាំក្រុមប្រឹក្សាថ្មីរយៈពេល២១ខែ ឯ១៨ខែចុងក្រោយនឹងដឹកនាំសមាជិកមកពីក្រុមស៊ីវិលវិញម្ដង។ សមាជិកក្រុមប្រឹក្សាអធិបតេយ្យទាំងអស់ រួមទាំងនាយករដ្ឋមន្ត្រីថ្មីផង ស្បថចូលកាន់តំណែងនៅថ្ងៃទី២១ ខែសីហា។ សេដ្ឋវិទូប្រចាំប្រទេស លោក Abdalla Hamdok ត្រូវបានតែងតាំងដោយចលនាប្រឆាំងដើម្បីធ្វើជានាយករដ្ឋមន្ត្រីក្នុងរយៈពេលអន្តរកាលនេះ។
ជាមួយគ្នានេះ សភានីតិបញ្ញត្តិមួយ ក៏នឹងត្រូវបង្កើតផងដែរដោយមានសមាជិកបីរយនាក់ ដើម្បីកាន់កាប់ការងារនីតិបញ្ញត្តិទម្រាំមានការបោះឆ្នោតថ្មី។ ចំណែកឯគណៈរដ្ឋមន្ត្រីថ្មីវិញ នឹងមានសមាសភាពជាអ្នកជំនាញទាំងអស់។
ការឈានមកដល់ដំណាក់កាលនេះ មិនមែនជារឿងងាយស្រួលឡើយ ខណៈការចរចារវាងក្រុមយោធាកាន់អំណាច និងក្រុមបាតុករបានបរាជ័យជាញឹកញយផងដែរ។ ទោះជាយ៉ាងណា ការផ្ទេរអំណាចពីយោធាទៅឲ្យក្រុមប្រឹក្សាថ្មីដែលមានសមាជិកស៊ីវិលភាគច្រើន ជារឿងគួរឲ្យសាទរមួយសម្រាប់ស៊ូដង់។ ការដោះស្រាយវិបត្តិសេដ្ឋកិច្ច ជាបញ្ហាអាទិភាពសម្រាប់រដ្ឋាភិបាលថ្មី ពិសេសតម្លៃប្រេង នំប៉័ង និងការធ្លាក់ចុះលុយជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com