ខណៈករណីភ្លើងឆេះព្រៃអាម៉ាហ្សូន បន្តកើនឡើងដល់កម្រិតកំណត់ត្រា មេដឹកនាំពិភពលោក នាំគ្នាបង្ហាញក្តីព្រួយបារម្ភអំពីរឿងនេះ។ ពួកគេ បានស្នើឲ្យមានការការពារព្រៃអាម៉ាហ្សូន ដែលចាត់ទុកជា «ទងសួតរបស់ផែនដី»។
«ផ្ទះរបស់យើង កំពុងឆាបឆេះ»។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង សរសេរបែបនេះលើបណ្តាញសង្គម Twitter នៅថ្ងៃទី ២២ សីហា ដោយបន្ថែមថា ព្រៃអាម៉ាហ្សូន ដែលជាទងសួតរបស់ផែនដី បានផលិតខ្យល់អុកស៊ីសែន ២០ភាគរយសម្រាប់ពិភពលោក។
ភ្ជាប់ជាមួយ #ActForTheAmazon និងអមជាមួយរូបភាពមួយសន្លឹកផងនោះ មេដឹកនាំបារាំងវ័យ៤១ឆ្នាំរូបនេះ បានចាត់ទុករឿឆេះព្រៃនេះជា «វិបត្តិអន្តរជាតិ» និងស្នើឲ្យលើកយករឿងនេះទៅពិភាក្សាជាបន្ទាន់ក្នុងជំនួបកំពូលប្រទេសជឿនលឿនទាំង៧ (G7) ផងដែរ។
បន្ទរតាមលោក ម៉ាក្រុង នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានសរសេរលើ Twitter របស់ខ្លួនដែរថា លោកយល់ស្របយ៉ាងពេញទំហឹងចំពោះការលើកឡើងរបស់លោក ម៉ាក្រុង។ លោក សង្កត់ធ្ងន់ថា៖ «យើងត្រូវតែចាត់វិធានការសម្រាប់ជួយព្រៃអាម៉ាហ្សូន និងផែនដីរបស់យើង ព្រោះថា កូនៗ និងចៅៗរបស់យើង ពឹងផ្អែកលើយើងដើម្បីការពារអនាគតពួកគេ»
ដូចគ្នាទៅនឹងលោក ម៉ាក្រុង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានបង្ហាញសេចក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅជុំវិញភ្លើងដែលកំពុងបន្តឆាបឆេះក្នុងព្រៃអាម៉ាហ្សូន។ ដោយចាត់ទុកជា «វិបត្តិអាកាសធាតុសាកល» ផងនោះ លោក Guterrres បានលើកឡើងបែបនេះថា៖« យើងអាចពុំប្រឈមនឹងការបាត់បង់ច្រើនបន្ថែមទៀតសម្រាប់ប្រភពអុកស៊ីសែន និងជីវៈចម្រុះដ៏ចម្បងរបស់យើងបានឡើយ។ ព្រៃអាម៉ាហ្សូន ត្រូវតែការពារជាចាំបាច់»។
យ៉ាងណាមិញ ប្រធានាធិបតីប្រេស៊ីល លោក ជែ ប៊ុលសូណារ៉ូ ដែលមិនពេញចិត្តនឹងគំនិតនៃការលូកដៃពីសំណាក់បរទេសក្នុងព្រៃអាម៉ាហ្សូន និយាយរិះគន់ចំៗលើការលើកឡើងរបស់លោកម៉ាក្រុង ។
«ខ្ញុំ សោកស្តាយដែលលោកប្រធានាធិបតី ម៉ាក្រុង ចង់កេងផលចំណេញពីអ្វីជាបញ្ហាក្នុងស្រុករបស់ប្រេស៊ីល និងបណ្តាប្រទេសតាមបណ្តោយព្រៃអាម៉ាហ្សូនផ្សេងទៀត សម្រាប់ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន»។ លោក Bolsonaro លើកឡើងបែបនេះ ដោយបន្ថែមទាំងកំហឹងថា ប្រទេសខ្លះដែលបានផ្ញើលុយមកជួយប្រេស៊ីល ពួកគេពុំផ្ញើជាលក្ខណៈសប្បុរសឡើយ។ លោកថា៖ «ពួកគេ ផ្ញើលុយមក ដោយភ្ជាប់ជាមួយគោលដៅដើម្បីលូកដៃក្នុងអធិបតេយ្យភាពយើង»។
សូមបញ្ជាក់ថា ប្រទេសប្រេស៊ីល មានភ្លើងឆេះព្រៃជាង ៧២០០០ករណីក្នុងឆ្នាំនេះ ដោយមានកំណើន ៨៤ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ នេះបើតាមការបញ្ជាក់របស់វិទ្យាស្ថានជាតិសម្រាប់កិច្ចការស្រាវជ្រាវអវកាស ដោយបន្ថែមថា ពាក់កណ្តាលនៃភ្លើងឆេះព្រៃទាំងនេះ កើតឡើងក្នុងព្រៃអាម៉ាហ្សូន។ សន្ទុះភ្លើងឆេះព្រៃ កើនឡើងយ៉ាងគំហុក អំឡុងខែកក្កដា ដែលអូសបន្លាយកាន់តែធំឡើងៗ ក្នុងខែសីហានេះ។
ទាក់ទិននឹងកំណើនកំណត់ត្រានេះ កាសែតក្នុងស្រុកប្រេស៊ីលមួយចំនួន បានចុះផ្សាយថា ប្រជាកសិករក្នុងតំបន់ខ្លះ កំពុងប្រារព្ធពិធីមួយហៅថា «ទិវាភ្លើង ឬជាភាសាអង់គ្លេស Fire Days» ដើម្បីកេងផលប្រយោជន៍ពីការអនុវត្តចំណាត់ការធូររលុងរបស់អាជ្ញាធរប្រេស៊ីល។
ទោះជាបែបនេះក្តី លោកប្រធានាធិបតីប្រេស៊ីល បែរជាអះអាងថា សកម្មភាពឧក្រិដ្ឋរបស់អង្គការក្រៅរដ្ឋាភិបាល ដែលប្រឹងទាញចំណាប់អារម្មណ៍ឲ្យប្រឆាំងនឹងរូបលោក និងរដ្ឋាភិបាលរបស់ប្រេស៊ីលក្រោយពេលលោកកាត់លុយពីមូលនិធិពួកគេ អាចជាមូលហេតុនៃភ្លើងឆេះព្រៃនេះ។ កាន់តែធ្ងន់ធ្ងរ មេដឹកនាំប្រេស៊ីលរូបនេះ បន្តចោទក្រុមការពារព្រៃឈើទៀតថា ភ្លើងឆេះនៅតំបន់យុទ្ធសាស្ត្រ ហើយទឡ្ហីករណ៍នានាបង្ហាញថា សកម្មជនទាំងនោះ បានទៅដុតភ្លើង ហើយថតតែម្ដង៕