អន្តរជាតិ
អាជ្ញាធរ​ថៃ ចាប់ខ្លួន​ជនជាតិ​កេ​ន​យ៉ា​ម្នាក់​ដែល​លេប​កូកាអ៊ីន​១,២​គីឡូក្រាម​ចូល​ពោះ
22, Aug 2019 , 8:19 pm        
រូបភាព
ការបង្រ្កាបគ្រឿងញៀននៅថៃនាពេលកន្លងមក។ រូបភាព AFP
ការបង្រ្កាបគ្រឿងញៀននៅថៃនាពេលកន្លងមក។ រូបភាព AFP
​ដោយ​៖ ងួន សុ​ភាវ​ត្តី 
 
​នៅ​ថ្ងៃទី​២១ ខែសីហា អាជ្ញាធរ​ថៃ​បានប្រកាស​ពី​ការឃាត់ខ្លួន​បុរស​ជនជាតិ​កេ​ន​យ៉ា​ម្នា​ក់នៅ​ព្រលានយន្តហោះ​ក្រុង​បាងកក ដែល​ព្យាយាម​រត់ពន្ធ​កូកាអ៊ីន​ចូល​ទឹកដី​ថៃ​។ បុរស​រូបនោះ​លេប​គ្រឿង​ញៀ​នេះ​ប្រមាណ​ជាង​៦០​កញ្ចប់​ចូលក្នុង​ពោះ​របស់ខ្លួន​ដើម្បី​បិទបាំង​ភ្នែក​សមត្ថកិច្ច​ថៃ​។​


 
​អាជ្ញាធរ​ថៃ​បានអោយដឹងថា បុរស​ជនជាតិ​កេ​ន​យ៉ា​ឈ្មោះ Glenn Chibasellow Ooko មាន​អាយុ​៤៣​ឆ្នាំ បាន​ហោះ​ពី​អេ​ត្យូ​ពី កាលពី​ទី​១៩ ខែសីហា នៅឯ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ​។ យោងតាម​រូបភាព​ដែល​បង្ហាញ​ដោយ​ការិយាល័យ​ត្រួតពិនិត្យ​គ្រឿងញៀន (ONCB) នៅក្នុង​ការថត​កាំរស្មី​x បានបង្ហាញ​អោយឃើញ​វត្ថុ​ជាច្រើន​ដែលមាន​រាង​ទ្រវែង​នៅក្នុង​ពោះ​បុរស​នោះ​។ វត្ថុ​ទាំងនោះ​សុទ្ធសឹង​ជា​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន​ទាំងអស់​។​
 
​ក្នុង​របាយការណ៍​រប​ស់ ONCB  ជនជាតិ​កេ​ន​យ៉ា​រូបនេះ បាន​លេប​សារធាតុ​ញៀន​កូកាអ៊ីន​ដែលមាន​ទម្ងន់​១.២ គីឡូក្រាម ដែល​បាន​វេច​ខ្ចប់​ជា​៦៨​កញ្ចប់​។​
​ជាមួយគ្នានេះ សមត្ថកិច្ច​ថៃ​ក៏បាន​ចាប់​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​រួមជាមួយ​បុរស​ឈ្មោះ Ooko ផងដែរ​។ បើតាម​សមត្ថកិច្ច​ថៃ ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ Osita Joseph Ukpa ហើយ រូបគេ​ជា​ជន​ដែល​បាន​ជួល​បុរស​ជនជាតិ​កេ​ន​យ៉ា​អោយ​នាំយក​គ្រឿងញៀន​ចូលក្នុង​ប្រទេស​ថៃ​។​
 
​គួរ​រំលឹក​ឡើងវិញ​ថា ប្រទេស​ថៃ​ធ្លាប់ជា​មជ្ឈមណ្ឌល​រត់ពន្ធ​គ្រឿងញៀន​ដ៏​ធំ​មួយ ដោយសារ​មានការ​អនុវត្ត​ច្បាប់​ធូររលុង​ធ្វើអោយមាន​ភាពងាយស្រួល​ដល់​ការ​ឆ្លងដែន​និង​ដឹកជញ្ជូន​ទំនិញ​របស់​ពួកឧក្រិដ្ឋជន​។ ប៉ុន្តែ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន ត្រូវ​រឹត​បន្ត​ជាខ្លាំង ពិសេស​នៅ​ព្រលានយន្តហោះ​តែម្ដង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com