ជាតិ
នគរបាល​បាន​បង្ខំ​ឲ្យ​អ្នកបើកបរ​ពាក់មួក​សុវត្ថិភាព​ជាង​១០​ម៉ឺន​នាក់​ក្នុង​យុទ្ធនាការ​១​ខែ​
22, Aug 2019 , 8:59 am        
រូបភាព
រូបពីស្នងការនគរបាលរាជធានីភ្នំពេញ
រូបពីស្នងការនគរបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ពាក់មួក​សុវត្ថិភាព ចាប់ពី​ថ្ងៃទី​១៩​ខែកក្កដា ដល់​ថ្ងៃទី​១៨​ខែសីហា ដែល​ដាក់ចេញ​ដោយ​រដ្ឋមន្ត្រី​សម្ដេច ស ខេង កន្លងមកនេះ បានធ្វើ​អត្រា​អ្នកស្លាប់​ថយចុះ និង​ធ្វើ​ឲ្យ​អ្នកដំណើរ​ពាក់មួក​សុវត្ថិភាព​ជាច្រើន​ម៉ឺន​នាក់​។


 
​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​យុទ្ធនាការ​រយៈពេល​១​ខែ​មកនេះ បង្ហាញថា នគរបាល​បាន​ត្រួតពិនិត្យ​អ្នកជិះ​ទោចក្រយានយន្ត​សរុប ២៧៣ ៧១៩​នាក់ ដោយបាន​បង្ខំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ឲ្យ​ពាក់មួក​សុវត្ថិភាព​ចំនួន ១០៧ ៤១២​នាក់​។ នេះ​ជា​តួលេខ​ដែល​ដែល​សម្ដេច ស ខេង ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី​២០​ខែសីហា​។​


 
​ឧបនាយករដ្ឋមន្ត្រី​សម្ដេច ស ខេង បាន​វាយតម្លៃ​យុទ្ធនាការ​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​យុទ្ធនាការ​រឹង​បន្តឹង​ការពាក់​មួកសុវត្ថិភាព លើ​អ្នកដំណើរ​តាម​មធ្យោបាយ​ទោចក្រយានយន្ត​ទូទាំងប្រទេស​ក្នុង​រយៈពេល​ពេញ​មួយខែ​មកនេះ ដែល​បានធ្វើ​ឲ្យ​អត្រា​អ្នកស្លាប់ និ​ង​រងរបួស​មានការ​ថយចុះ និង​ធ្វើ​ឲ្យ​អ្នកដំណើរ​តាម​ម៉ូតូ​បាន​ពាក់មួក​សុវត្ថិភាព​ជាច្រើន​ម៉ឺន​នាក់​»​។​
 
​ការអនុវត្ត​ក្នុង​យុទ្ធនាការ​នេះ គឺ​នគរបាល ពេល​ចាប់​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ដែល​អត់​ពាក់មួក​សុវត្ថិភាព មិនត្រូវ​ពិន័យ​នោះទេ តែ​ត្រូវតម្រូវ​ឲ្យ​អ្នក​ទាំងនោះ​ធ្វើយ៉ាងណា​រក​មួកសុវត្ថិភាព​ឲ្យ​បាន​យកមក​ពាក់ ទើប​ឲ្យ​ធ្វើដំណើរ​ទៅមុខទៀត​។​


 
​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រូបនេះ បាន​អះអាងថា អត្រា​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​។ សម្ដេច​បាន​ឲ្យ​ដឹងថា ជាក់ស្ដែង​ណាស់ ការប្រៀបធៀប​អំពី​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១​ខែ​នៃ​យុទ្ធនាការ​រឹតបន្តឹង​ការពាក់​មួកសុវត្ថិភាព ទៅនឹង​រយៈពេល​ដូចគ្នា​មុនពេល​រឹតបន្តឹង​ឃើញថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៣២៨​លើក ថយ​ចំនួន ៤​លើក ស្មើ ១​ភាគរយ​, អ្នកជិះ​ម៉ូតូ​ស្លាប់​ចំនួន ១១៤​នាក់ ថយ​៤​នាក់ ស្មើ​៣​ភាគរយ​, អ្នកជិះ​ម៉ូតូ​របួស​ចំនួន ៣៤៣​នាក់ ថយ ១៥​នាក់ ស្មើនឹង ៤​ភាគរយ ។​
 
​ជាមួយគ្នា សម្ដេច ស ខេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ផ្លាស់ប្ដូរ​ទម្លាប់​មក​ពាក់​មួកសុវត្ថិភាព​ទាំងអស់គ្នា ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពេលធ្វើ​ដំណើរ និង​រួច​ផុតពី​ការផាកពិន័យ ដោយ​ចាប់ពី​ថ្ងៃទី​២០​ខែសីហា នគរបាល​ចាប់ផ្ដើម​ការពិន័យ​ដូច​សព្វដង តាមច្បាប់​ចរាចរណ៍​៕



Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
  មួកសុវត្ថិភាព​
  ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com