កីឡាជាតិ
ជាតិ
បឹងកេត​បង្កើត​មូលនិធិ​សប្បុរសធម៌​ជួយ​ជនក្រីក្រ កុមារកំព្រា និង​ជនរងគ្រោះ​ដោយ​បាតុភូតធម្មជាតិ​
22, Aug 2019 , 7:59 am        
រូបភាព
លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត(ស្តាំ)ជាមួយធុងសប្បុរសធម៌បឹងកេត, រូបភាពពីក្លិបបឹងកេត
លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត(ស្តាំ)ជាមួយធុងសប្បុរសធម៌បឹងកេត, រូបភាពពីក្លិបបឹងកេត
ដោយ:
​ក្លិប​បាល់ទាត់​បឹងកេត​បង្កើត​មូលនិធិ​សម្បុ​រសធម៌ ដើម្បី​ប្រមូល​ថវិកា​ជួយ​ជនក្រីក្រ កុមារកំព្រា និង​ជនរងគ្រោះ​ដោយ​បាតុភូតធម្មជាតិ​។ តាមពិត​មូលនិធិ​នេះ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៨ គ្រាន់តែ​មិន​បើកទូលាយ​ឲ្យ​សប្បុរស​និង​មហាជន​ចូលរួម​។ គោលបំណង​ធំ​របស់​មូលនិធិ​នេះ គឺ​ចង់​ផ្សារភ្ជាប់​សកម្មភាព​មនុ​ស្ស​ធម៌​ជាមួយ​បាល់ទាត់ និង​ផ្តល់ឱកាស​ដល់​សិក្សា​នុ​សិស្ស​នៅតាម​តំបន់​ដាច់ស្រយាល​បាន​លេង​បាល់ទាត់​ជាដើម​។​

 
​ក្រៅពី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់ ការចូលរួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ គឺជា​គោលបំណង​សំខាន់​មួយ​ផងដែរ​សម្រាប់​ក្លិប​បាល់ទាត់​បឹងកេត​។ ដោយ​ចង់​រួមចំណែក​ក្នុង​សកម្មភាព​សង្គម ក្លិប​បឹងកេត​កាលពីពេល​ថ្មីៗ បាន​បង្កើត​មូលនិធិ​សប្បុរសធម៌​មួយ​ឡើង ដើម្បី​ប្រមូល​ថវិកា​ជួយ​ជនក្រីក្រ កុមារកំព្រា និង​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ និង​បញ្ហា​ផ្សេងៗ​។​
 
​មូលនិធិ​នេះ​បើកទូលាយ​ក្នុងការ​ចូលរួម​សម្រាប់​សប្បុរសជន និង​មហាជន​ទូទៅ ដែលមាន​បំណង​ចង់​ចូលរួមចំណែក​សកម្មភាព​មនុស្សធម៌​។ ក្នុងន័យនេះ អ្នកគាំទ្រ​ដែល​មក​ទស្សនា​រាល់​ការប្រកួត​ក្លិប​បឹងកេត​ធ្វើ​ម្ចាស់ផ្ទះ មិន​ត្រឹមតែ​បានរួម​ចំណែក​ជួយ​លើកទឹកចិត្ត​កីឡាករ និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូលរួមចំណែក​ក្នុង​អំពើ​មនុស្សធម៌​ទៀតផង​។ 


លោកស្រី ពុធ ធីតា និងស្វាមីពេលបរិច្ចាគថវិកាចូលវិភាគទានសប្បុរសធម៌របស់បឹងកេត
 
​ជាក់ស្តែង​ក្នុងជំនួប​រវាង​ក្រុម​បឹងកេត​ជាមួយ​វិសាខា​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ កាលពី​ថ្ងៃទី​១៧ សីហា នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ ក្លិប​បឹងកេត​បានរៀបចំ​កម្មវិធី​ភាគទាន​សប្បុរសធម៌ ដើម្បី​រៃអង្គាស​ថវិកា​ពី​ទស្សនិកជន​ដែល​មក​ទស្សនា​ការប្រកួត​ផ្ទាល់​នៅ​ទីនោះ​។ 
 
