អន្តរជាតិ
លោក ប្រា​យុទ្ធ សន្យា​រក្សា​ច្បាប់​ហាមឃាត់​បារី​អេឡិចត្រូនិក​
22, Aug 2019 , 11:59 am        
រូបភាព
រូបភាព Inspire Pattaya
រូបភាព Inspire Pattaya
​ដោយ៖ ឈួន ឈី​វ​អ៊ីង

​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២០ ខែសីហា បាន​សន្យា​រក្សា​ច្បាប់​ហាមឃាត់​បារី​អេឡិចត្រូនិក​ក្នុងប្រទេស​ថៃ​។ លោក ប្រា​យុទ្ធ បញ្ជាក់ថា រដ្ឋាភិបាល​ថ្មី​របស់លោក​នឹងមិន​ទទួលយក​ការបញ្ចុះ​បញ្ចូល​ពី​សំណាក់​ក្រុម​អ្នក​បញ្ចុះបញ្ចូល​ដែល​បាន​ខិតខំ​ដើម្បី​ឲ្យ​មានការ​លុបចោល​បម្រាម​ដែល​បាន​ចូល​ធរមាន​តាំងពី​ឆ្នាំ ២០១៤ នេះឡើយ​។​


 
​ជាការ​ឆ្លើយតប​ទៅនឹង​សំនួរ​របស់​អ្នកយក​ពត៌មាន​នៅ​ថ្ងៃទី​២០ ខែសីហា លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​លើកឡើងថា មាន​អ្នក​ចង់​ឲ្យ​ផលិតផល​ទីផ្សារងងឹត​ដែលមាន​តម្លៃ​ទាំងនេះ ទៅជា​ស្របច្បាប់​។  ប៉ុន្តែ​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​លើ​បញ្ហា​នេះ លោក ប្រា​យុទ្ធ អះអាងថា រដ្ឋាភិបាល​មិនអាច​គិតគូរ​ត្រឹម​បញ្ហា​សេដ្ឋកិច្ច​បានឡើយ​។​
 
«​បារី​អេ​ឡិច​ត្រូ​និ​ច​ក៏​នឹង​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ហើយ​ដាក់បន្ទុក​បន្ថែម​ទៅលើ​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល​របស់​ជាតិ​។​» នេះ​ជាការ​លើកឡើង​របស់លោក ប្រា​យុទ្ធ ដែល​យោង​ផ្សាយ​របស់​កាសែត Bangkok Post​។​
 
​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ក៏​ប្រាប់​ឲ្យ​ក្រសួង​សុខភាព​សាធារណៈ ប្រឹង​ធ្វើការ​ថែមទៀត​ពី​ពិសេស​ការអប់រំ​ជា​សាធារណៈ​អំពី​ការប៉ះពាល់​សុខភាព​នៃ​ការជក់បារី​អេឡិចត្រូនិក (Vaping) ខណៈ​មន្ត្រី​ជំនាញ​គួរ​បង្ក្រាប​បន្ថែមទៀត​លើ​ការលក់​បារី​អេឡិចត្រូនិក​ខុសច្បាប់​នេះ​៕ 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com