ជាតិ
នយោបាយជាតិ
រដ្ឋាភិបាល រក្សាជំហរចាប់លោក សម រង្ស៊ី ពេលចូលស្រុក
× សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែនិយាយដដែលថា សមត្ថកិច្ច នឹងអនុវត្តដីកាតុលាការ ក្នុងការចាប់លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង និង បក្សពួក ប្រសិនបើពួកគេ ចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មែន។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី គឺធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
នៅចំពោះមុខសមាជិកគណៈកម្មាធិការកណ្តាលជាង៨០០នាក់ សម្តេចប្រធានគណបក្សកាន់អំណាច ចាត់ទុក ការសម្រេចចិត្តវិលត្រឡប់របស់លោក សម រង្ស៊ី ឬ មិនវិលត្រឡប់ ថាគ្រាន់តែជារឿងបុគ្គលប៉ុណ្ណោះ។ សម្តីរបស់សម្តេចប្រធាន ត្រូវបានលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សកាន់អំណាច លើកមកប្រាប់សារព័ត៌មានថ្មីៗ ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ។
លោក ឈឹម ផលវរុណ ដែលបានចូលរួមក្នុងកិច្ចប្រជុំដែរនោះ សង្កត់ធ្ងន់ពីប្រសាសន៍របស់សម្តេចថា សមត្ថកិច្ច មិនមែនអនុវត្តដីកាទៅលើតែលោក សម រង្ស៊ី នោះទេ ផ្សេងទៀត ដែលមានទោសនិងមានឈ្មោះក្នុងដីកា ដែលតុលាការបង្គាប់ឲ្យចាប់ខ្លួន ក៏នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ ប៉ុន្តែ លោក បញ្ជាក់ថា ចំពោះអ្នកដែលគ្មានទោស សមត្ថកិច្ច នឹងមិនចាប់ឡើយ។ លោក ថ្លែងដូច្នេះថា៖« [វា] ជាការអនុវុត្តច្បាប់ទូទៅនៅកម្ពុជា»។
លោក សម រង្ស៊ី ប្រកាសថា គម្រោងរបស់លោក ដែលត្រូវវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ (ចំថ្ងៃបុណ្យឯករាជ្យជាតិ) នឹងមិនផ្លាស់ប្តូរឡើយ៕
Tag:
សម រង្ស៊ី
មាតុភូមិនិវត្ត
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com