ទោះលែងជាប់ចោទ អាឡិច នៅតែមិនអាចមកខ្មែរ ព្រោះស្ថិតក្នុង «បញ្ជីខ្មៅ»
ជាតិ
សង្គមជាតិ
ទោះលែងជាប់ចោទ អាឡិច នៅតែមិនអាចមកខ្មែរ ព្រោះស្ថិតក្នុង «បញ្ជីខ្មៅ»
23, Aug 2019 , 11:20 pm        
រូបភាព
លោក អាឡិច ពេលត្រូវបានបណ្តេញចេញពីកម្ពុជា កាលពីឆ្នាំ២០១៥ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
លោក អាឡិច ពេលត្រូវបានបណ្តេញចេញពីកម្ពុជា កាលពីឆ្នាំ២០១៥ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
តុលាការខេត្តកោះកុង សម្រេចទម្លាក់បទចោទចេញពីសកម្មជនបរិស្ថានជាជនជាតិអេស្ប៉ាញ លោក អាឡិច (Alejandro Gonzalez Davidson) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែលោក នៅតែមិនអាចត្រឡប់មកកម្ពុជា ដោយលោក អះអាងថា លោក នៅជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលកម្ពុជា។



ក្រោយមួយថ្ងៃនៃការសម្រេចរបស់តុលាការ លោក អាឡិច បានសរសេរលើគណនីហ្វេសប៊ុកដូច្នេះថា៖«ខ្ញុំនៅតែមិនអាចវិលត្រឡប់មកកាន់កម្ពុជាវិញ ដរាបណាសម្តេច ស ខេង មិនលុបឈ្មោះខ្ញុំចេញពីបញ្ជីខ្មៅ»។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បកស្រាយថា ជនបរទេសណា ដែលត្រូវបានរដ្ឋមន្រ្តីមហាផ្ទៃ បណ្តេញចេញ និង កត់ឈ្មោះចូលក្នុងបញ្ជីខ្មៅហើយ នឹងមិនអាចចូលមកកម្ពុជាវិញបានឡើយ ហើយកម្ពុជា ក៏គ្មានច្បាប់ លុបឈ្មោះជនបរទេសនោះ ចេញពីបញ្ជីខ្មៅវិញដែរ។ តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ដូច្នេះថា៖«តែចូលក្នុងបញ្ជីខ្មៅហើយ អត់មានអីជាចំណុចសវិញបានទេ....។ សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ថាមិនឲ្យចូលបានហើយ គឺលែងបានចូលហើយ បិទផ្លូវតវ៉ាហើយ អត់មានអីតវ៉ាបានទេ»។

យ៉ាងណា លោក អាឡិច បានចាត់ទុកការសម្រេចរបស់តុលាការខេត្តកោះកុង ថាជារឿងអស្ចារ្យនិងគួរឲ្យត្រេកអរ។ លោក បន្តថា ការចោទប្រកាន់លើក្រុមរបស់លោក គឺគ្មានមូលដ្ឋានច្បាស់លាក់ឡើយ។

លោក សំ ចំរើន មេធាវីរបស់លោក អាឡិច បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថាតុលាការសម្រេចទម្លាក់ការចោទប្រកាន់ តែមិនបានអានសំអាងហេតុទេ ដោយសារអវត្តមានរបស់លោក អាឡិច។

លោក បន្ថែមថា លោក បានដាក់ពាក្យស្នើសុំសេចក្ដីប្រកាសសាលក្រមហើយ ដើម្បីដឹងពីមូលហេតុទាំងមូល។ អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានប្រាប់សារព័ត៌មានថ្មីៗ បែបនេះថា៖«តុលាការខេត្តបានប្រកាសតែសេចក្ដីសម្រេចប៉ុណ្ណោះ ហើយសំអាងហេតុមិនបានប្រកាសនោះទេ ខ្ញុំក៏មិនបានដឹងពីសំអាងហេតុដែរ»។

សូមបញ្ជាក់ថា លោក អាឡិច ដែលជាស្ថាបនិកនៃអង្គការចលនាមាតាធម្មជាតិ ត្រូវបានតុលាការខេត្តកោះកុងចោទពីបទសមគំនិតក្នុងបទគំរាមកំហែងធ្វើឲ្យខូចខាតដោយភ្ជាប់នូវបញ្ជាអ្វីមួយ ដែលប្រព្រឹត្តនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥។ កាលពីខែកុម្ភៈ ឆ្នាំ២០១៥ សកម្មជនបរិស្ថានជនបរទេស ដែលការពារតំបន់អារ៉ែងរូបនេះ ត្រូវបានអាជ្ញាធរ បញ្ជូនចេញពីកម្ពុជា៕

Tag:
 អាឡិច
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com