កីឡាជាតិ
ជាតិ
តើ​បឹងកេត​អាច​បង្អាក់ដំណើរ និង​ធ្វើ​ឲ្យ​ស្វាយរៀង​ស្គាល់​បរាជ័យ​លើកដំបូង​បានទេ​នៅថ្ងៃនេះ​?
24, Aug 2019 , 12:59 pm        
រូបភាព
ដោយ:
 
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​២១ ដោយនៅ​សៅរ៍​ទី​២៤ ខែសីហា​នេះ មានការ​ប្រកួត​ចំនួន​៤​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ការ​ប៉ះគ្នា​រវាង​បឹងកេត​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល និង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង​និង​ជក់ចិត្ត​បំផុត​។ បន្ថែម​លើ​នេះ ក៏មាន​ការប្រកួត​៣​គូ​ទៀត​ផងដែរ​។

 
​ការ​ប៉ះគ្នា​នៅថ្ងៃនេះ វា​ជា​ឱកាស​សម្រាប់​ក្រុម​បឹងកេត​ក្នុងការ​បង្អាក់ដំណើរ​ទៅមុខ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​កំពុង​គ្រង​កំពូល​តារាង​ជាមួយ​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​។ បើ​បឹងកេត​អាច​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ម្ចាស់ផ្ទះ​យកឈ្នះ​នៅថ្ងៃនេះ បឹងកេត​នឹង​ក្លាយជា​ក្រុមទី​១ ដែល​ធ្វើ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ស្គាល់​បរាជ័យ​ជា​លើកដំបូង​។ លើសពីនេះ វា​ជួយ​បង្កើន​ឱកាស​សម្រាប់​ពួកគេ​ក្នុង​ការបន្ត​ប្រជែង​ដណ្តើម​ជើងឯក​នៅ​រដូវ​កាល​នេះ​។ 
 
​ចំណែក​ព្រះខ័ន​រាជ​ស្វាយរៀង ក៏​មិន​ខុសពី​បឹងកេត​ដែរ គឺ​ពួកគេ​ត្រូវការ​ឈ្នះ​នៅថ្ងៃនេះ ដើម្បី​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​និង​រក្សា​គម្លាត​ឲ្យ​កាន់តែ​ឆ្ងាយ​ពី​គូប្រជែង​ក្នុង​ការឈាន​ទៅលើ​កពាន​នៅ​រដូវ​កាល​នេះ​។ ដូច្នេះ​ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េង​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ នឹង​ក្លាយជា​ប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​។ នា​ការប្រកួត​ជើង​ទី​១​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២​។ បច្ចុប្បន្ន​បឹងកេត​ស្ថិតនៅ​លេខ​រៀង​ទី​៤​មាន​៤១​ពិន្ទុ ខណៈ​ស្វាយរៀង​ស្ថិតនៅ​កំពូល​តារាង​មាន​៥២​ពិន្ទុ​។ 
 
​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះដែរ ក្រុម​ឈរ​បាត​តារាង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ត្រូវ​បើកទ្វារ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​ស្វាគមន៍​វិសាខា​។ ជ័យជម្នះ​ជា​រឿង​ចាំបាច់​សម្រាប់​វិសាខា ព្រោះ​ពួកគេ​ត្រូវការ​ឈ្នះ​នៅថ្ងៃនេះ ដើម្បី​ឡើងទៅ​ឈរ​លេខ​២​បណ្តោះអាសន្ន ក៏​ដូច​បង្កើន​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​។ បច្ចុប្បន្ន​ក្រុម​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ​មួយ​នេះ ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៤៤​ពិន្ទុ ដែលមាន​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​។ កាល​ជើង​ទី​១​វិសាខា​យកឈ្នះ U18 បាទី​ក្នុង​លទ្ធផល ៥-១​។ 
 
​នៅ​ម៉ោង​៦​ល្ងាច ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវ​បើកទ្វារ​កីឡដ្ឋាន R.S.N ស្វាគមន៍​សូល​ទី​ឡូ​អង្គរ ដើម្បី​ជម្រះបញ្ជី​ចាស់ ដែល​ពួកគេ​បាន​រង​បរាជ័យ ១-០ នៅលើ​ទឹកដី​ខេត្តសៀមរាប​។ ទោះបី​ភ្នំពេញ​ក្រោ​ន​អស់​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក តែ​ពួកគេ​ត្រូវការ​ឈ្នះ​នៅថ្ងៃនេះ ដើម្បី​បង្កើន​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​រង​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​រៀង​ទី​៧​មាន​៣២​ពិន្ទុ ខណៈ​សូល​ទី​ឡូ​អង្គរ​ឈរ​លេខ​រៀង​ទី​៩​មាន​២៣​ពិន្ទុ​។ 
 
​នៅ​ម៉ោង​៦​ល្ងាច​នេះដែរ ក្រុម​ក្រសួងការពារជាតិ​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​សងសឹក​គីរីវង់​សុខ​សែន ដែល​ពួកគេ​បាន​ចាញ់ ៤-១ នៅ​ជើង​ទី​១​។ ក្រៅពី​ដើម្បី​ជម្រះបញ្ជី​ចាស់ ជ័យជម្នះ​ជា​រឿង​ចាំបាច់​សម្រាប់​ក្រសួងការពារជាតិ ព្រោះ​បើ​ពួកគេ​ចាញ់​នៅថ្ងៃនេះ នោះ​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​របស់​ពួកគេ អាច​នឹង​បាត់បង់​។ បច្ចុប្បន្ន​ក្រសួងការពារជាតិ​ស្ថិតនៅ​លេខ​រៀង​ទី​៦​មាន​៣៥​ពិន្ទុ​៕ 
 
 
  
 
 

Tag:
 ព្រះខ័ន​រាជ​ស្វាយរៀង​
  បឹងកេត​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com