ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ សម្តេចនាយករដ្ឋមន្ត្រីមិនចង់ឱ្យមានវិសមិតភាពរវាងក្របខណ្ឌរដ្ឋ និងឯកជន រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
× ក្រោយសេចក្តីសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឱ្យកងកម្លាំងប្រដាប់អាវុធ អាចទទួលងារជាឧកញ៉ានោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានពន្យល់អំពីមូលហេតុនៃសេចក្តីសម្រេចនេះប្រាប់សារព័ត៌មានថ្មីៗ។
«សម្តេចនាយករដ្ឋមន្ត្រីយល់ឃើញថា វាមានវិសមិតភាពរវាងកងកម្លាំងប្រដាប់អាវុធ ដែលជាក្របខ័ណ្ឌរដ្ឋ និង ងារជាឧកញ៉ា ដែលជាវិស័យឯកជន»។ នេះជាការពន្យល់របស់លោក ឈឹម ផលវរុណ ដែលជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ហើយដែលមានវត្តមាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាចមួយនេះដែលមានសមាជិកឡើងដល់ជាង៨០០នាក់។
គណបក្សប្រជាជនកម្ពុជាបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៅថ្ងៃទី២២ខែកក្កដា ដែលដឹកនាំដោយប្រធានគណបក្សគឺសម្តេច ហ៊ុន សែន និងប្រធានកិត្តិយស គឺសម្តេច ហេង សំរិន។ នៅក្នុងកិច្ចប្រជុំនោះ សម្តេចប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីផងបានប្រកាសសេចក្តីសម្រេចចិត្តមួយដែលមិនអនុញ្ញាតឱ្យគ្រប់ប្រភេទនៃកងកម្លាំងប្រដាប់អាវុធ រួមទាំងកងអង្គរក្សផង មិនអាចមានងារជាឧកញ៉ា ឬផ្ទុយទៅវិញ បើសិនជាពួកគេសុខចិត្តយកងារឧកញ៉ា ពួកគេត្រូវបោះបង់ឋានន្តរស័ក្ត។
ឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន thmeythmey មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដដែលបានពន្យល់បន្ថែមយ៉ាងដូច្នេះ៖«ការមិនឲ្យមានវិសមិតភាព ឬ ការឡូកឡំគ្នារវាងក្របខណ្ឌកងកម្លាំងប្រដាប់អាវុធ និងងារជាឧកញ៉ា គឺដើម្បីលើកស្ទួយប្រសិទ្ធភាពការងារនៃកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចការបម្រើជាតិ និងប្រជាជន»។ លោក ឈឹម ផលវរុណ ដែលអះអាងថា លោកមិនបានដឹងថាតើមន្ត្រីកងកម្លាំងប្រដាប់អាវុធប៉ុន្មានរូប ទាំងយោធា និងនគរបាល ដែលកំពុងមានងារជាឧកញ៉ានោះ បានសង្កត់ធ្ងន់ថា៖«សាមីខ្លួនត្រូវសម្រេចចិត្តខ្លួនឯង ថាយកមួយណា? យកមួយ អត់មួយ!»។
វិសមិតភាពសំដៅថា មុខងារឬតួនាទីពីរ ដែលមនុស្សម្នាក់ មិនអាចមានទាំងពីរបាន។ ដូចជា រដ្ឋធម្មនុញ្ញ កំណត់ថា តំណាងរាស្ត្រ មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈ ដែលមានន័យថា តំណាងរាស្ត្រ មិនអាចទៅធ្វើជាមន្ត្រីសាធារណៈឡើយ។
កាលពីអំឡុងខែមេសាឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាលបានប្រកាសពីគម្រោងធ្វើកំណែទម្រង់កងកម្លាំងប្រដាប់អាវុធម្តងរួចមកហើយ ប៉ុន្តែ ប្រមុខរដ្ឋាភិបាល សំដៅតែទៅលើក្របខ័ណ្ឌក្រសួងការពារជាតិ ដោយពុំបាននិយាយពីក្របខ័ណ្ឌនគរបាល ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃឡើយ។
កាលនោះ ប្រមុខរដ្ឋាភិបាល បង្ហើបថា ទៅថ្ងៃមុខ កងកម្លាំងប្រដាប់អាវុធក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ (កងទ័ព កងរាជអាវុធហត្ថ និង កងអង្គរក្ស) ត្រូវទុកឲ្យមាននាយឧត្តមសេនីយ៍ (ផ្កាយ៤) មានតែពីរនាក់ប៉ុណ្ណោះ៕
Tag:
ហ៊ុន សែន
កំណែទម្រង់
កម្លាំងប្រដាប់អាវុធ
ឧកញ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com