ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ស្នើឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​ឈប់​ប្រើប្រាស់​បា្ល​ស្ទិ​ក​សម្រាប់​វេច​ខ្ចប់​អាហារ​
24, Aug 2019 , 9:34 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ស្នើឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​ឈប់​ប្រើប្រាស់​ប្លា​ស្ទិ​ក យកទៅ​វេច​ខ្ចប់​ចំណីអាហារ ដើម្បី​ជួយ​បញ្ចៀស​ផលប៉ះពាល់​ដល់​បរិស្ថាន​។​

 
«​យើង​ត្រូវ​ជៀសវាង និង​កាត់បន្ថយ ហើយ​ឈាន​ឱ្យបាន​ទៅដល់​ការឈប់​ប្រើប្រាស់​ប្លា​ស្ទិ​ក នៅក្នុង​វិស័យ​ម្ហូបអាហារ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​ស្នើ​ដល់​ភោជនីយដ្ឋាន​តូច​-​ធំ​ទាំងអស់​នៅ​កម្ពុជា​ឱ្យ​ឈប់​ប្រើប្រាស់​ប្លា​ស្ទិ​ក ដោយ​ខិតខំ​ប្រើប្រាស់​ស្លឹក​ឈូក ស្លឹកចេក  ស្លឹក​កំប្លោក ផ្តៅ ឬ​ស្សី រពាក់ ជំនួស​ការ​វេច​ខ្ចប់​ដោយ​ប្លា​ស្ទិ​ក​និង​ស្នោ​វិញ​។ 
 
​បើតាម លោក ថោង ខុន បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន បាន​ផលិត និង​រៀបចំ កញ្ចប់​សម្រាប់​វេច​ខ្ចប់​អាហារ ដែលមាន​ចាន និង​ប្រអប់ កែច្នៃ​ពី​កាក​អំពៅ​ដែល​ជួយ​ដល់​បរិស្ថាន​។ ក្នុងន័យនេះ  លោក ថោង ខុន បាន​បញ្ជាក់ថា នៅពេល​អ្នក​បរិភោគ​អាហារ​រួច ហើយ​បោះចោល​ចាន ឬ​ប្រអប់​ដែល​ផលិត​ពី​កាក​អំពៅ​ទាំងនោះ វា​នឹង​រលាយ​នៅក្នុង​ដី​ក្នុង​រយៈពេល​ដ៏​ខ្លី ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ទេ ដែល​ខុសពី​ការប្រើប្រាស់​ប្រអប់​ស្នោ ចាន ស្លាបព្រា​ជ័រ ថង់​-​ដប​បា្ល​ស្ទិ​ក ផលិត​ពីសារ​ធាតុគីមី​ដែល​ម្ចាស់​ភោជនីយដ្ឋាន និង​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់​វេច​ខ្ចប់​សព្វថ្ងៃនេះ​។ 
 
​សូម​ស្ដាប់​សំឡេង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖ 

 
 
«​យើង​កុំ​ប្រើ​ចាន​(​បា្ល​ស្ទិ​ក ស្នោ​)​ច្រើន​។ យើង​ប្រើ​ជា​ត្រក ក​ញ្ឆែ​ង ដែល​ធ្វើ​ផ្តៅ រពាក់ ឬ​ស្សី កែវ វិញ ដោយ កុំ​ប្រើ​ស្អី​ជា​ប្លា​ស្ទិ​ក​»​។ នេះ​ជាការ​ណែនាំ​របស់លោក ថោង ខុន ទៅកាន់​ចំពោះ​អ្នក​ដែល​ស្ថិតនៅក្នុង​វិស័យ​ម្ហូបអាហារ​ទាំងអស់ នៅក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្ដីពី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២១​សីហា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​
 
​លោក នេត្រ ភ​ក្រា្ត អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey កាលពី​ខែកក្កដា ឆ្នាំ​២០១៩ ថា ក្នុង​មួយថ្ងៃ កម្ពុ​ជាមាន​សំរាម​៤​លាន​តោន ក្នុងនោះ​មាន​សំរាម​ប្លា​ស្ទិ​ក​ប្រមាណ​៤០​ភាគរយ​។ លោក បញ្ជាក់ថា សំរាម​ប្លា​ស្ទិ​ក​៤០​ភាគរយ​នោះ  មាន​២០​ភាគរយ ត្រូវគេ​យកទៅ​ច្នៃ​ប្រើប្រាស់​ឡើងវិញ និង​២០​ភាគរយ​ទៀត​ត្រូវបាន​ពលរដ្ឋ​យកទៅ​បោះចោល​នៅ​ទីសាធារណៈ​។​
 
​បើតាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ  រាជធានី​ភ្នំពេញ​មាន​សំរាម​ច្រើនជាងគេ រហូត​ទៅដល់​៣​ពាន់​តោន (​ប្លា​ស្ទិ​ក​ប្រមាណ​១៧,៣​ភាគរយ​) ខេត្តសៀមរាប មាន​សំរាម​៣៨០​តោន (​ប្លា​ស្ទិ​កមាន​២០,៧​ភាគរយ​)  និង​ខេត្ត​ព្រះសីហនុ មាន​សំរាម​ប្រមាណ​៧០០​តោន (​ប្លា​ស្ទិ​កមាន​៣៤​ភាគរយ​) ដែល​ប្រើប្រាស់​នៅក្នុង​មួយថ្ងៃ​។ 
 
​ដោយឡែក កាលពី​ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ប្រមាណ​១០​លាន​ថង់​ក្នុង​មួយថ្ងៃ​។ នេះ​ជាការ​លើកឡើង​របស់ លោក ង៉ែត បុល អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង​នៃ​ក្រសួងបរិស្ថាន ដែល​បទ​បង្ហាញ​ស្តីពី​ការគ្រប់គ្រង​កាកសំណល់​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​មួយក្រុម​ដែលជា​គ្រូ​បង្គោល​ក្នុង​ក្របខ័ណ្ឌ​គម្រោង​ទីភ្នាក់ងារ​អភិវឌ្ឍ​ព័ត៌មាន​បារាំង CFI​។ 
 
​របាយការណ៍​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​នៃ​អង្គការសហប្រជាជាតិ UNDP ធ្លាប់បាន​បង្ហាញថា ថង់​ប្លា​ស្ទិ​កមួយ​ត្រូវការ​ពេល​ត្រឹមតែ​៥​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ផលិត​។ ប៉ុន្តែ​ថង់​ប្លា​ស្ទិ​ក​ដែល​គេ​បោះចោល​នោះ បំពុលបរិស្ថាន និង​មហាសមុទ្រ​រយៈពេល​៥០០​ឆ្នាំ​។ ថង់​ប្លា​ស្ទិ​ក មាន​សារ​ធាតុគីមី​ពុល មាន​អាយុកាល​វែង មិន​ងាយ​រលាយ​។ ចំណែក​លទ្ធភាព​នៃ​ការកែច្នៃ​ឡើងវិញ​បានត្រឹមតែ​៣​ភាគរយ​ប៉ុណ្ណោះ​៕
 
 
 
 
 
 
 
 
 
 

Tag:
 ទេសចរណ៍​
  អាហារ​
  បា្ល​ស្ទិ​ក​
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com