អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
យល់ដឹង​គន្លឹះ​ខ្លីៗ​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​អ្នកទិញ​ផ្ទះ​លើកដំបូង​
23, Aug 2019 , 2:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​កំពុង​រីកលូតលាស់ តម្រូវការ​នៃ​ការទិញ​ផ្ទះ ក៏មាន​ការកើនឡើង​ខ្ពស់​ផងដែរ​។ នេះ​ជា​មូលហេតុ ដែល​ជំរុញ​វិនិយោគិន​ឲ្យ​វិនិយោគ​គម្រោង​សាងសង់​ជាច្រើន មាន​ទាំង​បុរី និង​ខុន​ដូ​។
 
​ពិតណាស់​គ្រួសារ​ថ្មីថ្មោង ឬ​យុវជន​ដែលមាន​លទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ពួកគេ​បានសម្រេច​ចិត្ត​ទិញ​ផុះ្ទ​ផ្ទាល់ខ្លួន ដោយ​អ្នកខ្លះ​ទិញ​ធ្វើជា​លំនៅដ្ឋាន និង​ខ្លះទៀត ទិញ​វិនិយោគ​។ ខាងក្រោម​នេះ ជា​គំនិត​ខ្លះ សម្រាប់​អ្នកទិញ​ផ្ទះ​លើកដំបូង គួរ​យល់ដឹង​ប្រសិនបើ​អ្នក​ពិតជា​ចង់​ទិញ​ដើម្បី​ទទួលបាន​ផលចំណេញ​។ 

•​ ​សន្សំ​ប្រាក់​តម្កល់​សិន​
 
​គម្រោង​ជាច្រើន តម្រូវ​ឲ្យ​អ្នកទិញ​បង់ប្រាក់​ដំបូង​(​ប្រាក់​តម្កល់​) ចាប់ពី​១០% ទៅ​៣០% ហើយ​ប្រាក់​ដែល​នៅសល់ នឹងត្រូវ​បង់​រំលស់​បន្ត​ប្រចាំខែ​។ ក្នុងករណី​អ្នកយក​កម្ចី​ទិញ​ផ្ទះ ពី​ធនាគារ ធនាគារ​អនុញ្ញាត​កម្ចី​ត្រឹមតែ ៧០% - ៨០% ភាគរយ នៃ​តម្លៃ​អចលនទ្រព្យ​ប៉ុណ្ណោះ​។ 
 
​បើសិន​បើ​អ្នកមាន​ប្រាក់​បង់​ដំបូង​កាន់តែច្រើន នោះ​អ្នក​ចំណេញ​កាន់តែច្រើន​។ ឧទាហរណ៍ អ្នកទិញ​ផ្ទះ​តម្លៃ ៥​ម៉ឺន​ដុល្លារ ហើយ​មាន​ប្រាក់​ស្រាប់ ៣០% ស្នើ​នឹង ១៥,០០០ ដុល្លារ ដូចនេះ​អ្នក​អាច​ស្នើសុំ​កម្ចី ៧០% ស្មើនឹង ៣៥,០០០ ដុល្លារ ដោយ​បង់​ជាមួយ​ធនាគារ​ក្នុង​អត្រា​ការប្រាក់ ៧.៥% រយៈពេល ១០​ឆ្នាំ​។ ប្រាក់​ដែល​ត្រូវ​បង់​ប្រចាំខែ​ខ្ទង់ ៦០០ ដុល្លារ​។ បន្ទាប់ពី​បង់ ១០​ឆ្នាំ អ្នកនឹង​ចំណាយ​ការប្រាក់​ជាង ២ ម៉ឺន​ដុល្លារ​។ 
 
​ដោយឡែក​ប្រសិនបើ​អ្នក​គ្មាន​ប្រាក់​តម្កល់ ៣០% អ្នក​អាច​បង់​ផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង ប៉ុន្តែ​សូម​ចងចាំ​ថា ថ្លៃ​ចំណាយ​របស់​អ្នកនឹង​កើនឡើង​ទ្វេដង​។ ដោយសារ​អ្នក​ត្រូវ​បង់​រំលស់ ១០០% រីឯ​ម្ចាស់​អត្រា​ការប្រាក់​ជាមួយ​គម្រោង​មាន​កម្រិត​ខ្ពស់ ជាង​អត្រា​ការប្រាក់​របស់ ធនាគារ​។  
 
