អាជ្ញាធរ​ដាំ​កូនឈើ​២៥០០០​ដើម​ស្ដារ​គម្រប​ព្រៃឈើ​លើ​ភ្នំ​គូលែន​
ជាតិ
សង្គមជាតិ
អាជ្ញាធរ​ដាំ​កូនឈើ​២៥០០០​ដើម​ស្ដារ​គម្រប​ព្រៃឈើ​លើ​ភ្នំ​គូលែន​
24, Aug 2019 , 1:54 pm        
រូបភាព
​សៀមរាប​៖ កូនឈើ​ប្រមាណ​២៥,០០០​ដើម ត្រូវបាន​អាជ្ញាធរ​ធ្វើ​ការដាំ​នៅលើ​ភ្នំ​គូលែន ក្នុង​យុទ្ធនា​ការស្ដារ​គម្រប​ព្រៃឈើ​ដែល​បាត់បង់​ក្នុង​ឧទ្យាន​ជាតិ​មួយ​នេះ​។ មន្ត្រី​ក្រសួងបរិស្ថាន​បានឱ្យដឹងថា យុទ្ធនាការ​នេះ​បន្តធ្វើ​រហូត​ទាល់តែ​អាច​ស្ដារ​ព្រៃឈើ​នៅទីនេះ​បាន​ឡើងវិញ ពិសេស​រិត​បន្ដឹង​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​និង​ការកាន់កាប់​ដី​ខុសច្បាប់​ពី​ជនខិលខូច​។​

​យុទ្ធនា​ការស្ដារ​គម្រប​ព្រៃឈើ​លើ​ភ្នំ​គូលែន ត្រូវបាន​រៀបចំ​ធ្វើជា​បន្តបន្ទាប់ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​បរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​មូលហេតុ​។ ពិធី​ដាំ​កូនឈើ​ប្រមាណ​២៥,០០០​ដើម ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២៣ សីហា ក្នុងភូមិ​សាស្ដ្រ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ នៅ​លើដី​ទំនេរ​ដែល​ត្រូវបាន​កាប់​ទន្ទ្រានព្រៃ​កន្លងមក​។ 
 
 
​មាន​វត្តមាន​ក្នុង​ពិធី​នោះ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បានចាត់ទុក​ការដាំ​កូនឈើ​នៅពេលនោះ​ថា ជា​កិច្ច​ការសំខាន់ ពិសេស​មានការ​ចូលរួម​និង​ការ​ភ្ញាក់រ​ឮ​ក​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។ លោក​បន្តថា សកម្មភាព​នេះ​ឆ្លុះបញ្ចាំង​ពី​ការយល់ដឹង​ពី​តម្លៃ​របស់​ព្រៃឈើ បរិស្ថាន និង​ដឹង​ពី​អត្ថប្រយោជន៍​ទៅ​អនាគត​។ ជាមួយគ្នានេះ លោក​អភិបាលរង​ខេត្ត ស្នើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​លើ​ភ្នំ​គូលែន​ទាំងអស់ បន្ត​ចូលរួម​ដាំ​កូនឈើ និង​ថែរក្សា​ព្រៃឈើ​ទាំងអស់​លើ​ភ្នំ​នេះ ដ្បិតថា ភ្នំ​គូលែន​ជា​ឧទ្យាន​ជាតិ​មួយ​ល្បីល្បាញ​របស់​កម្ពុជា ហើយ​ពួកគេ​នឹង​ទទួលបាន​ប្រយោជន៍​ច្រើន​ពី​វិស័យ​ទេសចរណ៍​នៅទីនេះ​។​
 
 
​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់​ដែល​ចូលរួម​ដាំ​កូនឈើ​នៅពេលនោះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក សៅ សុភាព បាន​រំលឹក​ពី​ប្រវត្តិ​នៃ​ការបង្កើត​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​ន​រោ​ត្ដម ភ្នំ​គូលែន​នេះ ដែល​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩៩៣​។ លោក​រដ្ឋលេខាធិការ​ទទួល​ស្គាល់​ថា រយៈពេល​ជាង​២៦​មកនេះ មាន​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃឈើ ឬ​បទល្មើស​ព្រៃឈើ​នៅទីនេះ​មាន​សភាព​ខ្លាំងក្លា ហើយ​កន្លងមក​អាជ្ញាធរ​ប្រើ​ឥរិយាបថ​ទន់ភ្លន់ អប់រំ​ជាជាង​ប្រើ​ផ្លូវច្បាប់​។ លោក សៅ សុភាព បញ្ជាក់ថា ក្រសួងបរិស្ថាន​បាន​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​រួ​ហើយ ដោយ​ក្នុងនោះ​នឹងធ្វើ​ការ​រិត​បន្ដឹង​ផ្នែក​ច្បាប់ ដោយ​មិន​ត្រូវឱ្យ​ករណី​បែប​នោះ​ទៀត​ទេ​។​
 
 
​ជាមួយគ្នា​នោះ លោក សៅ សុភាព លើកឡើងថា ការស្ដារ​គម្រប​ព្រៃឈើ​លើ​ភ្នំ​គូលែន ជា​រឿង​សំខាន់​ណាស់ ដ្បិតថា ភ្នំ​គូលែន​ជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ប្រព័ន្ធ​ទឹក​ក្នុង​ខេត្តសៀមរាប​ទាំងមូល​។ ដូច្នេះ បើ​គ្មាន​គម្រប​ព្រៃឈើ​ពេញលេញ​ទេ នោះ​ក៏​គ្មានអ្វី​សម្រាប់​ទាក់ទាញ​ភ្លៀង​ដែរ​៕
 




Tag:
 ដាំ​កូនឈើ​
  ភ្នំ​គូលែន​
  សៅ សុភាព​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com