អន្តរជាតិ
អាមេរិក​និង​ជប៉ុន​ខកចិត្ត ក្រោយ​កូរ៉េខាងត្បូង​បញ្ចប់​កិច្ចព្រមព្រៀង​ចែក​ព័ត៌មាន​សម្ងាត់​
23, Aug 2019 , 10:19 am        
រូបភាព
​ខកចិត្ត​ផង បារម្ភ​ផង​។ នេះ​ជា​អារម្មណ៍​របស់​សហរដ្ឋ​អាមេរិក និង​ជប៉ុន ក្រោយ​កូរ៉េខាងត្បូង​ប្រកាស​បញ្ចប់​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​ជប៉ុន​។ កូរ៉េខាងត្បូង ដើរ​ចេញពី​កិច្ចព្រមព្រៀង​យោធា​នេះ ដើម្បី​ជាការ​ឆ្លើយតប​នឹង​វិធានការ​រឹតត្បិត​របស់​ជប៉ុន​នា​ពេលកន្លងមក​។ នៅ​ថ្ងៃទី​២២ ខែសីហា ទាំង​ក្រសួងការបរទេស​អាមេរិក ទាំង​មន្ទីរ​បញ្ច​កោណ សុទ្ធតែ​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​តំបន់​អាស៊ី​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា ខណៈ​បញ្ហា​ប្រឈម​រួមគ្នា​នៅនឹងមុខ​នៅឡើយ​។​

 
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២២ ខែសីហា បានប្រកាស​ពី​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​បញ្ចប់​កិច្ចព្រមព្រៀង​សន្តិសុខ​ទូទៅ​ស្ដីពី​ព័ត៌មាន​យោធា (GSOMIA) ជាមួយ​ជប៉ុន​។ កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​យោធា​នេះ ត្រូវបាន​កូរ៉េខាងត្បូង យក​ធ្វើជា​អាវុធ​ដើម្បី​គំរាម​ជប៉ុន​ដែល​ចាត់វិធានការ​រឹតត្បិត​ការនាំចេញ​របស់ខ្លួន តែ​មិន​អាចធ្វើ​ឲ្យ​ជប៉ុន​មិន​បន្ទន់ឥរិយាបថ​បាន​។ ចុងក្រោយ​កូរ៉េខាងត្បូង ក៏​ធ្វើតាម​ការ​គំរាម ហើយ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ​តែម្ដង​។​
 
​ភ្លាមៗ​ក្រោយ​កូរ៉េខាងត្បូង​ប្រកាស​ការសម្រេចចិត្ត​រប​ស់​ខ្លួន ជប៉ុន​ឯណោះ​ក៏​ចេញមុខ​ប្រឆាំង​តូង​តែម្ដង​។ រដ្ឋមន្ត្រីការបរទេស​ជប៉ុន តា​រ៉ូ កូ​ណូ បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២២ ខែសីហា ថា ការសម្រេចចិត្ត​របស់​សេ​អ៊ូ​ល ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​បំផុត ហើយ​មិនមាន​ការគិតគូរ​គ្រប់​ជ្រុងជ្រោយ​ពី​ស្ថានការណ៍​សន្តិសុខ​ក្នុង​តំបន់​។ លោក​បន្តថា តូ​ក្យូ មិនអាច​ទទួលយក​ការសម្រេចចិត្ត​នេះ​បានឡើយ ដ្បិត​ការចែករំលែក​ព័ត៌មាន​យោធា និង​រឿង​ពាណិជ្ជកម្ម ជា​បញ្ហា​ពីរ​ដាច់ស្រឡះ​។​
 
