កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បារម្ភ​ពី​បញ្ហា​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន ក្រោយ​រាលដាល​ដល់​តំបន់​ទាក់ទាញ​ទឹកភ្លៀង​
23, Aug 2019 , 8:19 pm        
រូបភាព
​កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo នៅ​ថ្ងៃទី​២៣ ខែសីហា​នេះ បានបង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​បន្ទាប់ពី​ភ្លើង​ឆេះ​ព្រៃ បន្ត​ដល់​តំបន់​ទាក់ទាញ​ទឹកភ្លៀង​នៅ​អា​ម៉ា​ហ្សូ​ន ភាគខាងត្បូង​ប្រទេស​ប្រេ​ស៊ី​ល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការផលិត​អុកស៊ីហ្សែន​ចំនួន​២០​ភាគរយ​ជុំវិញ​ពិភពលោក​។​


 
​រូបភាព​ភ្លើង​ឆេះ​ព្រៃ ដែល​បំផ្លាញ​ទាំងស្រុង​នៅ​តំបន់​សំខាន់​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​នៅក្នុង​បណ្តាញ​សង្គម Twitters ដែលមាន​អ្នក​បង្ហោះ​រហូតដល់ ២៤៩ ០០០​ដង​។ ក្នុងនោះ ក៏មាន​វត្តមាន​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Juventus ផងដែរ​។​
 
Ronaldo បាន​បង្ហោះ​លើ Twitters ផ្ទាល់​របស់គេ​ថា​៖«​ព្រៃ​ទឹកភ្លៀង​នៅ​អា​ម៉ា​ហ្សូ​ន ដែល​ផលិត​អុកស៊ីហ្សែន ២០% ជុំវិញ​ពិភពលោក​បាន​ឆេះ​រយៈពេល ៣​សប្តាហ៍​មកហើយ​។ យើងទាំងអស់គ្នា​ត្រូវមាន​ទំនួល​ខុសត្រូវ​ក្នុងការ​សង្គ្រោះ​ភពផែនដី​របស់​យើង​។ #prayforamazonia»​។​
 
 
​តួលេខ​របស់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ផ្នែក​អាវ​កាស បង្ហាញថា​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន កើនឡើង ៨៣​ភាគរយ​ឯណោះ​ក្នុង​ឆ្នាំ​២០១៩​នេះ បើ​ធៀប​នឹង​ឆ្នាំ ២០១៨​។ ការស្រាវជ្រាវ​នេះដែរ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ប្រធានាធិបតី Jair Bolsonaro បាន​ដកតំណែង​ប្រធាន​ទីភ្នាក់ងារ​ស្រាវជ្រាវ​ផ្នែក​អាវ​កាស ក្រោយ​មានការ​ខ្វែងគំនិត​គ្នា​លើ​ទិន្នន័យ​នៃ​ការដុត​បំផ្លាញ​ព្រៃឈើ​។​
 
​ប្រធានាធិបតី​រូបនេះ កំពុង​ប្រឈម​ការរិះគន់​យ៉ាងខ្លាំង​ពី​អន្តរជាតិ ស្របពេល​អត្រា​បាត់បង់​ព្រៃឈើ​កើនឡើង​ចាប់តាំងពី​លោក​ចូលកាន់​តំណែង ជាពិសេស​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដែល​ប្រេ​ស៊ី​ល​កាន់កាប់​៦០​ភាគរយ​ទទួលរង​រងគ្រោះ​ធ្ងន់ធ្ងរ​។ ក្រុម​អ្នក​បរិស្ថាន​ក៏បាន​បន្ទោ​សលោក Bolsonaro ផងដែរ​ចំពោះ​ជំហរ​របស់លោក​ដែល​យក​ការអភិវឌ្ឍ ធំ​ជាង​ការអភិរក្ស​ព្រៃឈើ​។​
 
​យ៉ាងណាក៏ដោយ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters លោក​ប្រធានាធិបតី Bolsonaro បាន​ច្រានចោល​ទិន្ន័យ ៨៣​ភាគរយ​របស់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ផ្នែក​អាវ​កាស ហើយ​និយាយថា នេះ​ជា​រដូវ​កាល​ការកាប់​ឆ្ការព្រៃ ដែល​កសិករ​ប្រើ​ភ្លើង​សម្រាប់​ដុត​ព្រៃ​ដើម្បី​យក​ដី​ចិញ្ចឹមសត្វ​។​
 
​ព្រៃ​អា​ម៉ា​ហ្សូ​ន​គឺជា​កន្លែង​ផ្ទុក​សារធាតុ​កាបូន​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក ដែល​ជួយ​បន្ថយ​ការកើនឡើង​កម្តៅ​ផែនដី​៕
 

Tag:
 Cristiano Ronaldo
  ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​
  ប្រេ​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com