ជាតិ
ក្រសួង ប្រាប់​ឱ្យ​ពលរដ្ឋ​នៅ​អម​សងខាង​ទន្លេ​ប្រញាប់​ប្រមូល​កសិផល ខណៈ​ស្ថានភាព​ទឹក​ហក់​ឡើង​
22, Aug 2019 , 9:36 am        
រូបភាព
​ដោយ​៖ ហួ ឆេង​ស៊ីម​
 
​ភ្នំពេញ​៖ កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ទាប​មួយ ដែល​ធ្វើឱ្យ​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ទឹកទន្លេ​កើន​ឡើងជា​អតិបរមា​លើក​ទី​១ ចាប់ពី​ថ្ងៃទី​២១ សីហា​ទៅ​។ ដូច្នេះ​ប្រជាកសិករ​នៅ​ជុំវិញ​ទន្លេ ត្រូវ​ប្រញាប់​ប្រមូល​កសិផល ដើម្បី​បញ្ចៀស​ការខូចខាត​ជាយថាហេតុ ដោយសារ​ស្ថានភាព​ទឹក​ហក់​ឡើង​នេះ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា ប្រព័ន្ធ​សម្ពាធ​ទាប​(ITCZ) ដែល​កំពុង​អូស​កាត់​លើ​អាង​ទន្លេមេគង្គ ចាប់ពី​ប្រទេស​វៀតណាម​ដល់​មី​យ៉ាន់​ម៉ា ដែល​នឹង​ជះឥទ្ធិពល​ដល់​ប្រទេស​មួយចំនួនទៀត​ដូចជា ប្រទេស​ឡាវ ថៃ និង​កម្ពុជា ជាពិសេស​តំបន់​ខ្ពង់រាប​ឦសាន តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​ទន្លេសេកុង សេ​សាន និង​ទន្លេស្រែពក ដែល​បណ្តាលឱ្យមាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ចាប់ពី​ចុងខែ​សីហា​នេះ​ទៅ​។​
 
​បើតាម​ក្រសួង​ធនធានទឹក ការធ្លាក់​ភ្លៀង​នេះ នឹង​ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​បណ្តាលឱ្យ​ស្ថានីយ​ជល​សាស្ត្រ​នានា​នៅតាម​ខេត្តស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម មាន​កម្ពស់​ទឹក​កើនឡើង​ជាង​មុន ប៉ុន្តែ​កម្ពស់​ទឹក​នេះ គឺ​ស្ថិតនៅក្រោម​កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ទាំងអស់​។ រីឯ​នៅ​ទន្លេមេគង្គ​ក្រោម ទន្លេសាប និង​ទន្លេបាសាក់ ទឹកនឹង​ឡើងជា​បន្តបន្ទាប់​។​
 
«​ក្រសួង​ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ពិសេស​ប្រជាកសិករ ដែល​ប្រកប​របរ​កសិកម្ម​នៅ​អម​សងខាង​ទន្លេ​ទាំងអស់​រួសរាន់​ឡើង​ក្នុងការ​ប្រមូល​កសិផល និង​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​»​។ នេះ​ជាការ​អំពាវនាវ​របស់​ក្រសួង​ធនធានទឹក ដែល​បាន​បន្ថែមថា ទឹកទន្លេ​មេគង្គ តែងតែ​ហក់​ឡើង​២​ដង​ក្នុង​មួយឆ្នាំ ដែល​ហៅថា អតិបរមា​លើក​ទី​១ និង​អតិបរមា​លើក​ទី​២៕

Tag:
 ទឹកជំនន់​
  លឹម គានហោ​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com