ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តុលាការ ពន្យារពេលលើកទីពីរ ពីការប្រកាសសាលក្រមសំណុំរឿងលោក ឡាយ វណ្ណៈ លោក ឡាយ វណ្ណៈ ចូលរួមសវនាការ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ (រូបភាព ថតបន្តពីវីដេអូរបស់កោះសន្តិភាព)
× តាមការគ្រោងទុក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ ត្រូវប្រកាសសាលក្រមលើសំណុំរឿងរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ (ប្អូន) និង លោក ឡាយ ណារិទ្ធ អតីតស្នងការខេត្តតាកែវ (បង) ដែលរងការចោទប្រកាន់ពីបទ «ឃាតកម្ម» លើស្រី្តម្នាក់។ ប៉ុន្តែ តុលាការ សម្រេចពន្យារពេលប្រកាស ដែលកន្លងមក បានពន្យារម្តងរួចមកហើយ។
លោក សួស វិទ្យារ៉ាឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការពន្យារពេលលើកទីពីរនេះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។ ចំណែកមូលហេតុនៃការពន្យារពេលនោះ លោក មិនបកស្រាយឡើយ។ លោក បញ្ជាក់ថា ចៅក្រម មិនទាន់កំណត់ឡើយ ថានឹងប្រកាសសាលក្រមនៅពេលណា។
លោក អ៊ុន ច័ន្ទថុល មេធាវីម្នាក់របស់លោក ឡាយ វណ្ណៈ អះអាងថា នៅពេលកំណត់ជាថ្មីអំពីការប្រកាសសាលក្រម ចៅក្រមនឹងជូនដំណឹងទៅលោកនិងកូនក្តីរបស់លោក។ យ៉ាងណា ចំពោះមូលហេតុនៃការពន្យារពេល លោកមេធាវី ក៏មិនបានដឹងដែរ ព្រោះលោក មិនចូលរួមសវនាការនាព្រឹកថ្ងៃទី២២ ខែសីហានេះទេ ដោយលោកគ្រាន់តែបញ្ជូញជំនួយការឲ្យទៅចូលរួមស្តាប់ប៉ុណ្ណោះ។ «ជំនួយការខ្ញុំប្រាប់ថាគេពន្យារពេល តែអត់បានប្រាប់ថាមូលហេតុអីទេ»។
តុលាការ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក ឡាយ វណ្ណៈ និង បងប្រុស កាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៩។ ក្រោយសវនាការចប់ ចៅក្រម មិនប្រកាសសាលក្រមភ្លាមនោះទេ ដោយលើកពេល មកប្រកាសនៅថ្ងៃទី២២ ខែសីហាវិញ តែមកដល់ថ្ងៃនេះ ចៅក្រម ក៏សម្រេចលើកពេលសាជាថ្មី។
សំណុំរឿងឃាតកម្មនេះ នៅមានមនុស្សពីរនាក់ផ្សេងទៀត ក៏ជាប់ពាក់ព័ន្ធដែរ។ មនុស្សពីរនាក់នោះ ត្រូវចោទពីបទ «លាក់បាំងតម្រុយ» ក្នុងអំពើឃាតកម្មនេះ។
មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា អំពើឃាតកម្ម ត្រូវផ្តន្ទាទោសពី១០ឆ្នាំ ទៅ ១៥ឆ្នាំ។ ចំណែកមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា អំពើលាក់បាំងតម្រុយដែលធ្វើឲ្យមានឧបសគ្គក្នុងការស្វែងរកការពិត ត្រូវផ្តន្ទាទោសពី១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ ៦លានរៀល។
ស្ត្រីម្នាក់ឈ្មោះ ចេវ សុវឌ្ឍនា ដែលគេអះអាងថាជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ ត្រូវបានប្រទះឃើញស្លាប់ ដោយស្ថានភាពចងកក្នុងផ្ទះ ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ កាលពីអំឡុងខែមករា ឆ្នាំ២០១៨។ ប៉ុន្តែ សមត្ថកិច្ច សន្និដ្ឋានថា មរណភាពរបស់ស្ត្រីរូបនេះ មិនមែនជាការធ្វើអត្តឃាតនោះទេ តែជាអំពើឃាតកម្ម។ ក្រោយមក មនុស្សទាំងបួននាក់ខាងលើ ក៏ត្រូវចាប់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com