​ក្នុងឱកាស​នោះ​លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត​បាន​លើកឡើងថា​៖«​ដោយសារ​កីឡដ្ឋាន​របស់​យើង នៅ​មិនទាន់​រួចរាល់​ជា​ផ្លូវការ ហើយ​យើង​ក៏​មិនទាន់​លក់​សំបុត្រ​ចូល​ទស្សនា​ផង​នោះ ដូច្នេះ​យើង​ក៏បាន​បង្កើត​នូវ​ការដាក់​ប្រអប់​មូលនិធិ​សប្បុរសធម៌​ជំនួស​វិញ​។ ដូច្នេះ​អ្នកគាំទ្រ​អាច​ចូលរួម​ទស្សនា​ដោយ​សេរី​ហើយ ថែមទាំង​អាច​ចូលរួម​ថវិកា​ក្នុង​មូលនិធិ​សប្បុរសធម៌​យើង​»​។ 
 
​បើតាម​លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត មូលនិធិ​ខាងលើ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៨ ពោលគឺ​តាំងពី​លោកស្រី ពុធ ធីតា ចូលមក​ដឹកនាំ​។ ប៉ុន្តែ​សកម្មភាព​រៃអង្គាស​ថវិកា​នៅពេលនោះ​មិនទាន់​បើកទូលាយ​ដូច​បច្ចុប្បន្ន​នោះទេ ដោយ​ថវិកា​ភាគទាន​ភាគច្រើន​បាន​ពី​ការបរិច្ចាគ​របស់​ប្រធាន និង​សមាជិក​ប្រតិបត្តិ​របស់​ក្លិប​។ 
 
​នៅ​ឆ្នាំ​២០១៨ មូលនិធិ​នេះ​បាន​ទិញ​សម្ភារ និង​គ្រឿង​បរិក្ខា​មួយចំនួន​ដាក់​មន្ទីរពេទ្យ​កុមារ​ជាតិ និង​ជួយ​ដល់​ក្មេងៗ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ទីនោះ​។ បន្ទាប់មក​បាន​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​ចំនួន​២០០​គ្រួសារ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ 
 
​នៅ​ឆ្នាំ​២០១៩ មូលនិធិ​សប្បុរសធម៌​របស់​ក្លិប​បឹងកេត​នឹង​ចុះទៅ​កាន់​សាលារៀន​នៅតាម​ដាច់ស្រយាល ដើម្បី​ចែក​សម្ភារ​សិក្សា​ដូចជា​សៀវភៅ ប៊ិច ខ្មៅ​ដៃ និង​សម្ភារ​សិក្សា​ផ្សេងៗ​ដល់​សិស្សានុសិស្ស​។ ក្នុងអំឡុងពេល​ចុះ​ចែក​សម្ភារ​នោះដែរ ក្លិប​បឹងកេត​នឹង​រៀបចំ​កម្មវិធី​ចែករំលែក​បទពិសោធ​បាល់ទាត់ ដល់​យុវជន យុវនារី ក៏ដូចជា​ផ្តល់ឱកាស​ឲ្យ​ពួកគេ​បានបង្ហាញ​សមត្ថភាព​និង​លេង​បាល់ទាត់​ជាមួយ​កីឡាករ​កំពុង​ប្រកប​អាជីព​នៅ​បឹងកេត​។ ប៉ុន្តែ​មកទល់ពេលនេះ​ក្លិប​បឹងកេត​មិនទាន់​រកឃើញ​ទីតាំង​ដែល​ត្រូវ​ចុះទៅ​នៅឡើយ​ទេ​៕  



Tag:
 បាល់ទាត់​
  បឹងកេត​
  បែ មករា
© រក្សាសិទ្ធិដោយ thmeythmey.com