បបូរមាត់ស្ងួតប្រេះមិនត្រឹមតែជាបញ្ហាគួរឲ្យរំខានធម្មតាមួយប៉ុណ្ណោះទេ ក៏ព្រោះពេលខ្លះវាផ្ដល់នូវការឈឺចាប់ខ្លាំង និងមានហូរឈាមទៀតផង។ បបូរមាត់ប្រេះស្ងួតមិនមែនកើតមានដោយសារតែកត្តាអាកាសធាតុតែមួយឡើយ ប៉ុន្តែក៏អាចបណ្ដាលមកពីមូលហេតុមួយចំនួនផ្សេងទៀតដែរ។ ហើយការដឹងអំពីហេតុបង្កជាគន្លឹះដ៏ល្អមួយក្នុងការទប់ស្កាត់នូវបញ្ហាកុំឲ្យកើតឡើង។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតនៃបញ្ហាស្ងួតប្រេះបបូរមាត់ ៖
១. ឥទ្ធិពលនៃអាកាសធាតុ
បបូរមាត់ងាយនឹងទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅណាស់ត្រឹមតែការប៉ះផ្ទាល់ជាមួយខ្យល់ត្រជាក់ ឬខ្យល់ធម្មតាក៏អាចធ្វើឲ្យវាប្រែជាស្ងួតបានយ៉ាងងាយដែរ។ ពន្លឺព្រះអាទិត្យក៏ផ្ដល់ឥទ្ធិពលអវិជ្ជមានដល់បបូរមាត់មិនចាញ់ខ្យល់ឡើយដូច្នេះដើម្បីជាការប្រសើរ ចូរការពារបបូរមាត់ពីកត្តាអាកាសធាតុនេះ ដោយប្រើប្រាស់ឡេការពារកម្ដៅ ឬក្រែមរលោងលាបលើបបូរមាត់។
២. ការលិឍបបូរមាត់
ការលិឍបបូរមាត់មិនអាចធ្វើឱ្យបបូរមាត់ជៀសផុតពីការប្រេះឡើយ។ ផ្ទុយទៅវិញ គឺមានតែធ្វើឲ្យបបូរមាត់ងាយនឹងស្ងួតប្រេះលើសដើម។ ជំនួសឲ្យការផ្ដល់សំណើមដល់បបូរមាត់ជាមួយនឹងទឹកមាត់ ចូរប្រើប្រាស់ក្រែមរលោងលាបការពារបបូរមាត់វិញទើបប្រសើរ។
៣. ការដកដង្ហើមតាមមាត់
បបូរមាត់ងាយនឹងស្ងួតប្រេះណាស់នៅពេលអ្នកមានជំងឺផ្ដាសាយ ឬហៀរសំបោរតឹងច្រមុះដោយសារអ្នកដកដង្ហើមតាមមាត់ដែលធ្វើឲ្យស្ងួតបបូរមាត់។ ដូច្នេះចូរលាបក្រែមរលោងលើបបូរមាត់ដើម្បីការពារ។
៤. កង្វះជាតិទឹកក្នុងរាងកាយ
ប្រសិនបើអ្នកទទួលទានទឹកមិនបានប្រហែលជា ២ លីត្រ ក្នុងមួយថ្ងៃទេនោះ មិនចាំបាច់ភ្ញាក់ផ្អើល ឬឆ្ងល់ឡើយថាហេតុអ្វីបានជាបបូរមាត់របស់អ្នកចេះតែស្ងួត ហើយប្រេះសឹងគ្រប់ពេល។ ហើយកុំភ្លេចកំណត់កម្រិតនៃការទទួលទានគ្រឿងស្រវឹង និងកាហ្វេផង ខណៈដែលភេសជ្ជៈទាំងពីរនេះអាចធ្វើឲ្យខ្សោះជាតិទឹកក្នុងរាងកាយ។
៥. ទទួលទានអាហារមានរសជាតិហឹរនិងមានជាតិអាស៊ីត
អាហារដែលមានរសជាតិហឹរ និងមានជាតិអាស៊ីត ក៏អាចធ្វើឲ្យបបូរមាត់ទទួលរងផលប៉ះពាល់ប្រែជាស្ងួតប្រេះបានផងដែរ។ ដូច្នេះអ្នកគួរកំណត់កម្រិតបរិមាណនៃការទទួលទានអាហារប្រភេទនេះ។
៦. បញ្ហាសុខភាពមួយចំនួន
ប្រសិនបើបញ្ហានៃការស្ងួតប្រេះបបូរមាត់របស់អ្នកមិនមែនបណ្ដាលមកពីមូលហេតុប៉ុន្មានចំនុចខាងលើទេនោះ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យហើយ។ ក្នុងករណីខ្លះបបូរមាត់ស្ងួតប្រេះអាចជា ឬរោគសញ្ញាមួយនៃជំងឺរើមមាត់ រោគផ្សិតក្នុងមាត់ ជំងឺពងបែក និងបញ្ហាទាក់ទងជាមួយក្រពេញទីរ៉ូអ៊ីត៕