អន្តរជាតិ
ថៃ៖ កូនជ្រូកទឹកមួយក្បាលទៀតងាប់ដោយសារខ្សោយបេះដូង កូនជ្រូកទឹកដែលរកឃើញនៅថៃ។ រូបភាព Asiaone
× ដោយ៖ ឈួន ឈីវអ៊ីង
កូនសត្វជ្រូកទឹកមួយក្បាលទៀតឈ្មោះ Yameel ដែលគេជួយសង្គ្រោះ ក្នុងពេលថ្មីៗនេះ បានងាប់ហើយ ខណៈក្រុមគ្រូពេទ្យធ្វើការសុងយកដុំស្មៅសមុទ្រចេញពីក្នុងពោះរបស់វា។
កូនជ្រូកទឹក Yameel បានងាប់នៅម៉ោង ៩:៣៥នាទីថ្ងៃទី២២ ខែសីហា ដោយសារជំងឺខ្សោយបេះដូង បើទោះបីជាក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងសង្គ្រោះវាអស់រយៈពេល ៥១ថ្ងៃហើយក៏ដោយ។ នេះបើតាមសារព័ត៌មានថៃ The Nation នៅថ្ងៃទី២៣ ខែសីហា។
នាយកដ្ឋានធនធានសមុទ្រនិងឆ្នេរបានសរសេរនៅលើទំព័រហ្វេសប៊ុកថា ក្រុមគ្រូពេទ្យសត្វបានរកឃើញថា Yameel រងគ្រោះដោយសារការកើនឡើងកម្រិតឧស្ម័ននៅក្នុងក្រពះនិងពោះវៀន ព្រមទាំងមានចង្វាក់បេះដូងខ្ពស់ ហើយអាចធ្វើឲ្យប្រកាច់ក៏ថាបាន។ ក្រុមគ្រូពេទ្យ បានប្រើថ្នាំបំបាត់ការឈឺចាប់ និងថ្នាំស្ងប់អារម្មណ៍មុនពេលប្រើម៉ាស៊ីន X-ray ដើម្បីត្រួតពីនិត្យមើលប្រព័ន្ធខាងក្នុងរបស់ Yameel។
ក្រុមគ្រូពេទ្យបានរកឃើញថា ដុំស្មៅសមុទ្របានបន្តកើនឡើងនៅក្នុងក្រពះរបស់កូនសត្វជ្រូកទឹកនេះ ដូច្នេះពួកគេបានសម្រេចចិត្តសុងក្រពះដើម្បីយកស្មៅចេញ និងកាត់បន្ថយការផលិតឧស្ម័ន។
នៅម៉ោង៥ល្ងាច ក្រុមគ្រូពេទ្យមកពី Vachira Phuket បាននាំយកកូនសត្វជ្រូកទឹកដោយរថយន្តសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាល ប៉ុន្តែ វេជ្ជបណ្ឌិតអាចយកស្មៅចេញបានតែ ២០%តែប៉ុណ្ណោះ ដោយបារម្ភថា Yameel មិនអាចទ្រាំទ្របានជាមួយដំណើរការព្យាបាលនោះ។
ដុំស្មៅជាប់នៅក្នុងក្រពះរបស់កូនជ្រូកទឹកនេះ ព្រោះពោះវៀនរបស់វាមិនបានបំពេញនាទីបាន ដែលអាចបណ្តាលឲ្យងាយរងការឈឺចាប់ ហើយឧស្ម័នអាចភាយទៅដល់សួត អាចធ្វើឲ្យពិបាកដកដង្ហើម។នៅម៉ោង ៨:៣០នាទីយប់កូនសត្វជ្រូកទឹកមានអាការៈខ្សោយបេះដូង ហើយដាច់ខ្យល់នៅម៉ោង ៩:៣៥នាទី។
Yameel និងកូនជ្រូកទឹកមួយក្បាលទៀតឈ្មោះ Mariam ត្រូវបានរកឃើញនៅឆ្នេរ Bor Muang ក្នុងខេត្ត ក្រាប៊ី (Krabi) កាលពីថ្ងៃទី១ ខែកក្កដា និងត្រូវបានយកមកមើលថែនៅមជ្ឈមណ្ឌលជីវសាស្ត្រនៃសមុទ្រភូកេត។ កាលពីថ្ងៃទី៥ ខែកក្កដា ព្រះនាង Sirivannavari Nariratana បានប្រទានឈ្មោះដល់កូនសត្វនោះថា Yameel និងស្ថិតក្រោមការឧបត្ថម្ភរបស់ទ្រង់។ Mariam បានងាប់កាលពីចុងសប្ដាហ៍មុន ដោយសារស៊ីប្លាស្ទិកចូលក្នុងពោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com