ONE Championship
កីឡាជាតិ
ជាតិ
កីឡាការិនី Fairtex ផ្ដោតលើ​គុន​ចម្រុះ​មួយ​មុខ​គត់ ក្រោយ​វាយ​ដៃគូ​ឲ្យ​សុំ​ចុះចាញ់​លើកដំបូង​
22, Aug 2019 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
​កំពូល​កីឡាការិនី​ថៃ Stamp Fairtex គ្រប់គ្រង​ការប្រកួត​យ៉ាង​ល្អ និង​បញ្ចប់​គូប្រជែង Asha Roka ឲ្យ​ចុះចាញ់​លើកដំបូង​ក្នុងការ​ប្រកួត​គុន​ចម្រុះ​នៅ​សង្វៀន ONE: DREAMS OF GOLD កាល​ថ្ងៃ​សុក្រ​ទី ១៦ ខែសីហា នា​ក្រុង​បាងកក​។ ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក ONE World Champion ចំនួន​២ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល ក្រោយ​ការ​ផ្តួល​ជើង​ខ្លាំង​ឥណ្ឌា​នេះ​។


 
«​ពេល​ចាប់ផ្ដើម​ប្រកួត ខ្ញុំ​គិតថា​ត្រូវ​ប្រកួត​ក្នុង​ជំហរ​ឈរ ប៉ុន្តែ​ខ្ញុំ​ចង់បង្ហាញ​ឲ្យ​គ្រូបង្វឹក​របស់ខ្ញុំ និង អ្នកគាំទ្រ​ចំពោះ​អ្វីដែល​ខ្ញុំ​បាន​ហ្វឹកហាត់​កន្លងមក​។ ខ្ញុំ​ចាប់​បោក Roka ទៅ​ក្ដារ​រេញ ខ្ញុំ​មាន​ទំនុកចិត្ត​។ បើសិន​ប្រកួត​ក្នុង​ជំហរ​ឈរ​ក៏​មិន​អី ប៉ុន្តែ​មិនអាច​ធ្វើ​ឲ្យ​ដៃគូ​សន្លប់​បានទេ​»​។ Stamp Fairtex រំលឹក​បែបនេះ​។ 
 
​កីឡាការិនី​វ័យ ២១​ឆ្នាំ​មកពី Pattaya បាន​គ្រប់គ្រង​លើ​គូប្រកួត​យ៉ាង​ល្អ​តាមរយៈ​ប្រើ​ក្បាច់​ចំបាប់ និង សឹងតែ​អាច​បញ្ចប់​ដៃគូ​ត្រឹម​ទឹក​ទី​១​ដោយ​ឃ្លេ​ដៃ​ទៀតផង​។ កីឡាការិនី​ថៃ​រូបនេះ​ប្រើ​ក្បាច់​គាប​បានល្អ​នៅ​ទឹក​ទី​២ រហូត​ធ្វើ​ឲ្យ​កីឡា​កា​រិ​និ​ឥណ្ឌា​ចុះចាញ់​និង​រើ​លែងរួច​។​
 
​វីដេអូ ការប្រកួត​រវាង Stamp និង Roka៖

 
 
Stamp ដាក់​ក្ដី​សង្ឃឹមថា​នឹងធ្វើ​បានល្អ​ទៀត​ក្នុង​ការប្រកួត​គុន​ចម្រុះ​លើក​ក្រោយ​ហើយ​សប្បាយចិត្ត​ចំពោះ​អ្វីដែល​បានធ្វើ​កន្លងមកនេះ​។ Stamp បញ្ជាក់ថា ៖«​វា​ជាការ​ប្រកួត​លើកដំបូង​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​សប្បាយចិត្ត​ចំពោះ​ការប្រកួត​របស់ខ្ញុំ និង បទពិសោធន៍​ដែល​ខ្ញុំ​ទទួលបាន​ពី​ការប្រកួត​នេះ​។ ខ្ញុំ​ពិតជា​រីករាយ​ដែល​វ៉ៃ​គូប្រកួត​ឲ្យ​ចុះចាញ់​។ ខ្ញុំ​សឹងតែ​មិន​ជឿ​។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​។ ខ្ញុំ​នឹង​រៀន​ក្បាច់​ថ្មី​បន្ថែមទៀត​ក្នុងការ​ប៉ុនប៉ង​ផ្ដួល​គូប្រកួត​ដោយ​ប្រើ​ក្បាច់​ផ្សេងគ្នា​»​។ 
 