•​ ​ត្រូវ​ដឹង​ពី​ការចំណាយ​បន្ថែម​
 
​ការចំណាយ​មាន​ពីរ​ប្រភេទ គឺ​ការចំណាយ​បិទ និង​ចំណាយ​ប្រចាំខែ​។  ចំណាយ​បិទ រាប់បញ្ចូល​សេវា កម្ចី​ឥណទាន សេវា​ផ្ទេរ​ប្លង់ ថ្លៃ​ភ្នាក់ងារ​អចលនទ្រព្យ សេវា​ផ្ទៀងផ្ទាត់​ប្លង់ និង​សេវា​ដំណើរការ​នីតិវិធី​ផ្សេងៗ​ជាដើម​។ ភាគច្រើន អ្នកទិញ​មិនសូវ​ចាប់អារម្មណ៍​នឹង​ការចំណាយ​ទាំងនេះ​ទេ ប៉ុន្តែ​វា​អាចធ្វើ​ឲ្យ​អ្នក មានការ​ភ្ញាក់ផ្អើល​ផងដែរ​។ ពេលខ្លះ​ការចំណាយ មួយចំនួន នឹងត្រូវ​រ៉ាប់រង​ដោយ​អ្នកលក់​។ តែ​ការពិត គឺ​អ្នកលក់​បានគិត​បញ្ចូល​ថ្លៃ​សេវា​ទាំងនេះ ទៅក្នុង​តម្លៃ​លក់​រហូត​រួចរាល់​ទៅហើយ​។​
 
​រីឯ​ការចំណាយ​ជាប្រចាំ អាច​រាប់បញ្ចូល​សេវា​ធានារ៉ាប់រង​ផ្ទះ ពន្ធ​លើ​អចលនទ្រព្យ អត្រា​ការប្រាក់ ការថែទាំ​ជួសជុលផ្ទះ និង​ការទូទាត់​វិក័យប័ត្រ​ដូចជា អ៊ីនធឺណិត អគ្គិសនី និង​ថ្លៃ​ទឹក​។ 
 
•​ ​ប្រើប្រាស់​ភ្នាក់ងារ​អចលនទ្រព្យ​
 
​អ្នក​អាច​ប្រើប្រាស់​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ធ្វើការ​ជំនួស​អ្នក​បាន ហើយ​អ្នកនឹង​ត្រូវ​ចំណាយ ថ្លៃ​កម្រៃជើងសារ​សម្រាប់​ការងារ​នេះ​។ ប៉ុន្តែ​ជាទូទៅ ភាគច្រើន​កម្រៃជើងសារ​ត្រូវ​គិតពី​អ្នកលក់ ប៉ុន្តែ​ករណីខ្លះ អ្នកទិញ​ត្រូវ​ចំណាយ​លើ​កម្រៃជើងសា​រដែរ​។ ក្នុងការ​ជ្រើសរើស​ភ្នាក់ងារ  អ្នក​ត្រូវ​រក​អ្នក​ដែលមាន​វិជ្ជាជីវៈ មាន​ក្រុមហ៊ុន និង​អាជ្ញាប័ណ្ណ​ស្របច្បាប់ យល់ដឹង​ច្បាស់​ពី​ទីផ្សារ ដឹង​ពី​ការចរចា និង​មានបទពិសោធន៍​ផ្នែក​ច្បាប់​។​
 
•​ ​កុំ​ទិញ​ផ្ទះ​មានតម្លៃ​ហួស​ពី​លទ្ធភាព​របស់​អ្នក​
 
​មនុស្ស​ភាគច្រើន​តែង​គិតថា នៅពេល​ធនាគារ​អនុញ្ញាត​ឲ្យ​ប្រាក់កម្ចី មានន័យថា ពួកគេ​មាន លទ្ធភាព​ក្នុង​ការសង​ប្រាក់​ត្រលប់​។ ប៉ុន្តែ​វា​អាចជា​ការគិត​ខុស​មួយ ដោយសារតែ​ធនាគារ​យកប្រាក់​ចំណូល​របស់​អ្នកទិញ ដក​នឹង​បំណុល​ដែល​ពួកគេ​មាន ហើយ​ពិចារណា​ពី​ទឹកប្រាក់ ដែល​នៅសល់​ថា​តើ​អ្នកទិញ​អាច​បង់​បានដែរ​ឬទេ ក្នុង​រយៈពេល​មួយខែ​។ 
 