​ជា​រឿង​កម្រ អាមេរិក​ក៏​បង្ហាញ​ការមិន​ពេញ​ចិត្តជា​សាធារណៈ​ទៅនឹង​ការសម្រេចចិត្ត​របស់​កូរ៉េខាងត្បូង ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​នៅ​អាស៊ី​ផងដែរ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយថា អាមេរិក​ខកចិត្ត​ជាខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​កូរ៉េខាងត្បូង តែ​ចង់​ឲ្យ​សម្ព័ន្ធមិត្ត​ទាំងពីរ​បន្ត​ដោះស្រាយ​បញ្ហា​ដោយ​ការជជែក​គ្នា​។ ដោយឡែក អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ថា អាមេរិក​ប្រាប់​សេ​អ៊ូ​ល​ម្ដង​ហើយ​ម្ដងទៀត​ពី​ផល​ប៉ះ​អវិជ្ជមាន​នៃ​ការសម្រេចចិត្ត​បែបនេះ​។​
 
​មន្ទីរ​បញ្ច​កោណ​របស់​អាមេរិក ក៏​ចេញមក​រិះគន់​រដ្ឋាភិបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ផងដែរ​។ ក្នុង​សេចក្ដីប្រកាស​របស់​អ្នកនាំពាក្យ​ខ្លួន ក្រសួងការពារជាតិ​អាមេរិក​បង្ហាញ​ក្ដីបារម្ភ និង​ការខកចិត្ត​ចំពោះ​វិធានការ​របស់​រដ្ឋបាល​លោក មូ​ន ដែល​មិន​បន្ត​សុពលភាព​កិច្ចព្រមព្រៀង​ជាមួយ​ជប៉ុន​។ អាមេរិក​ចង់ឃើញ​ទំនាក់ទំនង​ផ្នែក​សន្តិសុខ និង​ការពារជាតិ​ត្រូវបាន​រឹតបន្តឹង ទោះ​កូរ៉េខាងត្បូង និង​ជប៉ុន​ទាស់​គ្នា​រឿង​អ្វី​ក៏ដោយចុះ​។ 
 
​ការសម្រេចចិត្ត​បញ្ចប់​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​យោធា​នេះ នឹងធ្វើ​ឲ្យ​ទំនាស់​ពាណិជ្ជកម្ម​រវាង​សម្ព័ន្ធមិត្ត​អាមេរិក​ទាំងពីរ​ដែល​ផ្ដើមចេញពី​សាលក្រម​តុលាការ​កូរ៉េខាងត្បូង ផុង​កាន់តែ​ជ្រៅ​។ ប្រទេស​ទាំងពីរ ក៏បាន​ដក​ឈ្មោះ​គ្នា​ទៅ​មកពី​បញ្ជី​ដៃគូ​គួរ​ឲ្យ​ទុកចិត្តបាន​ផងដែរ​។ ប្រមុខ​ការទូត​កូរ៉េខាងត្បូង និង​ជប៉ុន ក៏​ធ្លាប់​ជួបគ្នា​ពីរដង​ដែរ ប៉ុន្តែ​មិនអាច​ដោះស្រាយ​បញ្ហា​បានឡើយ ខណៈ​អាមេរិក​ក៏​ធ្លាប់​អន្តរាគមន៍​ដែរ តែ​អត់​បានការ​ដដែល​។​
 
​ទោះ​មិនមែនជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ក្ដី អាមេរិក​ក៏​ទទួលបាន​ការចែករំលែក​ព័ត៌មាន​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ផងដែរ​។ អាមេរិក​ចាត់ទុក​កិច្ចព្រមព្រៀង​នេះ ជា​រឿង​សំខាន់ ព្រោះ​ជួយផ្ដល់​ព័ត៌មាន​ទាក់ទង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង និង​ប​ញ្ហាឯទៀត​នៅ​អាស៊ី​បូព៌ា​។ អស់​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​នេះ​ទៅ អាមេរិក​ទំនង​ពិបាក​ប្រមូល​ព័ត៌មាន​ស៊ីជម្រៅ​ដើម្បី​រៀបចំ​ផែនការ​ទប់ទល់​ការគំរាមកំហែង​នានា​៕  
 

Tag:
 អាមេរិក​
  ជប៉ុន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com