«​យើង​ត្រូវតែដើរ​ទៅមុខ ខ្ញុំ​ត្រូវតែ​ធ្វើការ​ខ្លាំង​ជាង​មុន លើ​ការប្រកួត​ក្នុង​ជំហរ​ដេក​។ ជំហរ​ឈរ​របស់ខ្ញុំ​គឺ​ពូកែ​រួចទៅហើយ​។ ក្រោយ​ការប្រកួត ខ្ញុំ​បាន​ទៅ​សួរ​គ្រួ​របស់ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​បច្ចេកទេស​មួយចំនួន​»​។ កីឡាការិនី​វ័យ​២១​ឆ្នាំ​បញ្ជាក់​បែបនេះ​។ 


 
​កីឡាការិនី​មកពី​ខេត្ត Rayong សម្ដែង​ភាពសប្បាយ​រីករាយ​ចំពោះ​ការប្រកួត​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​។ ទោះជា​ទទួល​ជ័យជម្នះ Stamp បន្ត​ខំប្រឹង​ឥតឈប់ឈរ​ដើម្បី​បង្ហាញខ្លួន​ក្នុង​ពិភព​គុន​ចម្រុះ​លំដាប់​ពិភពលោក​នៅ​ថ្ងៃ​អនាគត​។ 
 
​ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក​ពន្យល់​ទៀតថា ៖«​ការប្រកួត​នេះ គឺ ខុសប្លែកគ្នា​។ ជាធម្មតា​ខ្ញុំ​អន្ទះសា​ណាស់ មុនពេល​ប្រកួត​។ ប៉ុន្តែ​ពេលនេះ ខ្ញុំ​មាន​អារម្មណ៍ល្អ​ជាង​មុន និង មាន​អារម្មណ៍​ធូរស្រាល​។ ខ្ញុំ​គិតថា ខ្ញុំ​សុំា​ទៅនឹង​ការប្រកួត​នៅ​សង្វៀន ONE​។ មុនពេល​ទៅ​ប្រកួត ខ្ញុំ​ទទួលបាន​ការហ្វឹកហាត់​ល្អ​។ ហើយ​ការប្រកួត​ទៀតសោត​គឺ​ដូច​អ្វីដែល​ខ្ញុំ​ហាត់​អីចឹង​»​។ 
 
​កីឡាការិនី​រូបនេះ​បង្ហាញ​ឲ្យ​មិត្ត​រួម​ក្រុម​មាន​មោទនភាព និង ប្រាប់​ឲ្យ​អ្នក​នៅ​ជុំវិញខ្លួន​រួមទាំង​អ្នកគាំទ្រ​ថា​គេ​មានការ​អភិវឌ្ឍន៍​ខ្លួន​កាន់តែ​ល្អ​។ Stamp ជា​កីឡាការិនី​ដែល​បញ្ចប់​គូប្រកួត​ដ៏​គួរ​ឲ្យ​គ្រោះថ្នាក់​ម្នាក់​។ ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Women’s Atomweight World Title សន្យាថា​នឹងធ្វើ​ការងារ​ឲ្យ​ខ្លាំង​ទ្វេដង​ក្នុង​គោលដៅ​ប្រកួត​ក្នុង​គុន​ចម្រុះ​លំដាប់​ពិភពលោក​ទៅ​ថ្ងៃមុខ​។ យ៉ាងណាក្ដី Stamp នៅមាន​ការងារ​ការពា​រ​ខ្សែក្រវាត់ Muay Thai ឬ kickboxing របស់ខ្លួន​បើសិន​មានការ​ប្រកួត​បន្ទាប់​។ 
 
Stamp សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​គិតថា ខ្ញុំ​ត្រូវ​ការប្រកួត​ក្នុង​ពិភព​គុន​ចម្រុះ ៥ ឬ ៦ លើក​ទៀត មុនពេល​ការប្រកួត​ខ្សែក្រវាត់​ពិភពលោក World Title​។ ខ្ញុំ​ត្រូវ​ធ្វើការ​ច្រើន ហើយ ខ្ញុំ​មិន​ប្រញាប់​ពេក​ទេ​។ ខ្ញុំ​រីករាយ​នឹង​ប្រកួត រៀន​ពី​ការប្រកួត និង ទទួល​បទពិសោធន៍​ពី​គូប្រកួត​»​។ 
 
Stamp Fairtex កំពុងតែ​ត្រៀមខ្លួន​ដើម្បី​ទទួល​គូប្រកួត​គុន​ចម្រុះ​ថ្មីៗ​បន្ត​នៅ​សង្វៀន ONE Championship នា​ថ្ងៃ​ដ៏​ខ្លី​ខាងមុខ ហើយ​គេ​ក៏​កំពុង​ផ្ដោតលើ​ការហ្វឹកហាត់​ក្បាច់គុន​ចម្រុះ​ឲ្យ​បាន​ច្រើនជាង​មុន​ដែរ​។ 
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​របស់​ស​ង្វៀន ONE Championship តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  

© រក្សាសិទ្ធិដោយ thmeythmey.com