អន្តរជាតិ
ចិន​ព្រមាន​ដាក់ទណ្ឌកម្ម បើ​អាមេរិក​ពិតជា​លក់​យន្តហោះ​ចម្បាំង F-16 ឲ្យ​តៃវ៉ាន់​
22, Aug 2019 , 10:39 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​
 
​ចិន នៅ​ថ្ងៃទី​២១ ខែ​បាន​គំរាម​សហរដ្ឋអាមេរិក​ថា ខ្លួន​នឹងដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ដែល​ពាក់ព័ន្ធ​នឹង​ការលក់​យន្តហោះ​ចម្បាំង F-16 ទៅអោយ​តៃវ៉ាន់ បើ​ក្រុង​វ៉ាស៊ីនតោន នៅតែ​បន្ត​យល់​ព្រមអោយ​ក្រុមហ៊ុន​ទាំងនោះ​លក់​យន្តហោះ​ចម្បាំង​នេះ​ទៅអោយ​តៃវ៉ាន់​ទៀត​។​


 
​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​ជំ​រុញអោយ​សហរដ្ឋអាមេរិក​បញ្ឈប់​នូវ​ការលក់​សព្វាវុធ និង​ទំនាក់ទំនង​ខាង​ផ្នែក​យោធា​ជាមួយ​កោះ​តៃវ៉ាន់​។​
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ទឹកប្រាក់ ៨ ពាន់​លាន​ដុល្លារ​ជុំវិញ​ការលើក​យន្តហោះ F-16 ចំនួន ៦៦ គ្រឿង​ទៅអោយ​តៃវ៉ាន់​។ ការលក់​យន្តហោះ​ចម្បាំង​នេះ​ធ្វើឡើង​ស្របពេល​ដែល​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង​កាន់តែ​កើនឡើង​ជាពិសេស​លើ​ជម្លោះ​ពាណិជ្ជកម្ម​។​
 
​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​គួរតែ​បង្រួបបង្រួម​ជាមួយ​ចិនដីគោក ហើយ​អាច​នឹងមាន​ការប្រើ​កម្លាំង​បើ​ចាំបាច់​។ ចិន​តែងតែ​រិះគន់​កិច្ចព្រមព្រៀង​សព្វាវុធ​របស់​អាមេរិក​ជាមួយ​តៃវ៉ាន់​រួមទាំង​កិច្ចព្រមព្រៀង​បច្ចុប្បន្ននេះ​ផង​។​
 
​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​សន្តិសុខ​ការពារជាតិ​សហរដ្ឋអាមេរិក​បានប្រកាស​ពី​កិច្ចព្រមព្រៀង​នេះ​កាលពី​ថ្ងៃទី​២០ ខែសីហា នៅក្នុង​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​មួយ​របស់​សភា​។​
​នៅក្នុង​សេចក្តីជូនដំណឹង​ទៅកាន់​សភា មន្ទីរ​បញ្ច​កោណ និយាយថា កិច្ចព្រមព្រៀង​នេះ​រួមបញ្ចូល​យន្តហោះ​ចម្បាំង F-16 ចំនួន ៦៦ គ្រឿង ម៉ាស៊ីន​អគ្គិសនី​ទូទៅ ៧៥ គ្រឿង​និង​ប្រព័ន្ធ​ផ្សេងទៀត​។ សេចក្តីជូនដំណឹង​បន្ថែមថា ការលក់​នេះ​គឺ​ដើម្បី​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក​ហើយនឹង​ជួយ​លើកកម្ពស់​សន្តិសុខ​រប​ស់កោះ​តៃវ៉ាន់​។​
 
​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន លោក Geng អះអាងថា ការលក់​នេះ​គឺជា​ការបំពានច្បាប់​អន្តរជាតិ​និង​ទំនាក់ទំនង​អន្តរជាតិ​ក៏ដូចជា​គោលនយោបាយ​ចិន​តែមួយ​ដែល​អាមេរិក​ទទួលស្គាល់​ហើយ​មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​ចិន​តែប៉ុណ្ណោះ​មិនមែន​តៃវ៉ាន់​ទេ​។​
 
​លោក​បាន​បន្ថែមថា ចិន​នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​រួមទាំង​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​ផង​៕

© រក្សាសិទ្ធិដោយ thmeythmey.com