ជាតិ
ពីនេះ ពីនោះ
«អគ្គិ», «អគ្គី» និង«អគ្និ» អាចប្រើក្នុងន័យថា«ភ្លើង» បានដូចគ្នា!
× នៅក្នុងវចនានុក្រមខ្មែរ ពាក្យ «អគ្គិ»,«អគ្គី» និង«អគ្និ» គឺសុទ្ធតែមានន័យថា ភ្លើង ដូចគ្នាទាំងអស់ និងត្រឹមត្រូវដូចគ្នា គ្រាន់តែពាក្យទាំងបីនេះ ពលរដ្ឋខ្មែរភាគច្រើនប្រើជាពាក្យ «អគ្គិ» ទៅ ហើយខ្លះ«អគ្គី» ទៅ ដោយឡែកពាក្យ«អគ្និ» ប្រហែលជាពលរដ្ឋខ្លះមិនធ្លាប់បានប្រើនោះទេ។
ពាក្យ អគ្គិសនី ក្លាយមកពីពាក្យ អគ្គី(ភ្លើង)បូកជាមួយពាក្យ អសនី(រន្ទះ)មានន័យថា ភ្លើងរន្ទះ ឬភ្លើងមេឃ, អគ្គិភ័យ(ភ័យអំពីភ្លើងដែលឆេះផ្ទះ) អគ្គិកីឡា ឬអគ្គីកីឡា ឬអគ្និក្រីឌា(ល្បែងភ្លើង ឬល្បែងភ្ញីភ្លើង ដែលមានកាំជ្រួច កាំជ្រួចរន្ទា ឬភ្ញីទៀនជាដើម),អគ្គិសន្តាប មានន័យថា កម្តៅភ្លើង ឬកម្សួលភ្លើង, អគ្គិសិខា មានន័យថា អណ្តាតភ្លើង,គោម ឬចង្កៀង។
សម្រាប់ពាក្យមួយចំនួនខ្លះ ដែលប្រើជាមួយនឹងពាក្យ អគ្និ មានដូចជា ពាក្យ អគ្និទិស (ទិសនៃអគ្នីទេព គឺទិសអាគ្នេយ៍),អគ្នីទេព(ទេវតាដែលមានឈ្មោះ អគ្និ), អគ្និប្រស្ត្រ (ថ្មដែកភ្លើង),អគ្និមណី(កែវកើតពន្លឺភ្លើង,កែវមណីជាតិរស),អគ្និវាណ(គ្រាប់កាំភ្លើងដែលបែកផ្ទុះចេញជាភ្លើង អាចហៅម្យ៉ាងទៀតថា គ្រាប់ផ្ទុះ ឬគ្រាប់បែក, អគ្និហោត្រ(ការសាចទឹកដោះថ្លាបូជាភ្លើង, វត្ថុដ៏ឧត្តមសម្រាប់បូជាភ្លើង)៕
© រក្សាសិទ្ធិដោយ thmeythmey.com