អន្តរជាតិ
អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា ត្រូវ​ចាប់ខ្លួន​ពីបទ​ពុករលួយ
22, Aug 2019 , 4:29 pm        
រូបភាព
អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា លោក P Chidambaram
អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា លោក P Chidambaram
ដោយ:
​ប៉ូលិស​ឥណ្ឌា បាន​ចាប់ខ្លួន​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក P Chidambaram កាលពី​យប់​ថ្ងៃទី​២១ ខែសីហា ក្នុងករណី​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការលាង​លុយកខ្វក់​។ ការ​សម្រុក​ទៅ​ចាប់​ដល់ផ្ទះ​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​រូប​នេះ ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​តុលាការ​កំពូល​ក្រុង​ញូវដែលី បាន​ច្រានចោល​សំណើ​របស់លោក​ចង់​ឲ្យ​មាន​លើកលែង​ពី​ការចាប់ខ្លួន​។​

 
​លោក Chidambaram ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​សហព័ន្ធ​ឥណ្ឌា​តាម​បង្គាប់​ដីកា​របស់​តុលាការ​។ អ្នកនាំពាក្យ​របស់​ការិយាល័យ​កណ្តាល​ទទួលបន្ទុក​ផ្នែក​ស៊ើបអង្កេត​ឥណ្ឌា (CBI) បញ្ជាក់​បែបនេះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ភ្នាក់ងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ឥណ្ឌា បាន​ចោទប្រកាន់​លោក Chidambaram ពីបទ​រំលោភ​តួនាទី ខណៈ​លោក​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។​
 
​ភ្នាក់ងារ​ដដែល​នេះ ក៏បាន​ចោទប្រកាន់​លោក​អតីតរដ្ឋមន្ត្រី​វ័យ​៧៣​ឆ្នាំ​រូបនេះ​ពាក់ព័ន្ធ​នឹង​ករណី​លាងលុយកខ្វក់  និង​ឃុបឃិត​ជុំវិញ​រឿង​អនុម័ត​កិច្ចព្រមព្រៀង​ទូរគមនាគមន៍​មួយ​កាលពី​ឆ្នាំ​២០០៦ កន្លងទៅ​។ យ៉ាងណាមិញ ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការចាប់ខ្លួន លោក Chidambaram បាន​បដិសេធ​ការចោទប្រកាន់​ទាំងអស់នេះ​។ 
 
​តុលាការ​កំពូល​ឥណ្ឌា នឹង​ស្តាប់​បណ្តឹងទាមទារ​រប​ស់លោក នៅ​ថ្ងៃទី ២៣ ខែសីហា​។ លោក Chidambaram ដែល​បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចំនួន ២​លើក (​ចន្លោះ​ឆ្នាំ ២០០៤ និង ២០១៤) បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ចន្លោះ​ពេលនេះ និង​ថ្ងៃ​សុក្រ ខ្ញុំ នឹង​ដើរ​ដោយ​មនសិការ​ច្បាស់លាស់ និង​ទំនុកចិត្ត​ខ្ពស់បំផុត​»​។​
 
​គួរ​បញ្ជាក់ថា លោក Chidambaram ដែល​ធ្លាប់ជា​មេធាវី​ក្នុង​តុលាការ​កំពូល​ផង​នោះ គឺជា​អ្នក​រិះគន់​ដ៏​សកម្ម​ម្នាក់​លើ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​បច្ចុប្បន្ន លោក Narendra Modi ​និង​គោលនយោបាយ​លោក​។ ទន្ទឹមនឹង​គ្នា​នេះ លោក ជា​សមាជិក​ជាប់​ខ្ពស់​ម្នាក់​នៃ​គណបក្សប្រឆាំង​ដ៏​សំខាន់​របស់​ឥណ្ឌា Congress និង​ជា​សមាជិកសភា​ចាប់តាំងពី​ឆ្នាំ ១៩៨៤​មក​។ លោក ក៏​ធ្លាប់​កាន់តំណែង​ជា​រដ្ឋមន្ត្រី​លំនៅឋាន​ឥណ្ឌា​ទៀតផង​៕

Tag:
 ឥណ្ឌា​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com