ជាតិ
បាក់ឌុប
ទិដ្ឋភាព​ពេល​បាក់​ឌុប បង្ហាញ​ឲ្យ​ឃើញ​ពី​ក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​ឪពុកម្តាយ​ចំពោះ​កូនៗ​
22, Aug 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
ស៊ី​ជោរ​? ចង់​ល្បី​? សម្តែង​? ការលើកឡើង​បែបនេះ​ដាក់​ព្រះ​រស់ ពិតជា​មិន​ត្រឹមត្រូវ​។ ទង្វើ​របស់​ឪពុកម្តាយ​ចំពោះ​កូនៗ មិនចាំបាច់​ដើរ​តាម​សេណា​រី​យ៉ូ ដែល​រៀបចំ​នោះឡើយ ដោយ​នេះ​ជា​ច្បាប់ធម្មជាតិ​។ ក្តី​ស្រឡាញ់​របស់​ឪពុកម្តាយ​ធំធេង​ខ្លាំងណាស់ បើទោះបីជា​គាត់​មិនអាច​ជួយ​អ្វី​បាន​ក៏ដោយ ប៉ុន្តែ​ពួកគាត់​តែងតែ​ព្យាយាម​ផ្តល់​កម្លាំងចិត្ត​ដល់​កូនៗ​គ្រប់​រូបភាព​ដែល​អាចធ្វើ​ទៅបាន​។​



​នា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​ទី​១៩ សីហា ២០១៩ កន្លងមក ក៏ដូចជា​ឆ្នាំមុនៗ ឪពុកម្តាយ បងប្អូន​សាច់ញាតិ របស់​បេក្ខជន​មួយចំនួន បានបង្ហាញ​វត្តមាន​នៅក្រៅ​មណ្ឌល​ប្រឡង​។ តាមពិតទៅ ពួកគាត់​ដឹង​ច្បាស់​ថា ការប្រឡង​នៅ​សម័យ​កែទម្រង់​នេះ ពួកគាត់​មិនអាច​ជួយ​អ្វី​បានឡើយ​ដល់​បេក្ខជន ប៉ុន្តែ​ពួកគាត់​សុខចិត្ត​ខាត​ពេលវេលា​រកស៊ី ឬ​ធ្វើ​កិច្ចការ​ផ្សេងៗ ដើម្បី​ទៅ​លើកទឹកចិត្ត​ដល់​កូនចៅ​ខ្លួន​។​

«​ត្រូវ​ជំរុញ​ឲ្យ​កូន​ប្រឹងរៀន​មុនពេល​ប្រឡង មិនមែន​មក​លើកទឹកចិត្ត​នៅ​ថ្ងៃ​ប្រឡង​នោះឡើយ​»​។ ពាក្យ​បែបនេះ​ច្រើនណាស់​ដែល​យើង​សង្កេត​នៅលើ​បណ្តាញ​សង្គម ទាក់ទង​នឹង​ទិដ្ឋភាព​ឪពុកម្តាយ​នៅ​ត្រៀបត្រា​ពេញមុខ​មណ្ឌល​ប្រឡង​។ អ្នកខ្លះ លើក​ពី​ប្រវត្តិ​របស់ខ្លួន​ថា មិនមាន​ឪពុកម្តាយ​ទៅ​លើកទឹកចិត្ត​ផង ប៉ុន្តែ​នៅតែ​ប្រឡង​ជាប់​។​

​ត្រឹមត្រូវ​ណាស់ «​អ្នកចេះ​គឺជា​ប់​» ហើយ​តាមពិតទៅ បេក្ខជន​ខ្លះ​ក៏​មិន​ចង់​រំខាន​ពេលវេលា​របស់​ឪពុកម្តាយ​ខ្លួន​នោះដែរ ប៉ុន្តែ​ទាំងអស់នេះ គឺជា​ការសម្រេចចិត្តរ​បស់​អ្នកមានគុណ​ផ្ទាល់​តែម្តង​។ ដូចជា​ការប្រកួត​កីឡា​យ៉ាង​ដូច្នោះ​ដែរ អ្នកគាំទ្រ​ដ៏​ងុប​ង​ល់​មិន​ចង់​មើល​ការផ្សាយ​ឡើងវិញ​ឡើយ ដោយ​ពួកគេ​ព្យាយាម​តាមដាន​សកម្មភាព​ផ្សាយ​ផ្ទាល់ (Live) ដើម្បី​ដឹង​ពី​លទ្ធផល​ភ្លាមៗ រីឯ​ឪពុកម្តាយ​ខ្លះ​វិញ​ក៏​យ៉ាង​ដូច្នោះ​ដែរ ពួកគាត់​ចង់ដឹង និង​តាមដាន​សកម្មភាព​ប្រឡង​របស់​កូនៗ ជាជាង​នៅផ្ទះ​ចាំ​សួរ ក្រោយ​ប្រឡង​ចប់​។​

