កីឡាជាតិ
ជាតិ
ល្បុក្កតោរៀបចំការប្រកួតលើវិញ្ញាសាប្រយុទ្ធ ព្រោះចង់ឲ្យគេស្គាល់ដូចវិញ្ញាសាសម្តែង
× មហាជនមួយចំនួន ធ្លាប់តែឃើញគេរៀបចំការប្រកួតគុនល្បុក្កតោលើវិញ្ញាសាសម្តែង ទំនងជាមិនធ្លាប់ឃើញគេរៀបចំលើវិញ្ញាសាប្រយុទ្ធនោះទេ។ កត្តានេះហើយទើបសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជារៀបចំឲ្យមានការប្រកួតគុនល្បុក្កតោជ្រើសរើសជើងឯកប្រចាំខែលើវិញ្ញាសាប្រយុទ្ធ ដើម្បីផ្សព្វផ្សាយឲ្យមហាជនស្គាល់កាន់តែច្រើន ពិសេសផ្តល់ឱកាសឲ្យកីឡាករអភិវឌ្ឍទៅរកកម្រិតអាជីព។
«ការប្រកួតអ្នកលេងគុនល្បុក្កតោ» គឺជាឈ្មោះកម្មវិធីប្រកួត ដែលរៀបចំដោយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅថ្ងៃទី២៥ សីហា នៅទីស្នាក់ការ NOCC (ជាន់ផ្ទាល់ដី) ដើម្បីផ្សព្វផ្សាយពីវិញ្ញាសាប្រយុទ្ធឲ្យទូលំទូលាយដូចវិញ្ញាសាសម្តែង។ ការរៀបចំការប្រកួតតែលើវិញ្ញាប្រយុទ្ធនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការយល់ឃើញរបស់មហាជនមួយចំនួនដែលថា គុនល្បុក្កតោមានតែវិញ្ញាសាសម្តែងផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។
ការផ្តល់ឱកាសឲ្យកីឡាករបានបញ្ចេញសមត្ថភាព ដើម្បីឈានទៅក្លាយជាកីឡាករអាជីពទៅថ្ងៃអនាគត ក៏ជាគោលបំណងនៃកម្មវិធីប្រកួត ដែលសហព័ន្ធគ្រោងរៀបចំប្រចាំខែនេះដែរ។ «កីឡាគុនល្បុក្កតោជាទូទៅមហាជនយល់ថា គ្រាន់តែជាប្រភេទកីឡាសម្តែង តាមពិតយើងមានទាំងវិញ្ញាសាសម្តែង និងប្រយុទ្ធ ហើយកន្លងមកវិញ្ញាសាសម្តែង ត្រូវបានគេទទួលស្គាល់។ ប៉ុន្តែឥឡូវនេះយើងចង់ជំរុញវិញ្ញាសាប្រយុទ្ធនឹង គឺមានការផុសផុលនិងរីកចម្រើនដូចវិញ្ញាសាសម្តែង»។ នេះជាការលើកឡើងរបស់លោក អ៊ួ តារា។
សម្រាប់ការប្រកួតនៅថ្ងៃទី២៥ សីហា មានកីឡាករមកពីក្លិប-សមាគមជាសមាជិកចំនួន១២នាក់(បរទេស២រូប)ចូលរួម ដែលស្មើនឹង៦គូដោយមានការប្រកួតមិត្តភាពអន្តរជាតិចំនួន២គូ។ ការប្រកួតបើកសេរីឲ្យទស្សនិកជនចូលរួមទស្សនានេះ ធ្វើឡើងចាប់ពីម៉ោង៦ល្ងាចតទៅ។ សហព័ន្ធកីឡាគុនល្បុក្កតោ គ្រោងរៀបចំឲ្យមានការប្រកួតនេះជារៀងរាល់ខែ ហើយក៏គ្រោងរៀបចំឲ្យមានការប្រកួតលើវិញ្ញាសាប្រយុទ្ធផ្នែកនារីផងដែរ៕
Tag:
គុនល្បុក្កតោ
អ៊ួ តារា
© រក្សាសិទ្ធិដោយ thmeythmey.com