​ទោះជា​យ៉ាងណា អ្នកទិញ​គួរ​គិតពិចារណា​ឲ្យ​បានច្បាស់លាស់ មុននឹង​សម្រេចចិត្ត​ទិញ​ផ្ទះ​នោះ​។ ចំណូល​គ្រប់គ្រាន់​អាច​បង់​បាន មិន​មានន័យថា​ត្រូវតែ​ទិញ​នោះទេ​។ ជារួម​អ្នកទិញ​ខ្លួនឯង​គួរ​ស្វែងរក​ផ្ទះ​ណា ដែល​គេ​អាច​បង់​បាន និង​បង់​ដោយ​មិនមាន​ការលំបាក​។ 
 
​ក្រៅពី​ផ្នែក​ហិរញ្ញវត្ថុ អ្នកទិញ​ត្រូវ​ពិចារណា កត្តា​មួយ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ល្អិតល្អន់​ផងដែរ ក្នុង នោះ​អាចមាន​ដូចជា​៖ 
 
•​ ​កុំ​បោះបង់​ជម្រើស​ល្អ ដោយសារ​ចំណុច​ខ្វះខាត​បន្តិចបន្តួច​
 
​វា​ជា​រឿង​គួរ​ឲ្យ​ស្តាយ ដែល​អ្នកទិញ​បោះបង់​ផ្ទះ​ដែល​អ្នក​ពេញចិត្ត មាន​ទីតាំង​ល្អ មានតម្លៃ​សមរម្យ ប៉ុន្តែ​ដោយ​គ្រាន់តែ​ជញ្ជាំង ឬ​កម្រាលព្រំ​មាន​ពណ៌​ចាស់ និង​គ្រឿងសង្ហារិម​តិច​។ របស់​តុបតែង​ចាស់ អាច​ផ្លាសប្តូរ​ថ្មី​បាន​ទាំងអស់ ដូចនេះ​អ្នកទិញ​មិនគួរ​បោះបង់​ផ្ទះ​ល្អ ដោយ​គ្រាន់តែ​បញ្ហា​ទាំងអស់នេះ​ទេ​។​
 
•​ ​ទិញ​ផ្ទះ​ត្រូវ​រើស​អ្នកជិតខាង​ល្អ​

​ពិតណាស់ ការទិញ​ផ្ទះ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​អារម្មណ៍ ប៉ុន្តែ​អ្នកទិញ​មិនគួរ​យក​អារម្មណ៍​មក​សម្រេចចិត្ត​នោះទេ​។ អ្នក​មិនគួរ​បោះបង់​ផ្ទះ​ល្អ​មួយ​ចោល ដោយ​គ្រាន់តែ​រឿង​បន្តិចបន្តួច​ដែល​អ្នក​អាច​ផ្លាស់ប្តូរ​បាន​។ ប៉ុន្តែ​ចំពោះ​រឿង​ដែល​មិនអាច​ផ្លាស់ប្តូរ​បាន ដូចជា​អ្នកជិតខាង​មិនល្អ  ទីតាំង​មិន​អំណោយផល មានទឹក​លិច​ជាដើម អ្នក​គួរតែ​បោះបង់​ផ្ទះ​នោះ​ទៅ​។​

•​ ​ត្រូវ​ចេះ​ត្រួតពិនិត្យ​មើល​ផ្ទះ​
 
​អ្នក​ត្រូវ​ពិនិត្យមើល​ផ្ទះ​ដែល​អ្នក​ចង់​ទិញ​ឲ្យ​បាន​ល្អិតល្អន់ ទាំង​លក្ខណៈ​ខាងក្រៅ និង​ចំណុច​ខាងក្នុង​ដូចជា​គុណភាព​។ បើសិន​បើ​អ្នក​មិនចេះ​ត្រួតពិនិត្យ​ចំណុច​ទាំងនេះ អ្នកជំនាញ​ត្រួតពិនិត្យ​ផ្ទះ អាចជួយ​អ្នក​បាន​។ អ្នកពិនិត្យ​ផ្ទះ​ដែលមាន​វិជ្ជាជីវៈ​អាច​មើលឃើញ បញ្ហា​ដែល​យើង​មិនអាច​មើល​នឹង​ភ្នែក​ទទេ​បាន​។ ពួកគេ​អាចជួយ​អ្នក​ឲ្យ​ដឹង ពី​បញ្ហា​ផ្នែក​ខាងក្នុង ហើយ​អាចជួយ​អ្នក​ឲ្យ​សម្រេចចិត្ត​បានល្អ ក្នុង​ការទិញ ឬ​មិន​ទិញ​ផ្ទះ​នោះ​៕
 
 
​(អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com