អន្តរជាតិ
កូរ៉េខាងជើងថា ការសាកល្បងមីស៊ីលចំងាយមធ្យមរបស់អាមេរិក ជារឿងគ្រោះថ្នាក់
× កូរ៉េខាងជើង បានរិះគន់សកម្មភាពយោធាថ្មីៗនេះនៅកូរ៉េខាងត្បូង ដោយចាត់ទុកជារឿងគ្រោះថ្នាក់។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងនៅថ្ងៃទី២២ ខែសីហា និយាយថា ការសាកល្បងមីស៊ីលចំងាយមធ្យមរបស់អាមេរិក ការទទួលយន្តហោះ F-35 របស់កូរ៉េខាងត្បូង និងសម្ភារយោធារបស់អាមេរិកនៅជុំវិញឧបទ្វីបកូរ៉េ អាចបង្កើតអោយមានសង្គ្រាមត្រជាក់ជាថ្មីនៅក្នុងតំបន់។
កូរ៉េខាងជើងនៅតែមិនផ្លាស់ប្តូរតួរនាទីរបស់ខ្លួនឡើយ ក្នុងការដោះស្រាយជម្លោះតាមរយៈកិច្ចពិភាក្សា និងកិច្ចចរចា ប៉ុន្តែកិច្ចចរចាដែលភ្ជាប់ជាមួយនឹងការគំរាមកំហែងយោធា គឺមិនអាចបំភ័យយើងបានឡើយ។ អ្នកនាំពាក្យកូរ៉េខាងជើងក្រសួងការបរទេសកូរ៉េខាងជើង និយាយបែបនេះ បន្ទាប់ពីកូរ៉េខាងត្បូង និងអាមេរិកទើបតែបញ្ចប់សមយុទ្ធយោធា និងការត្រៀមបំពាក់អាវុធទំនើបៗរបស់អាមេរិកនៅឧបទ្វីបកូរ៉េ។
សេចក្តីថ្លែងការណ៍ថ្ងៃទី២២ ខែសីហា អ្នកនាំពាក្យក្រសួងដដែល លើកឡើងថា ការបំពាក់សម្ភារទំនើបៗរបស់អាមេរិកលើកូរ៉េខាងត្បូង អាចបង្កើតអោយមានសង្គ្រាមត្រជាក់នៅឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់។ តាមសេចក្ដីថ្លែងការផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ទៀតថា ការនាំចូលយន្តហោះចម្បាំងប្រភេទ F-35 គឺជា សកម្មភាពបំពានមិនអាចអត់ឱនបាន។
សូមបញ្ជាក់ថា តាមរយៈសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណកាលពីថ្ងៃទី១៩ ខែសីហា អាមេរិកបានសាកល្បងមីស៊ីលចំងាយមធ្យមជាលើកដំបូង ចាប់តាំងពីខ្លួនបានដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីហាមប្រាមអាវុធនុយក្លេអ៊ែរចម្ងាយមធ្យមជាមួយរុស្ស៊ី។ ជាញឹកញយ ក្រុងព្យុងយ៉ាង បានគំរាមថា ទង្វើរបស់វ៉ាស៊ីនតោន អាចប៉ះពាល់ដល់ការចរចាមិនខាន ទោះមេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាបើការចរចាឡើងវិញក្ដី។
លោក Stephen Biegun មន្ត្រីទទួលបន្ទុកកិច្ចចរចាអាមេរិកជាមួយកូរ៉េខាងជើង បានមកដល់កូរ៉េខាងត្បូងកាលពីថ្ងៃទី២០ ខែសីហា ដើម្បីពិភាក្សាពីកិច្ចចារចារំសាយអាវុធនុយក្លេអ៊ែរ បន្ទាប់ពីបានឈានចូលប្រទេសជប៉ុន។ បេសកជនអាមេរិករូបនេះនិយាយថា អាមេរិកត្រៀមខ្លួនចរចាជាស្រេចឲ្យតែមានការឆ្លើយតបពីកូរ៉េខាងជើង។
កិច្ចចារចាថ្នាក់កំពូលរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងរវាងអាមេរិក និងកូរ៉េខាងជើង បានធ្វើពីរដងរួចមកហើយ តែមិនទទួលបានលទ្ធផលសមប្រកបឡើយ។ ជំនួបទល់មុខលើកទីបីរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅតំបន់គ្មានយោធា បានព្រមព្រៀងគ្នាឲ្យមានកិច្ចចរចាលើកទី៣ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះនៅមិនទាន់មានកិច្ចចរចារណាមួយកើតឡើងទេ៕
Tag:
កូរ៉េខាងជើង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com