អន្តរជាតិ
លោក ត្រាំ៖ ខ្ញុំជាមនុស្សតែម្នាក់គត់ដែលត្រូវបានជ្រើសរើស ឲ្យធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន ប្រធានាធិបតី លោកដូណាល់ ត្រាំ
× ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី២១ ខែសីហា និយាយថា លោកត្រូវបានជ្រើសរើស ដើម្បីដោះស្រាយឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិន។ លោកនិយាយបែបនេះ ខណៈជម្លោះពាណិជ្ជកម្មរកច្រកចេញមិនទាន់ឃើញ ហើយក៏មានការព្រមានពីអ្នកស្រាវជ្រាវក្នុងសភាថា ការដំឡើងពន្ធរបស់លោកលើទំនិញចិន នឹងកាត់បន្ថយទិន្នផលសេដ្ឋកិច្ចអាមេរិកចំនួន ០,៣ ភាគរយនៅក្នុងឆ្នាំ២០២០។
ជីវិតប្រហែលស្រួលជាងនេះ បើគ្មានសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ នេះជាការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២១ ខែសីហា ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មជាមួយចិនមានអាយុលើសមួយឆ្នាំហើយនោះ។ ទោះជាយ៉ាងណា លោក ត្រាំ នៅតែជឿជាក់ថា កិច្ចព្រមព្រៀងរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនៅតែកើតមាន។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ និយាយថា៖ «ខ្ញុំជាមនុស្សម្នាក់គត់ត្រូវបានគេជ្រើសរើស ដូច្នេះខ្ញុំត្រូវតែតទល់ជាមួយចិន។ ខ្ញុំ កំពុងតែតទល់ជាមួយចិនផ្នែកពាណិជ្ជកម្ម។ ហើយអ្នកដឹងអ្វីទេ? យើងកំពុងតែឈ្នះ»។
ក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មរវាងជាមួយចិននេះ លោក ត្រាំ ទទួលស្គាល់ថា វាធ្វើអោយខាតបង់ប្រយោជន៍សេដ្ឋកិច្ច តែការធ្លាក់ចុះនេះ វាមិនទាន់ដល់កម្រិតនៅឡើយទេ។ ក្នុងន័យនេះ លោកចង់បានសំដៅដល់ ការបះពាល់សេដ្ឋកិច្ចអាមេរិក គឺគ្រាន់តែរយៈពេលខ្លីប៉ុណ្ណោះ ហើយវាប្រសើរជាជាងអោយទីក្រុងប៉េកាំងបោកប្រាស់ជាច្រើនទសវត្សន៍។
ពាក់ព័ន្ធបញ្ហានេះការិយាល័យថវិកាសភា (Congressional Budget Office) ក៏បានព្រមានផលវិបាកនៃការដំឡើងពន្ធលើទំនិញចិន។ ការិយាល័យនេះអះអាងថា ពន្ធរបស់លោក ត្រាំ នឹងកាត់បន្ថយផលិតផលក្នុងស្រុកសរុបប្រមាណជា ០,៣ភាគរយ ក្នុងឆ្នាំ២០២០។ ការដំឡើងពន្ធនេះធ្វើអោយតម្លៃផលិតផលក្នុងស្រុកឡើងថ្លៃ កាត់បន្ថយការប្រើប្រាស់ ហើយការចំណាយលើការវិនិយោគក៏កាន់តែខ្ពស់។
ចំណែកឯមូលនិធិរូបិយវត្ថុអន្តរជាតិវិញ ក៏ប៉ាន់ប្រមាណដែរថា សេដ្ឋកិច្ចសកលលោក អាចកាត់បន្ថយដល់ ០,៥ ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារតែការដំឡើងពន្ធនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com