អន្តរជាតិ
កប៉ាល់ «​ទី​តា​និ​ច​» កំពុង​ពុកផុយ​ខ្លាំង​នៅ​បាតសមុទ្រ​អា​ត្ល​ង់​ទិច​
23, Aug 2019 , 9:59 pm        
រូបភាព
​កប៉ាល់​ដឹក​អ្នកដំណើរ​ដ៏​ល្បី​មួយ​ដែលមាន​ឈ្មោះថា Titanic បានបង្ហាញ​ពី​ការ​ពុកផុយ​យ៉ាងខ្លាំង​ជា​បណ្តើរៗ ក្រោយពី​វត្តមាន​ជាង​១០០​ឆ្នាំ​នៅ​ខាងក្រោម​ទឹកសមុទ្រ​ដ៏​ប្រៃ​​មក​។ កប៉ាល់​នេះ បាន​លិចទៅ​ក្នុង​ជម្រៅ​សមុទ្រ​ដ៏​ត្រជាក់​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិច​កាលពី​ឆ្នាំ​១៩១២​។

 
​ក្រោយពី​ព្រឹត្តិការណ៍​មហន្តរាយ​នោះមក មាន​បេសកម្ម​នាវាមុជទឹក​ចំនួន​៥​លើក បាន​ទៅពិនិត្យ​ខ្មោច​កប៉ាល់​មួយ​នេះ ដែល​ស្ថិតនៅ​ជម្រៅ​៣៨០០​ម៉ែត្រ​ក្នុង​ទឹកសមុទ្រ ។ បេសកកម្ម​ទាំងនេះ​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ជម្រៅ​សមុទ្រ​អន្តរជាតិ​។ 
 
​គេហទំព័រ BBC កាលពី​ថ្ងៃទី​២២ ខែកក្កដា​ បាន​បង្ហាញថា ទោះបីជា​ផ្នែក​ខ្លះ​នៃ​កប៉ាល់​ទី​តា​និ​ច​នៅមាន​សោភ័ណ​ភាពល្អ​ក្តី ផ្នែក​មួយចំនួនទៀត កំពុង​រលាយបាត់​ទៅក្នុង​ទឹកសមុទ្រ​។ លោក Parks Stephenson អ្នក​ប្រវត្តិវិទូ​នៃ​កប៉ាល់​ទី​តា​និ​ចម្នាក់ បានបង្ហាញ​ពី​អារម្មណ៍​ភ្ញា​ក់​ផ្អើល នៅពេល​លោក​បានឃើញ​រូបភាព​នៃ​ខ្មោច​កប៉ាល់​នេះ​សាជាថ្មី ជាមួយនឹង​ការ​ខូ​ត​ខាត​កាន់តែខ្លាំង​ជាមុន​។​
 
​ផ្នែក​ខាងក្រៅ​សម្រាប់​អ្នកដំណើរ បន្ទប់ធ្វើការ​របស់​អ្នកគ្រប់គ្រង​នាវា និង​សម្ភារ​ជាច្រើន​ទៀត កំពុង​ពុកផុយ​ជា​បណ្តើរៗ​។ លោក Parks អះអាង​បែបនេះ ដោយ​បន្ថែមថា ចរន្តទឹក​សមុទ្រ​ខាងក្នុង ជាតិ​ប្រៃ និង​បាក់តេរី​ដែល​ប្រើប្រាស់​លោហៈ​ជា​អាហារ​ជា​អ្នក​ដែល​កំពុង​ព​ន្លើ​ន​សកម្មភាព​ទាំងនេះ​ឡើង​។ 
 
​ទីតាំង​ចុងក្រោយ​របស់​កប៉ាល់​មួយ​នេះ​គឺ​ប្រមាណ ៦៦០​គីឡូម៉ែត្រ​ពី​ឆ្នេរ​នៃ​ទីក្រុង Newfoundland ប្រទេស​កាណាដា នៅពេលដែល​កប៉ាល់​នេះ​បានធ្វើ​ដំណើរ​ទៅបុក​ផ្ទាំង​ទឹកកក​អណ្តែត​តាម​សមុទ្រ​ដ៏​ធំ​មួយ នៅពេល​កំពុង​បើកបរ​ពី​ទីក្រុង Southampton ទៅកាន់ New York​។ ក្នុងចំណោម​ជីវិត​ទាំង​២២០០​នាក់ ១៥០០​នាក់​មិនបាន​ត្រលប់មក​ដីគោក​វិញ​នោះទេ​។​
 
​នាវាមុជទឹក​ដែល​គេ​ប្រើប្រាស់​នេះ មាន​ប្រវែង​៤,៦​ម៉ែត្រ ជាមួយនឹង​កម្ពស់​៣,៧​ម៉ែត្រ គ្មាន​មនុស្ស​បើកបរ​ខាងក្នុង​។ នាវាមុជទឹក​នេះ នឹងត្រូវ​ទៅពិនិត្យ​មើល​ផ្នែក​ទាំងពីរ​នៃ​កប៉ាល់ ដែល​បាន​បាក់​ជា​ពីរ​កំណាត់ នឹងមាន​ទីតាំង​ប្រមាណ​ជា​៦០០​ម៉ែត្រ​ពី​កំណាត់​មួយ ទៅ​កំណាត់​មួយទៀត​។ 
 
​គួរ​ឲ្យ​បញ្ជាក់​ផងដែរ​ថា ទីតាំង​លិច​របស់​កប៉ាល់​ទី​តា​និ​ច​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ឆ្នាំ​១៩៨៥ និង​ការចុះទៅ​ពិនិត្យ​ផ្ទាល់​ដំបូង​គឺ​នៅក្នុង​ឆ្នាំ​១៩៨៦​។ ក្នុង​ឆ្នាំ​១៩៩៥ លោក James Cameron ដែលជា​អ្នកដឹកនាំ​រឿង «​ទី​តា​និ​ច​» បាន​ចុះទៅ​មើល​ផ្ទាល់ និង​រឿង​ថត​ប្លង់​មួយចំនួន​ដែល​ប្រើប្រាស់​ក្នុង​ភាពយន្ត​។ ក្នុង​ឆ្នាំ​២០១២ តំបន់​ទី​តា​និ​ច​ត្រូវបាន​ក្លាយជា​ទីតាំង​អភិរក្ស​នៃ​អង្គការ​យូ​ណេ​ស្កូ៕

© រក្សាសិទ្ធិដោយ thmeythmey.com