កម្ពុជា-វៀតណាម រឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំ ក្នុងសម័យបដិវត្តឧស្សាហកម្មទី៤
ជាតិ
សេដ្ឋកិច្ច
កម្ពុជា-វៀតណាម រឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំ ក្នុងសម័យបដិវត្តឧស្សាហកម្មទី៤
22, Aug 2019 , 1:59 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង លោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសវៀតណាម ចុះហត្ថលេខាលើឯកសារមួយចំនួន ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង លោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសវៀតណាម ចុះហត្ថលេខាលើឯកសារមួយចំនួន ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧
ដោយ: ថ្មីៗ
កម្ពុជា-វៀតណាម ប្តេជ្ញារួមគ្នា ថាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ នៅក្នុងបរិបទថ្មីមួយដែលទើបនឹងឈានមកដល់ គឺសម័យកាលបដិវត្តឧស្សាហកម្មទី៤ ជាពិសេសគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម រួមទាំង សន្តិសុខនិងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមមួយឈ្មោះ Việt Nam News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។



ការប្រកាសរួមគ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ ដោយមានលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង លោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសវៀតណាម ធ្វើជាសហប្រធាន។

សារព័ត៌មានវៀតណាម សរសេរថា កម្ពុជា-វៀតណាម យល់ព្រមជាមួយគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ ហើយសម្របសម្រួលពាណិជ្ជកម្មតាមព្រំដែន ដោយត្រូវធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន រួមទាំងការតភ្ជាប់ផ្លូវគោក និង ផ្លូវទឹក។ «ប្រទេសទាំងពីរ បានឯកភាពគ្នាថាត្រូវធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីបង្កើតលក្ខខណ្ឌល្អប្រសើរ សម្រាប់ពាណិជ្ជកម្មរៀងខ្លួន....»។

កម្ពុជា ចាត់ទុកវៀតណាម ថាជាប្រទេសមួយ ដែលមានអ្នកវិនិយោគច្រើន មករកស៊ីនៅកម្ពុជា រហូតមានទំហំពាណិជ្ជកម្មដល់ទៅជាង៣ពាន់លានដុល្លារ។

ក្រៅពីផ្តោតលើមិត្តភាព ទំនាក់ទំនង សន្តិសុខ និងពាណិជ្ជកម្ម កិច្ចប្រជុំខាងលើ ក៏និយាយពីព្រំដែនផងដែរ។ កម្ពុជា-វៀតណាម សាទរ ដែលសម្រេចបាន៨៤ភាគរយលើការបោះបង្គោលព្រំដែន។ ភាគីទាំងពីរ ប្តេជ្ញារួមគ្នា ថានឹងខិតខំបង្ហើយកិច្ចការព្រំដែនដែលនៅសេសសល់ ឲ្យបានឆាប់៕

Tag:
 កម្ពុជា
  វៀតណាម
  ទំនាក់ទំនង
  បដិវត្តឧស្សាហកម្មទី៤
© រក្សាសិទ្ធិដោយ thmeythmey.com