​វត្តមាន​របស់​ពួកគាត់​ក៏​មិន​ទើស​ទែង​ពេក​នោះដែរ ដោយ​ឪពុកម្តាយ ជីដូន​ជីតា បងប្អូន​ប្រុស​ស្រី​ខ្លះ ត្រៀមខ្លួន​ជួយ​សម្រួល​ដល់​បេក្ខជន​នៅពេលដែល​ពួកគេ​ចេញពី​ប្រឡង តាមរយៈ​ការរៀបចំ​ម្ហូបអាហារ និង​សេវា​ដឹកជញ្ជូន​ផ្សេងៗ។

សូមទស្សនាទិដ្ឋភាពដែលផ្តិតដោយអ្នកសារព័ត៌មាន ThmeyThmey នាអំឡុងពេលប្រឡងបាក់ឌុបកន្លងមក៖

ឃើញកូនដើរចេញមកដោយជំនឿចិត្ត ឪពុកពិតជាសប្បាយ​ចិត្តខ្លាំងណាស់។ រូបថត ឆាយ រង្សី


កូនយកស្បែកជើងពុក​ទៅទ្រាប់អង្គុយទៅ ហើយញ៉ាំបាយឲ្យកម្លាំង​ដើម្បីត្រៀមប្រឡងម៉ោងក្រោយ។ រូបថត ប៉ាន់ បូនី


អាកាសធាតុក្តៅខ្លាំង តែកុំភ័យ ចាំម៉ាក់ បាំងថ្ងៃឲ្យ។ រូបថត ប៉ាន់ បូនី


បាយមួយកញ្ចប់នេះ ពុកទុកឲ្យកូនញ៉ាំ ពេលចេញពីប្រឡង។ រូបថត ប៉ាន់ បូនី


ម្តាយសម្រាក​លើម៉ូតូបន្តិចសិន ប៉ុន្តែពេលកូន​ចេញពីប្រឡង ម្តាយមានទឹក ទឹកដោះសម្រាប់កូន។ រូបថត អ៊ូ សុខមាន


ឪពុកត្រៀមខ្លួនធ្វើជាអ្នករត់ម៉ូតូឌុប​សម្រាប់កូនទៅមករវាងមណ្ឌលប្រឡង និងផ្ទះ។ រូបថត អ៊ីសា រ៉ហានី


ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង។ អ្នកស្រី ប៊ូ សាវិន បានប្រាប់កញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗថា គាត់ក្រោករៀបចំអាហារ​តាំងពីម៉ោង៤ភ្លឺ ដើម្បីចៅៗទាំងពីរ។ រូបថត សុផល រតនៈ


បេក្ខជនតែពីរនាក់ តែអ្នកមកផ្តល់កម្លាំងចិត្តមានដល់ទៅបីនាក់។ នេះហើយជាក្តីស្រឡាញ់ដ៏ធំធេង​របស់គ្រួសារ។ រូបថត សៅ សុខអេង


មិនដឹងថា កូន​ធ្វើ​បាន​ត្រូវ​ច្រើន ឬយ៉ាងណានោះឡើយ ប៉ុន្តែរំពឹងថា គ្មានបញ្ហាអ្វីនោះឡើយ។ រូបថត ឆាយ រង្សី


កូនប្រឹងរៀនជាការត្រឹមត្រូវ ប៉ុន្តែកូនក៏ត្រូវញ៉ាំបាយ​ឲ្យមានកម្លាំង​ផងដែរ។ រូបថត សៅ សុខអេង


លោកយាយ ប៉ែន សារ៉េត អាយុ៨៥ឆ្នាំ មកពីតាំងពីខេត្តព្រះសីហនុ ដើម្បីគាំទ្រ​ចៅស្រី​ប្រឡងនៅភ្នំពេញ។ គាត់អាណិតចៅដែលជាកូន​កំព្រា។ រូបថត អ៊ូ សុខមាន


ទោះអស់កម្លាំងបន្តិច​ក៏ដោយ ប៉ុន្តែកម្លាំងចិត្តឪពុកមាន​សម្រាប់កូនជានិច្ច។  រូបថត អ៊ូ សុខមាន


ឪពុកម្តាយ បាន​ត្រឹមអង្គុយមើលពីចម្ងាយប៉ុណ្ណោះ មិនអាចជួយអ្វីផ្សេងបានឡើយ។ កូនចេះគឺជាប់។ រូបថត សែម វណ្ណា


ចាំកូន​ប្រឡងយូរពេក ម្តាយសុំគេង​បន្តិចសិនហើយ ពេលឮសំឡេងជួង ម្តាយនឹងក្រោកឡើង។ រូបថត ឡាយ សុភាវតី


បានត្រឹមតែអើត​តាមប្រឡោះអាគារប៉ុណ្ណោះ ព្រោះការប្រឡងតឹងរ៉ឹងខ្លាំងណាស់។ រូបថត ឡាយ សុភាវតី

© រក្សាសិទ្ធិដោយ thmeythmey.com