ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលនឹងចំណាយថវិកា១៧០លានដុល្លារ ដោះស្រាយបញ្ហាទឹកកខ្វក់ និងជំនន់នៅខេត្តព្រះសីហនុ លោក ស៊ុន ចាន់ថុល រដ្ឋមន្តី្រក្រសួងសាធារណៈការ និងដឹកជញ្ជូន(រូបផ្តល់ដោយ លោក Chang Sopeara)
× ភ្នំពេញ៖ កម្ពុជាត្រៀមបញ្ចេញថវិកាប្រហែល១៧០លានដុលា្លរ ដើម្បីសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់ និងទឹកភ្លៀងនៅខេត្តព្រះសីហនុ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល បាននិយាយថា ការសាងសង់ប្រព័ន្ធរំដោះទឹកនេះ ដើម្បីកុំឱ្យប្រពលរដ្ឋ និងម្ចាស់អាជីវកម្មនានា បង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រដោយផ្ទាល់ ជាពិសេសរំដោះទឹកភ្លៀងពេលមានជំនន់។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសិក្ខាសាលាស្តីពី«លទ្ធផលនៃការរៀបចំផែនការមេ និងការសិក្សាលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ នៅក្រុងព្រះសីហនុ» នាព្រឹកថ្ងៃទី២៣ សីហា នៅសណ្ឋាគារសុខាភ្នំពេញ រដ្ឋមន្ត្រីសាធារណការរូបនេះ បានបញ្ជាក់ដូច្នេះថា៖« ការសាងសង់ប្រព័ន្ធលូទាំងនេះ បូកសរុបប្រហែល១៧០លានដុល្លារ ដើម្បីដោះស្រាយប្រព័ន្ធទឹកស្អុយដំណាក់កាលទីមួយ និងប្រព័ន្ធរំដោះទឹកភ្លៀង ដំណាក់កាលទីមួយ។ ក្រោយមកទៀត ប្រសិនបើមានប្រជាពលរដ្ឋរស់នៅថែមទៀត មានសណ្ឋាគារច្រើនថែមទៀត យើងអាចពង្រីកអាងចម្រុះទឹកកខ្វក់របស់យើងបានរហូត១៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ នៅលើទំហំដី១៦ហិកតា»។
ទំហំថវិកានេះ ត្រូវបានបែកចែកលើការចំណាយផ្សេងៗពីគ្នា ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់ និងទឹកភ្លៀងនៅខេត្តព្រះសីហនុនេះ។ ក្នុងនោះរួមមាន សង់ប្រព័ន្ធចម្រុះទឹកកខ្វក់៤ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ក្នុងទំហំទឹកប្រាក់៥០-៦០លានដុល្លារ។ ប្រព័ន្ធលូប្រវែង៤៥គីឡូម៉ែត្រ តម្លៃ៤០លានដុល្លារ។ ប្រព័ន្ធលូបែងចែក(លូតូច)ប្រវែង៤៧គីឡូម៉ែត្រ សម្រាប់តភា្ជប់ពីលូមេទៅតាមផ្ទះប្រជាពលរដ្ឋ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជាដើម មានតម្លៃ៨លានដុល្លារ និងសាងសង់កន្លែងស្ថានីយបូមទឹកកខ្វក់មួយកន្លែងទៀត មានតម្លៃ១៥លានដុល្លារ។ រីឯប្រព័ន្ធរំដោះទឹកភ្លៀងវិញ គឺត្រូវសាងសង់លូប្រវែង២០គីឡូម៉ែត្រ ដោយត្រូវការថវិកាប្រហែល២៥លានដុល្លារ។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ។
បើតាមលោក ស៊ុន ចាន់ថុល គម្រោងសាងសង់ប្រព័ន្ធទឹកកខ្វក់ និងទឹកភ្លៀងនេះ មិនទាន់កំណត់ពេលវេលាសាងសង់នៅឡើយទេ ព្រោះត្រូវដាក់ធាតុផ្សំមួយចំនួនទៀត ដើម្បីសិក្សាផែនការមេជាចុងក្រោយ មុនរាយការណ៍ និងដាក់ជូនគណៈកម្មការគ្រប់គ្រងឆ្នេរ និងក្រសួងសេដ្ឋកិច្ច។
«យើងត្រូវធ្វើយ៉ាងជំរុញឱ្យបានលឿន បើមិនដូច្នេះទេ យើងមិនអាចគ្រប់គ្រងការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្របានទៀតទេ។ សព្វថ្ងៃយើងគ្រប់គ្រងទឹកកខ្វក់បានចំនួន៣ម៉ឺនម៉ែត្រក្នុងមួយថ្ងៃ ប៉ុន្តែបើប្រើប្រាស់លើសនេះ ខ្ញុំមិនអាចគ្រប់គ្រងបានទេ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ ដែលបានបន្ថែមថា ក្រៅពីសិក្សានៅខេត្តព្រះសីហនុ ក្រសួងក៏បានសិក្សាទៅលើខេត្តចំនួន៥ទៀត រួមមាន ខេត្តកោះកុង កែប កំពត កំពង់ចាម និងបាត់ដំបង។ រីឯខេត្តកំពង់ស្ពឺ ក្រសួងបានសិក្សារួចហើយ៕
Tag:
ស៊ុន ចាន់ថុល
ទឹកកខ្វក់
ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com